ព័ត៌មានជាតិ
អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត
សៀមរាប ៖ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ ករណីឃាតកម្មលើឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាព កម្ពុជាអភិវឌ្ឍន៍ ដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើននាក់ចូលរួមផងដែរ។

លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ថា អយ្យការអមសាលាដំបូងខេត្តសៀមរាប មានការចាំបាច់ត្រូវបំភ្លឺករណីបាញ់សម្លាប់អ្នកសារព័ត៌មាននៅស្រុកជីក្រែង ខេត្តសៀមរាប ដោយហេតុថា មានមហាជនបណ្ដាញសង្គមក៏ដូចជាអ្នកនយោបាយមួយចំនួនបានជជែកវែកញែកដើម្បី ជាផលប្រយោជន៍និងគេងចំណេញនយោបាយ។ ដូច្នេះអយ្យការអមសាលាដំបូងខេត្តសៀមរាប ចាំបាច់ត្រូវធ្វើសន្និសីទសារព័ត៌មានដើម្បីឲ្យសាធារណជនបានដឹងច្បាស់ពីការអនុវត្តច្បាប់ទៅលើជនជាប់ចោទឈ្មោះស៊ី លឿយ គឺត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប សម្រេចដាក់ពន្ធនាគារ នឹងត្រូវជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។

លោកបន្តថា ចំពោះការលើកឡើងថាគ្រូពេទ្យព្យាបាលជនរងគ្រោះបណ្ដាលឱ្យស្លាប់ដោយសារទុកយូរពេកនោះ លោកនឹងចាត់ឱ្យព្រះរាជអាជ្ញារងម្នាក់ចុះធ្វើការងារនោះបន្ថែមទៀត ដើម្បីឲ្យមានភាពយុត្តិធម៌ទាំងសងខាង។ ចុងក្រោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ថ្លែងអំណរគុណដល់បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលបានចំណាយពេលដ៏មានតម្លៃ ចុះមកយកព័ត៌មានផ្ទាល់នៅសាលាដំបូងខេត្តដើម្បីយករឿងនេះទៅផ្សព្វផ្សាយព័ត៌មានពិតមិនលំអៀង និងមិនគេងចំណេញនយោបាយ។

គួររំលឹកថា អ្នកសារព័ត៌មានអនឡាញមកពីអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប លោក ឈឿង ឈឹង ត្រូវបានគេបាញ់ប្រហារឱ្យរងរបួសធ្ងន់កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ហើយបានស្លាប់នៅយប់ម៉ោង ២យប់ ឈានចូលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្រុមអ្នកសារព័ត៌មានលើកឡើងថា អ្នកកាសែតដែលចុះផ្សាយការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅកម្ពុជាប្រឈមនឹងអំពើហិង្សាជាញឹកញាប់ ខណៈកំពុងស៊ើបអង្កេតទំនាក់ទំនងរវាងសមត្ថកិច្ចជំនាញ និងអ្នកជួញដូរឈើ។

បន្ទាប់ពីកើតហេតុលើអ្នកសារព័ត៌មាននៅខេត្តសៀមរាប ក្រុមអ្នកសារព័ត៌មាន ស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តការសហការជាមួយអ្នកសារព័ត៌មាន ឱ្យបានរលូននិងផុសផុលថែមទៀត ដើម្បីឱ្យបទល្មើសផ្សេងៗថមថយខ្លះ ហើយគួរចាត់ទុកអ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាន៕
ដោយ ៖ ជុន កុសល





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន