លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតក៏ដោយ ក៏ត្រូវតែបន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលដោយនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ ចំនួន៣៣គ្រួសារសិនដែលសាខានឹងគ្រោងចែកចំនួន ២៥៧ គ្រួសារ នៅថ្ងៃសៅរ៍ទី២៦ ខែធ្នូ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់គិតគូរថែទាំសុខភាពទាំង ផ្លូវកាយ ផ្លូវចិត្ត ឲ្យបានរឹងមាំ ហើយទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិសដៅបញ្ចប់បញ្ហាអេដស៍ ដែលជាការ គំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ ២០២៥។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវសារ អំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងផ្ដាំផ្ញើសូមប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមកម្មវិធីនៅថ្ងៃនេះ បន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដល់សមាជិកគ្រួសារ និងប្រជាពលរដ្ឋដទៃទៀត នៅក្នុងសហគមន៍។
សម្ភារដែលបានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ចំនួន៣៣នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ៣០ គ.ក្រ, មី១កេស, ត្រីខកំប៉ុង១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ ដប, ទឹកដោះគោខាប់៥កំប៉ុង, សាប៊ូក្រអូប៤ដុំ, មុង១ភួយ១, សារុង១, ក្រមា១, អាវយឺត២ និងថវិកា ថ្លៃធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០,០០០ រៀល៕
អត្ថបទ៖ វិមាន