Connect with us

ព័ត៌មានជាតិ

តើ​មាន​សមិទ្ធផល​សំខាន់ៗ​អ្វីខ្លះ បាន​កើតឡើង​ក្នុង​រយៈពេល​៥៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម ?

បានផុស

នៅ

មាន​ប្រសា​ស​ន៍​នៅក្នុង​បទសម្ភាសន៍ ស្តីពី​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ក្នុងឱកាស​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) និង​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម ២០២២ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ​កម្ពុជា​បាន​លើកឡើងថា ក្នុង​រយៈពេល​៥៥ ឆ្នាំ នៃ​ទំនាក់ទំនង​កា​ទូត មាន​សមិទ្ធផល​លេចធ្លោ​ច្រើនណាស់ បានកើត​ឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុង​រយៈពេល​នេះ វិស័យ​សេដ្ឋកិច្ច ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានការ​កើនឡើង​គួរ​ឱ្យកត់សំគាល់​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្នាំ​១៩៩៥ មាន​ត្រឹមតែ ៨៥ លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ​។ ក្នុង​ឆ្នាំ​២០១៩ យើង​សម្រេច​បាន​តាម​គោលដៅ ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​ក្នុង​ទំហំ​ប្រមាណ​៥,២ ប៊ី​លាន​ដុល្លារ​អាមេរិក​។ ក្នុង​គ្រា​ដែល​ពិភពលោក​ជួបប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្កដោយ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​២០២០ យើង​សម្រេចបាន​ជាង​៥,៣ ប៊ី​លាន​ដុល្លារ​អាម៉េរិក ហើយ​បាន​បន្ត​កើនឡើង​ជាង​៩,៥ ប៊ី​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០២១​។

ដោយឡែក​ត្រឹម​រយៈពេល​៥​ខែ ឆ្នាំ​២០២២​នេះ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​ប្រទេស​ទាំងពីរ សម្រេចបាន​ប្រមាណ​៥,៤៥ ប៊ី​លាន​ដុល្លារ​អាម៉េរិក​។ ដោយឡែក វិនិយោគ​ផ្ទាល់ (FDI) ពី​ប្រទេស​វៀតណាម មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ចុងឆ្នាំ​២០២១ ទុនវិនិយោគ​ផ្ទាល់​បរទេស​របស់​វៀត​ណា​ម នៅ​កម្ពុជា​ឈរ​លំដាប់​ទី​៤ ក្នុង​ទឹកប្រាក់​សរុប​ប្រមាណ​២,៥ ប៊ី​លាន​ដុល្លារ​អាមេរិក​។

វិស័យ​អប់រំ ប្រទេស​ទាំងពីរ​បានធ្វើ​ការផ្លាស់ប្តូរ​និស្សិត​អាហារូបករណ៍​ទៅវិញទៅមក​ជា​ទៀងទាត់ ចាប់តាំងពី​ឆ្នាំ​១៩៨១ ដោយ​ក្នុង​មួយ​ឆ្នាំ​វៀតណាម​បានផ្តល់​ឱ្យ​យើង ១២០​កន្លែង ហើយ​យើង​ក៏បានផ្តល់​ជូន​វៀតណាម​វិញ​៣៥ កន្លែង​។ កម្ពុជា​បាន​បញ្ជូន​និស្សិត​អាហារូបករណ៍ ទៅ​សិក្សា​នៅ​វៀតណាម ចាប់ពី​ថ្នាក់​មធ្យម​សិក្សា​បច្ចេកទេស ដល់​ថ្នាក់បណ្ឌិត ចំនួន ៣.៩៦៧ នាក់ ក្នុង​ចន្លោះ​ឆ្នាំ ១៩៨១-២០២១ ហើយ​និស្សិត និង​មន្ត្រី​វៀតណាម​ចំនួន​៤៧៧​នាក់ បានមក​សិក្សា​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ ២០០០-២០២១​។

វិស័យ​សន្តិសុខ និង​ការពារ​ជាតិ កងកម្លាំង​នៃ​ប្រទេស​ពីរ ទាំង​ប៉ូលីស និង​យោធា បាននិងកំពុង​បន្ត​សហការគ្នា​ចាត់វិធានការ​យ៉ាង​ម៉ឺង​មាត់ និង​ដោយ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​នៃ​បទល្មើស​គ្រប់​ប្រភេទ​នៅតាម​បណ្តោយ​ព្រំដែន ដូចជា ភេរវកម្ម ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការរត់ពន្ធ​ទំនិញ ការកាប់​ព្រៃឈើ​ខុសច្បាប់ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​ជាដើម​។

ចំណែក​កិច្ចការ​ព្រំដែន កម្ពុជា​បាននិងកំពុង​កសាង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឱ្យក្លាយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិ​ឌ្ឍ ជា​ចក្ខុវិស័យ និង​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយ​ពាក់ព័ន្ធ​នឹង​ការងារ​ខណ្ឌ​សីមា និង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម សម្រេចបាន​នូវ​វឌ្ឍនភាព​ការងារ​ទៅដល់​៨៤ ភាគរយ ហើយ​កំពុងតែ​ខិតខំ​ចរចារ ដើម្បី​ជម្រុញ​ការងារ​នេះ​បញ្ចប់​ឱ្យបាន​ឆាប់​។ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការ​បើក​ច្រកព្រំដែន និង​ការគ្រប់គ្រង​ព្រំដែន កំពុង​បន្ត​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​។

បច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​ច្រកទ្វារព្រំដែន​ជាមួយ​វៀតណាម​សរុប​ចំនួន​៤៣ ក្នុងនោះ​មាន​ច្រកទ្វារ​កំពង់ផែ​សមុទ្រ​ចំនួន​៤ ច្រកទ្វារព្រំដែន​អន្តរជាតិ​ចំនួន​១៤ ច្រកទ្វារព្រំដែន​ទ្វេភាគី​ចំនួន​១៣ និង​ច្រកទ្វារ​តំបន់​ចំនួន​១២​។ ថ្មីៗ នេះ ក្នុង​ពិធី​សម្ភោ​ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X16 សម្តេច​តេ​ជោ​យក​រដ្ឋមន្ត្រី​បានប្រកាសថា ច្រកទ្វារ​អន្តរជាតិ​កម្ពុជា វៀតណាម​ថ្មី​មួយទៀត នឹង​ត្រូវបាន​បង្កើតឡើង​នៅ​តំបន់​នេះ​។

​ក្នុង​ឆ្នាំ​កន្លងទៅនេះ ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្ថិតក្នុង​ខេត្តព្រៃវែង ទល់នឹង​ច្រកព្រំដែន​អន្តរជាតិ​តឹ​ន​ណា​ម ខេត្ត​តៃនិញ ប្រទេស​វៀតណាម ត្រូវបាន​រដ្ឋាភិបាល​ទាំងពីរ​សម្រេច​ឱ្យ​ដំណើរការ​ក្នុង​កម្រិត​ថ្នាក់​ខេត្ត កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​សម្រួល​ដល់​ការឆ្លងកាត់​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ មុននឹង​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ ក្នុង​ពេលវេលា​សមស្រប​នាពេល​ឆាប់ៗ​ខាងមុខ​។

​ការបង្កើត​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា វៀតណាម “​ផ្សារ​ដា​” ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ត្រឹមតែ​ចូលរួមចំណែក​ដល់​កិច្ច​ជម្រុញ​ពាណិជ្ជកម្ម​ទ្វេភាគី​តាម​បណ្តោយ​ព្រំដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​ជម្រុញ​អនុវត្ត​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជា​ក្នុងការ​អភិវឌ្ឍ និង​ប្រែក្លាយ​តំបន់​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង ដើម្បី​លើក​កំពស់​ជីវភាព សុខមាលភាព និង​ភាពសុខសាន្ត​របស់​ប្រជាជន​រស់នៅ​តំបន់​ព្រំដែន​ផងដែរ។

វិស័យ​សុខាភិបាល នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រទេស​ទាំងពីរ​បាន​ជ្រោមជ្រែង និ​ថ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ទាំង​ផ្នែក​ហិរញ្ញវត្ថុ សម្ភារៈ វេជ្ជសាស្ត្រ និង​ស្មារតី​សាមគ្គីភាព បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​ជំងឺឆ្លង និង​ជំងឺ​ផ្សេងៗ តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍ ជាពិសេស​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​។

ក្រៅពី​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី យើង​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ ដូចជា​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) កិច្ចសហប្រតិបត្តិការ​ក្របខ័ណ្ឌ​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) ជាដើម៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម