ព័ត៌មានជាតិ
អេសស៊ីជី (SCG) រៀបចំសន្និសីទ ESG ឆ្នាំ 2022 ជំរុញក្របខ័ណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចនៅអាស៊ាន
ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ 2022 លើកដំបូងនៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្ព័ន្ធអង្គការនៅលើពិភពលោកនានា ដើម្បីសហការគ្នាលើការងារក្របខ័ណ្ឌESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដើម្បីពន្លឿនការស្វែងរកដំណោះស្រាយចំពោះវិបត្តិនានា ដែលកើតចេញពីការកើនឡើងនូវកម្ដៅផែនដី ផលវិបាកពីជំងឺកូវីដ-19 បញ្ហាអតិផរណា និងការកើនឡើងនូវតម្លៃថាមពលជាដើម។
ក្រោមមូលបទ “ការសម្រេចបាននូវក្របខណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច” សន្និសីទនេះ មានការពិភាក្សាអំពីបញ្ហាមួយចំនួនរួមមាន ការប្រែប្រួលអាកាសធាតុ សង្គមមានកាបូនទាប សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហការគ្នាដើម្បីជួយសង្គ្រោះពិភពលោកផងដែរ ។

នៅក្នុងសន្និសីទ ESG ឆ្នាំ 2022៖ “ការសម្រេចបាននូវ SCG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច” នោះ លោក Roongrote Rangsiyopash ប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន SCG បានពន្យល់ថា៖ “SCG បានរៀបចំសន្និសីទស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពអស់រយៈពេល ១១ ឆ្នាំមកហើយ ហើយនៅពេលនេះបានប្រែក្លាយទៅជាសន្និសីទស្ដីពី បរិស្ថាន សង្គម និងអភិបាលកិច្ចវិញ។ យើងកំពុងព្យាយាមពង្រីកកិច្ចសហការដោយអនុលោមតាមគោលការណ៍ណែនាំនៃក្របខ័ណ្ឌ ESG ព្រោះវាជាផ្លូវតែមួយគត់ ដើម្បីកាត់បន្ថយវិបត្តិជាបន្ទាប់ ដែលកំពុងកើតមានចំពោះយើងទាំងអស់គ្នា។ ពីមុនវេទិកានេះបានផ្តល់ជាទីកន្លែងសម្រាប់កិច្ចសហការជាសកល ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ និងដំណោះស្រាយវិបត្តិជាក់ស្តែង។ ជាក់ស្ដែង ភាពជោគជ័យរួមគ្នាមួយ គឺការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យនៅសល់សូន្យរវាងឧស្សាហកម្មស៊ីម៉ងត៍ និងបេតុងក្នុងប្រទេសថៃ ជាមួយនិងសមាគមស៊ីម៉ងត៍ និងបេតុងសកល (GCCA)”។
លោក Roongrote បានបន្ថែមទៀតថា “ទោះបីមានការយល់ដឹង និងសកម្មភាពកន្លងមកនៅតាមគេហដ្ឋាន សហគមន៍ ក្នុងមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការជាសាកលក៏ដោយ យើងនៅតែមិនអាចតាមទាន់នូវវិបត្តិពិភពលោកដែលបានកើនឡើងជាលំដាប់ និងកំពុងខិតមករកមនុស្សកាន់តែច្រើនឡើងនោះឡើយ។ វិបត្តិនោះរួមមាន អាកាសធាតុដែលមិនអាចទាយទុកជាមុនបាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ គ្រោះទឹកជំនន់ កង្វះធនធាន វិបត្តិស្បៀងអាហារ និងកង្វះថាមពលនៅទូទាំងពិភពលោក។ វិបត្តិទាំងអស់នេះ រឹតតែធ្ងន់ធ្ងរថែមទៀត ដោយសាររលកថ្មីនៃជំងឺកូវីដ-19 ជំងឺឆ្លងថ្មីៗដែលកំពុងកើតឡើង ក៏ដូចជាបញ្ហាអតិផរណា និងភាពក្រីក្រដែលធ្វើឲ្យវិសមភាពសង្គមកាន់តែមានគម្លាតខ្លាំងឡើង ។ នាពេលបច្ចុប្បន្ននេះ សីតុណ្ហភាពរបស់ផែនដីបានកើនឡើង 1.1 អង្សារសេបន្ថែមទៀត ហើយបើគ្មានការសហការគ្នាភ្លាមៗដើម្បីស្វែងរកដំណោះស្រាយ ហើយប្រសិនបើផែនដីឡើងកម្ដៅថែម 1.5 អង្សារ នោះមនុស្សជាតិ នឹងមិនអាចរស់នៅក្នុងស្ថានភាពដូចដែលយើងធ្លាប់រស់រានពីមុនមកឡើយ”។
អគ្គលេខាធិការអាស៊ាន ឯកឧត្តម Dato Lim Jock Hoi បានគូសបញ្ជាក់ពីយន្តការអាស៊ាន នៅក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់អាស៊ាន។ លោកថា “យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ប្រសិនបើអាជីវកម្មបន្តធម្មតា ដូចបច្ចុប្បន្ន ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់អាស៊ីអាគ្នេយ៍នឹងធ្វើឲ្យ GDP របស់អាស៊ានធ្លាក់ចុះ 11% នៅចុងសតវត្សរ៍នេះ ។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់សម្រាប់អាស៊ានក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីស្វែងរកតុល្យភាព ដែលយើងអាចទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនាពេលអនាគត ហើយធានាបាននូវការការពារសម្បត្តិធម្មជាតិរបស់យើង និងអាចបន្តផ្តល់ធនធានដែលមនុស្សត្រូវការ”។

បន្ថែមលើនេះ សន្និសីទ ESG ឆ្នាំ 2022 ក៏បានឆ្លុះបញ្ចាំងអំពីភាពភាពចាំបាច់នៃការកាត់បន្ថយវិសមភាពសង្គមផងដែរ ។ ក្នុងនោះ ស្ត្រី និងក្មេងជំនាន់ក្រោយ សុទ្ធតែមានតួនាទីរួមនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការដោះស្រាយវិបត្តិផ្សេងៗ ។ ដោយសារស្ត្រីមានតួនាទីសំខាន់ក្នុងការថែទាំ និងផ្គត់ផ្គង់ក្រុមគ្រួសារ ដូច្នេះហើយនេះគឺជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍ផង និងប្រទេសជាតិផង។
លោក Roongrote បានបន្ថែមថា “ការកាត់បន្ថយវិបត្តិ ជារឿងសំខាន់ទីមួយសម្រាប់មនុស្សគ្រប់រូប និងគ្រប់វិស័យ។ ទាំងអស់គ្នាត្រូវតែចាត់វិធានការឥឡូវនេះ ហើយសហការគ្នាដើម្បីបង្កើតឲ្យឃើញលទ្ធផលជាក់ស្តែង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា លទ្ធផលពី សន្និសីទ ESG ឆ្នាំ 2022 គឺអាចអនុវត្តបាន តាមការគ្រោងទុក។ SCG ប្តេជ្ញាជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ និងតាមដានមើលវឌ្ឍនភាព។ នេះដោយសារតែ ដើម្បីទទួលផ្លែផ្កា និងឃើញលទ្ធផលបាន លុះត្រាតែកិច្ចសហប្រតិបត្តិការឈានទៅមុខ ហើយផ្ដល់អត្ថប្រយោជន៍ដល់គ្រប់ផ្នែកនៃសង្វាក់តម្លៃ ។ ទាំងនេះ នឹងរួមចំណែកដល់ការកសាងសេដ្ឋកិច្ចបៃតង ស្របតាមគោលគំនិត BCG (សេដ្ឋកិច្ចជីវសាស្ត្រ សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង) ដើម្បីជួយឲ្យពិភពលោកមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ”។
សម្រាប់នៅប្រទេសកម្ពុជា អេសស៊ីជី បានអនុវត្តក្របខ័ណ្ឌ ESG ក្នុងទម្រង់សកម្មភាពផ្សេងៗ។ អេសស៊ីជី បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការអង្កេតមូលដ្ឋាន សម្រាប់គម្រោងប្រព័ន្ធអេកូឡូស៊ី និងស្តារនីតិសម្បទានៅរោងចក្រស៊ីម៉ងត៍កំពត។ នៅក្នុងដំណើរការផលិតកម្មវិញ អេសស៊ីជី បានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងមក ដូចជាថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។ សម្រាប់ផលិតផលស៊ីម៉ងត៍ អេសស៊ីជី ក៏បានកាត់បន្ថយការបំភាយឧស្ម័ន កាបូនិច ទៅក្នុងបរិយាកាស តាមរយៈការបង្កើតរូបមន្តថ្មី និងប្រើប្រាស់សារធាតុកម្ទេចថ្ម (clinkers) កាន់តែតិចក្នុងការផលិតរបស់វា។

ទាក់ទងនឹងសកម្មភាពសង្គម អេសស៊ីជី បានផ្តល់អាហារូបករណ៍ជាង 1,500 ដល់សិស្សវិទ្យាល័យនៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពត សម្រាប់ឆ្នាំសិក្សា 8 ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ 2014។ លើសពីនេះទៅទៀត អេសស៊ីជី បានពង្រីកអាហារូបករណ៍សម្រាប់និស្សិតសាកលវិទ្យាល័យ ដោយផ្តល់អាហារូបករណ៍ចំនួន 20 កន្លែង សម្រាប់មុខវិជ្ជាផ្នែកវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត្រ ក្នុងឆ្នាំ 2018 និង 2019។ លើសពីនេះ អេសស៊ីជី បានបរិច្ចាគថវិកាប្រចាំឆ្នាំជាច្រើនដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហមកម្ពុជា ក្រសួងសុខាភិបាលក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-19 និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតក្នុងពេលមានគ្រោះធម្មជាតិ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា