ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ អំណោយក្រុមហ៊ុនឱសថ-បរិក្ខារពេទ្យផ្ដល់មកក្រសួងព័ត៌មាន គឺប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តទុកព្យាបាលជំងឺពលរដ្ឋឥតគិតថ្លៃ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លើកឡើងថា «រាល់អំណោយដែលបណ្ដាក្រុមហ៊ុនឱសថ និង បរិក្ខារពេទ្យ បានផ្តល់មកដល់ក្រសួងព័ត៌មាន គឺ ត្រូវបានយកទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីមានលទ្ធភាពពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋឥតគិតថ្លៃ»។

ការលើកឡើងនេះ ក្នុងឱកាស លោក នេត្រ ភក្ត្រា បានទទួលជួបសម្ដែងការគួរសម និងប្រគល់ជូនលិខិតថ្លែងអំណរគុណដល់បណ្ដាក្រុមហ៊ុនឱសថ សម្ភារៈបរិក្ខារពេទ្យ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន នៅទីស្ដីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះ លោក នេត្រ ភក្ត្រា បានអរគុណចំពោះ លោកវេជ្ជបណ្ឌិត សៅ សំបូរ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រឹងប្រែង ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងរយៈពេលជាបន្តបន្ទាប់កន្លងមកនេះ។

លោក នេត្រ ភក្ត្រា លើកឡើងបន្តថា ការចូលរួមគាំទ្រជួយឧបត្ថម្ភជាឱសថ បរិក្ខារពេទ្យ និង ថវិកាពីសប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថ សម្ភារៈបរិក្ខារពេទ្យ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព ហើយក៏ជួយកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។

លោកបន្តទៀតថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ជានិច្ចកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចុះវិធានការចាំបាច់ និង អាទិភាពនានា ដើម្បីដោះស្រាយកង្វល់ និង លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និង សុខុមាលភាពឲ្យបានល្អប្រសើរ។
ទន្ទឹមនោះ លោក នេត្រ ភក្ត្រា បានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះម្ចាស់ក្រុមហ៊ុនឱសថ និង សម្ភារៈបរិក្ខារពេទ្យ រួមទាំងសប្បុរសជននានាជាច្រើនទៀត ដែលបានឧបត្ថម្ភថ្នាំពេទ្យ និង សម្ភារៈពេទ្យ ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ពិនិត្យព្យាបាលជំងឺជូនប្រជាជននៅក្នុងមូលដ្ឋានខេត្តក្រចេះ និង មន្ត្រីរាជការក្នុងក្រសួងព័ត៌មាន។
លោកថា ទឹកចិត្តដ៏ថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និង ការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់មន្ត្រីរាជការក្នុងការបំពេញការងារ ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់លើកិច្ចគាំពារមន្ត្រីរាជការក្រសួងព័ត៌មាន និង ការងារមនុស្សធម៌ នៃការលើកស្ទួយសុខភាពសាធារណៈនៅមូលដ្ឋានខេត្តក្រចេះ។
ជាមួយនេះ លោករដ្ឋមន្ត្រី លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន និង បន្តដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី ៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ព្រោះថាសុខទុក្ខរបស់ប្រជាពលរដ្ឋ ជានិច្ចកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ បន្ថែមនោះ រាជរដ្ឋាភិបាល បានដាក់ចុះនូវវិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហា និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះ សុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និង វិធានការគន្លឹះចំនួន ៥ ដែលដាក់ចុះភ្លាមៗ ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល។
គួរជម្រាបថា បើតាម លោកវេជ្ជបណ្ឌិត សៅ សំបូរ ចាប់ពីខែឧសភា ឆ្នាំ ២០២៤ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានទទួលការជួយឧបត្ថម្ភជាឱសថ និង ថវិកាអំពីសប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថ សម្ភារៈបរិក្ខារពេទ្យមានបញ្ជិកាស្របច្បាប់ ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ពិនិត្យព្យាបាលជំងឺជូនប្រជាជនដោយឥតគិតថ្លៃ និង មិនប្រកាន់និន្នាការនយោបាយក្នុងភូមិសាស្ត្រខេត្តក្រចេះ។
ជាលទ្ធផលក្នុងរយៈពេលកន្លងមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ បានចុះធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងក្រុង/ស្រុកចំនួន ៥ ក្នុងនោះ ក្រុងក្រចេះ បានចំនួន ៥៦៧ នាក់ , ស្រុកឆ្លូង ចំនួន ៩៧១ នាក់ , ស្រុកចិត្របុរី ៦៦២ នាក់ , ស្រុកអូរគ្រៀងសែនជ័យ ចំនួន ៦០៦ នាក់ , ស្រុកសំបូរ ៦៣៥ នាក់ សរុបជារួមបានចំនួន ៣ ៤៤១ នាក់ ក្នុងនោះ ស្រីចំនួន ២ ០៨៥ នាក់។ ជាមួយនេះ ក៏បានផ្តល់នូវវីតាមីនសេដល់ប្រជាពលរដ្ឋចំនួន ៤ ០៤១ នាក់ កាលពីពេលចុះចែកជូនស្រូវពូជដល់ប្រជាកសិករ។ ចំពោះគម្រោងចុះពិនិត្យព្យាបាលក្នុងឆ្នាំ ២០២៥ នេះ គ្រោងធ្វើនៅក្នុងខែ ៦ ខែ ៨ ខែ ១០ និង ខែ ១២៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


