Connect with us

ព័ត៌មានជាតិ

កម្ពុជា ទើបតែប្រារព្ធខួបទី ២០ នៃសន្និសីទ CamTESOL ដែលជាជំនួប​សម្រាប់អ្នកជំនាញក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេសដ៏ធំ ប្រចាំអាស៊ីប៉ាស៊ីហ្វិក

បានផុស

នៅ

កាលពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៥​ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ កន្លងទៅ​ ស្ថាប័ន​អប់រំ អាយ ឌី ភី អេ​ឌ្យូ​ខេ​សិន ដែលជាស្ថាប័នឈានមុខលើពិភពលោកក្នុងការ​បញ្ជូនសិស្ស និស្សិត ទៅសិក្សានៅ​បរទេស និង សេវាកម្មអប់រំអន្តរជាតិ បាន​ប្រារព្ធ​ខួប​លើក ២០ នៃ​សន្និសីទ CamTESOL ដែលជា​វេទិកា​ដ៏​ធំ និង​ឈានមុខ​គេ​ក្នុង​វិស័យ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​កម្មវិធី​បើក​ត្រូវបាន​ចូលរួម​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោកស្រី Bridgette L. Walker ភារធារី​សហរដ្ឋ អាមេរិក​ប្រចាំ​កម្ពុជា លោក Marc Thayre អនុប្រធាន​បេសកកម្ម​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​ នៃ​ស្ថាប័ន អាយ ឌី ភី អេ​ឌ្យូ​ខេ​សិន និង​ស្ថាបនិក​សន្និសីទ CamTESOL និង​លោក Ashley Irving នាយក​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (​សាលា ACE)។កម្មវិធី​បើក​ នៃ​សន្និសីទ CamTESOL ប្រចាំឆ្នាំ​លើក​ទី ២០ ក៏មាន​រំលេច​នូវ​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ ដែលជា​កិច្ច​ស្វាគមន៍ និង​បង្ហាញ​ពី​វប្បធម៌ និង​សិល្បៈ​ល្អ​ឯក​របស់​កម្ពុជា​ជូនទៅ​កាន់​គណៈ​ប្រតិភូ​ជាតិ និង​អន្តរជាតិ​រាប់ពាន់នាក់​ដែល​មកពី​ជុំវិញ​ពិភពលោក ក្នុងនោះ​រួមមាន​របាំ​អប្សរា និង​ការ​សម្ដែង​តេក្វាន់​ដូ និង​ក្បាច់ល្បុក្កតោ​ជាដើម។

រយៈកាល ២០ ​ឆ្នាំ​ មកនេះ​ សន្និសីទ CamTESOL មាន​អ្នកចូលរួម​សរុប​ប្រមាណ​ជាង ២៥០០០ នាក់ តំណាង​ឲ្យ ៨០ សញ្ជាតិ មកពី ៦​ ទ្វីប​ផ្សេងគ្នា និង បទ​បង្ហាញ​សរុប​ប្រមាណ​ជាង ៨០០០ ប្រធានបទ​ផ្សេងៗ ត្រូវបាន​លើក​យកមក​បង្ហាញ​នៅក្នុង​សន្និសីទ​។ ចំណែកឯ​សន្និសីទ CamTESOL ប្រចាំឆ្នាំ​លើក​ទី ២០ ឆ្នាំនេះ​ដែល​ស្តីពី​ការបង្រៀន​ភាសា​អង់គ្លេស​ប្រព្រឹត្ត ឡើង​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ធ្វើឡើង​ក្រោម​មូលបទ ការបង្រៀន​ធ្វើយ៉ាងណា​ពង្រឹងសមត្ថភាព សិស្ស​ឲ្យ​ទទួលបាន​ភាពជោគជ័យ ឬ Preparing Successful Learners: Bringing Real Language into the ELT Classrooms។

គួរបញ្ជាក់​ផងដែរ សន្និសីទ​ដ៏​ធំ​មួយ​នេះ​បាន​រួម​បញ្ចូល​បទ​បង្ហាញ​ប្រមាណ​ជាង ៥០០ ដោយ​ធ្វើឡើង​ពី​វាគ្មិន និង​គណៈប្រតិភូ​ចូលរួម​ប្រមាណ​ជាង ១៧០០ នាក់​ ដែល​មកពី ៤០ ប្រទេស​នៅ​ជុំវិញ​ពិភពលោក។

សន្និសីទ CamTESOL ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្លា និង​បន្ត​ផ្ដល់នូវ​វេទិកា​សម្រាប់​គ្រួ​បង្រៀន ភាសា​អង់គ្លេស និង​គ្រូឧទ្ទេស អ្នកស្រាវជ្រាវ​ក្នុង​វិស័យ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) និង​ភាសាវិទ្យា បុគ្គលិក​រដ្ឋបាល​របស់​សាលារៀន​ និង​សាកលវិទ្យាល័យ​ដែល​បណ្ដុះបណ្ដាល​ផ្នែក​ភាសា​អង់គ្លេស ព្រមទាំង​អ្នក​អប់រំ​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​អប់រំ​ភាសា​អន្តរជាតិ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​អបអរសាទរ​ដល់​ស្ថាប័ន​អប់រំ អាយ ឌី ភី អេ​ឌ្យូ​ខេ​សិន ​ក្នុង​ការរៀបចំ​សន្និសីទ CamTESOL ដែលជា​ផ្នែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ជំរុញ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា និង​អន្តរជាតិ​។ ក្នុងនោះ​ ឯកឧត្តម​ បាន​បន្តទៀតថា អ្នកចូលរួម​ នឹង​ទទួលបាន​ឱកាស​ក្នុង​ការ​រឹតចំណង និង​បង្កើន​មិត្តភាព​រវាង​គ្នា​ដើម្បី​រៀន​ពីគ្នា និង​បន្ត​ការ​អភិវឌ្ឍ​លើ​វិស័យ​បង្រៀន​ភាសា​អង់គ្លេស​ជា​រួម​។

ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ បាន​មានប្រសាសន៍ថា ​៖“​ប្រធានបទ នៃ​សន្និសីទ CamTESOL តែងតែ​ផ្តោត និង​ជំរុញ​លើ​គំនិត​អភិវឌ្ឍ​ថ្មីៗ​ដើម្បី​ធានាបាន​ការបង្រៀន ភាសា​អង់គ្លេស​ប្រកបដោយ​គុណភាព និង​ជា​គុណប្រយោជន៍​សម្រាប់​បណ្តា​សិស្ស និស្សិត​ទាំងឡាយ”។

លោកស្រី Bridgette L. Walker ភារធារី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា​៖ “​សន្និសីទ CamTESOL​គឺជា​វេទិកា​ដ៏​ឆ្នើម​សម្រាប់​លោកគ្រូ​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​ក្នុងការ​ស្វែងយល់​ពី​គំនិត វិធីសាស្ត្រ​បង្រៀន និង​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សិស្ស​ទទួលបាន​ការអប់រំ​ដ៏​ប្រសើរ​”។

“​ភាសា​អង់គ្លេស​ជា​ភាសា​ដែល​មាន​ការវិវឌ្ឍន៍​ច្រើន ហើយ​វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​សិស្ស និស្សិត​កម្ពុជា​ក្នុងការ​ស្វែងយល់​បន្ថែម​ពី​ភាសា​មួយ​នេះ ជាពិសេស​អំពី​វិធី​ដ៏​សម្បូរ​បែប​ក្នុង​ការ​ប្រើប្រាស់​ដើម្បី​បង្ហាញ​នូវ​គំនិត​របស់ខ្លួន​” ដែល​នេះ​ជាការ​លើកឡើង​របស់លោក Marc Thayre អនុប្រធាន​បេសកកម្ម​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា។

លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន​អប់រំ អាយ ឌី ភី អេ​ឌ្យូ​ខេ​សិន និង​ស្ថាបនិក​សន្និសីទ CamTESOL បាន​លើកឡើងថា សន្និសីទ CamTESOL បាន​ក្លាយជា​សន្និសីទ​ផ្នែក​បង្រៀន​ភាសា អង់គ្លេស​ឈានមុខ គេ​ប្រចាំ​អាស៊ី ហើយ​វេទិកា CamTESOL ឬ​ប្រទេស​កម្ពុជ​ បាន​ក្លាយជា​តំបន់​ក្នុង​ការ​ណាត់​ជួប​ និង​ស្វែងយល់​អំពី​គំនិត​ថ្មីៗ ការស្រាវជ្រាវ​ដ៏​សមស្រប វិធីសាស្ត្រ​បង្រៀន​ដ៏​ល្អឥតខ្ចោះ និង​ព័ត៌មាន​វិវត្ត​នានា ដែល​ពាក់ព័ន្ធ​ និង​ជា​ប្រយោជន៍​ជួយ​ដល់​ការអភិវឌ្ឍលើ​វិស័យ​បង្រៀន​ភាសាអង់គ្លេស​។

តំណាង​ឲ្យ​ស្ថាប័ន អាយ ឌី ភី អេ​ឌ្យូ​ខេ​សិន លោក ម៉ៅ ស្រេង ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ក្រសួង​អប់រំ យុវជន និង កីឡា ស្ថានទូត​អូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស ព្រមទាំង​ស្ថាប័ន​ដៃគូ​នានា ជាច្រើន ព្រមទាំង​អ្នកជំនាញ​នៅក្នុង​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​នៅក្នុង​ប្រទេស​កម្ពុជា តំបន់ អាស៊ីអាគ្នេយ៍ និង​អន្តរជាតិ​ដែល​បន្ត​គាំទ្រ​យ៉ាង​មុតមាំ​ក្នុងការ​រៀបចំ​សន្និសីទ​នេះ​ឡើង និង​ពង្រីក​វិសាលភាព​នៃ​វេទិកា​នេះ​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។​

យើង​ឃើញថា នៅក្នុង​កិច្ចពិភាក្សា​បើក​ពេញអង្គ រួមមាន បណ្ឌិត Bophan Khan សាស្ត្រាចារ្យ​នៅ​សាកល វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាស្ត្រាចារ្យ Jack C. Richards មកពី​សាកលវិទ្យាល័យ University of Sydney ប្រទេស​អូស្ត្រាលី ព្រមទាំង​បណ្ឌិត Richmond Stroupe ជានា​យក​គ្រប់គ្រង​កម្មវិធី​អនុបណ្ឌិត​ប្រចាំ Soka University នៃ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

សម្រាប់​សន្និសីទ CamTESOL នា​ឆ្នាំក្រោយ​ នឹងធ្វើ​ឡើង​នៅ​ខែកុម្ភៈ ឆ្នាំ ២០២៥ លើ​មូលបទ សំដៅ​យ៉ាងណា​រៀបចំ​អនាគត​ នៃ​វិស័យ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​ ដោយ​ពឹង​ផ្អែក​លើ​កិច្ចសហការ​រវាង​គ្នា និង​កិច្ច​បង្កើត​ថ្មី ឬ Shaping the Future of ELT: Innovation, Collaboration, & Transformation​។ ដូច្នេះ​អ្នក​ជំនាញ​នៅ​ក្នុង​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស ឬ លោកគ្រូ អ្នកគ្រូ អាច​ស្វែងយល់​លម្អិត​ពី​សន្និសីទ និង​ព័ត៌មាន​ក្នុង​ការ​ចូលរួម​បាន​តាមរយៈ​គេហទំព័រ ៖ camtesol.org

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម