នយោបាយ
ប្រធានរដ្ឋសភាអរគុណឥណ្ឌាចំពោះការគាំទ្រប្រជាធិបតេយ្យនៅកម្ពុជា
ប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌាដែលតែងតែគាំទ្រដល់ដំណើរការរបស់កម្ពុជាចាប់តាំងពីការដួលរលំទៅនៃរបបខ្មែរក្រហម ក៏ដូចជាគាំទ្រដល់លិទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាផងដែរ។

សម្ដេចប្រធានរដ្ឋសភាបានលើកឡើងក្នុងជំនួបជាមួយអគ្គរដ្ឋទូតថ្មីឥណ្ឌាប្រចាំកម្ពុជាលោក Vanlalvawna Bawitlung នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ជាទំនាក់ទំនងប្រវត្តិសាស្ត្របង្កើតការទុកចិត្តលើគ្នាទៅវិញទៅមកចាប់តាំងពីសម័យព្រះបរមរតនកោដ្ឋមកម្លេះ។ សម្ដេចសភាធិការធិបតី ឃួន សុដារី បានកត់សម្គាល់ថាឥណ្ឌាតែងតែគាំទ្រដល់ដំណើរប្រជាធិបតេយ្យនៅកម្ពុជាជារៀងរហូតមក។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្នុងជំនួបនោះសម្ដេចប្រធានរដ្ឋសភាបានលើកឡើងពីការគាំទ្ររបស់ឥណ្ឌាចំពោះកម្ពុជាបន្ទាប់ពីការដួលរលំទៅនៃរបបខ្មែរក្រហម ដែលប្រទេសនេះមិនត្រឹមតែគាំទ្រឱ្យសាធារណរដ្ឋប្រជាមានិតកម្ពុជាទទួលបានអាសនៈនៅអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ឥណ្ឌាក៏បានចូលរួមដល់ការស្ដារនូវសន្ដិភាព ព្រមទាំងគាំទ្ររាល់ការបោះឆ្នោតនៅកម្ពុជាទៀតផង។

លោកថា៖ «វិស័យសំខាន់មួយដែលឥណ្ឌាបានចូលរួមនោះគឺការជួយគាំទ្រដល់លិទ្ធិប្រជាធិបតេយ្យកម្ពុជាតាមរយៈការបញ្ជូនអ្នកអង្កេតការបោះឆ្នោតមកជាប្រចាំហើយផ្ដល់នូវទឹកថ្នាំបញ្ជាក់ពីការចូលរួមបោះឆ្នោត និងដំណើរប្រជាធិបតេយ្យ ហើយការចូលរួមនេះបានបង្ហាញច្បាស់ថាឥណ្ឌាបានគិតគូរហើយគាំទ្រដល់លិទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានធ្វើឡើងជាប្រចាំ»។
ប្រទេសឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យមួយគត់ ដែលបានរួមជាមួយប្រទេសសង្គមនិយម២៨ប្រទេសផ្សេងទៀត បោះឆ្នោតគាំទ្រទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងសន្និបាតអង្គការសហប្រជាជាតិខែមករា ឆ្នាំ១៩៨០។ មិត្តភាពនេះត្រូវបានសម្ដេចប្រធានសភាយល់ថាជាមិត្តជ្រោមជ្រែងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ឯកអគ្គរដ្ឋទូតឥណ្ឌាលោក Vanlalvawna Bawitlung បានលើកឡើងថាប្រវត្តិសាស្ត្របានផ្សាភ្ជាប់ប្រទេសឥណ្ឌា និងកម្ពុជា ឱ្យមានទំនាក់ទំនងកាន់តែរឹងមាំ ទុកចិត្ត និងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក។ លោកបន្ថែមថាបច្ចុប្បន្នឥណ្ឌាបានភ្ជាប់ជើងហោះហើយផ្ទាល់ពីទីក្រុងញ៉ូវដេលីមកភ្នំពេញ ហើយនៅពេលខាងមុខនឹងមានការភ្ជាប់ជើងហោះហើរពីទីក្រុងដាកូតាមកកាន់ខេត្តសៀមរាបកម្ពុជាផងដែរ ដែលនឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងប្រជាជន។
លោកបានវាយតម្លៃខ្ពស់ចំពោះពលីកម្មបម្រើប្រទេសជាតិរបស់សម្តេចប្រធានរដ្ឋសភា ដែលមានតំាងពីដើមរហូតមកដល់សព្វថ្ងៃនេះ ជាមួយគ្នានោះលោកក៏បានអះអាងពីកិច្ចខិតខំនៅក្នុងការពង្រឹងទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ តាមរយៈការធ្វើការជាមួយក្រុមមិត្តភាពសភាកម្ពុជា-ឥណ្ឌា ក៏ដូចជា ជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ក្នុងជំនួបនោះអគ្គរដ្ឋទូតឥណ្ឌាបានប្រកាសពីការផ្តល់ការគំាទ្រដល់ការកសាងសមត្ថភាពនិងបណ្តុះបណ្តាលជំនាញជូនមន្រ្តីអគ្គលេខាធិការដ្ឋានសភានិងការជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ជាមួយនឹងការបេ្តជ្ញាចិត្តនៅក្នុងការជំរុញវិស័យវិយោគ ទេសចរណ៍ ពាណិជ្ជកម្ម និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាជាបន្តទៀតផងដែរ។
គួរឱ្យដឹងដែរថា ចំណងទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥២មកម្លេះ ប៉ុន្ដែត្រូវបានកាត់ផ្ដាច់វិញពេលកម្ពុជាជួបសង្គ្រាម។ ក្រោយរបបខ្មែរក្រហមប្រទេសឥណ្ឌាជាប្រទេសដំបូងបំផុតដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល