ផ្ទុះ​កូវីដ​លើ​បុរស​ចិន​នៅកំពង់សោមថ្ងៃ​ចូល​ឆ្នាំ​ចិន មួយ​ឆ្នាំពេញ ពលរដ្ឋ​ដេក​ភ័យ​គ្រប់​ពេល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្ទុះ​កូវីដ​លើ​បុរស​ចិន​នៅកំពង់សោមថ្ងៃ​ចូល​ឆ្នាំ​ចិន មួយ​ឆ្នាំពេញ ពលរដ្ឋ​ដេក​ភ័យ​គ្រប់​ពេល

Published

on

ថ្ងៃ ២៨ ខែវិច្ឆិកាឆ្នាំ២០២០ ការ​ផ្ទុះ​កូវីដ​ទ្រង់ទ្រាយធំ​បាន​កើត​ឡើង។ ជិត​មួយ​ឆ្នាំ ដែល​កម្ពុជាឆ្លើយតបយ៉ាងមានប្រសិទ្ធភាព អាចទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរ ការផ្ទុះឆ្លងចូលសហគមន៍នៅចុងខែវិច្ឆិកាបានបង្កការភ័យខ្លាចជាថ្មី។ មនុស្សគ្រប់គ្នាចាប់ផ្តើមពាក់ម៉ាស ដងផ្លូវប្រែជាស្ងប់ស្ងាត់ ហាងនិងផ្សារទំនើបលែងសូវមានមនុស្សចេញចូលដូចមុន។

តើមេរោគដ៏អាថ៌កំបាំងនេះ បានចូលមករាតត្បាតក្នុងប្រទេសកម្ពុជាដោយរបៀបណា?

នៅ​ថ្ងៃ ២៧ មករា ផ្ទុះកូវីដនៅខេត្តព្រះសីហនុ

អំឡុងចូលឆ្នាំចិននា​ខែ​មករា មានការប្រកាសករណី​ផ្ទុះ​កូវីដនៅខេត្តព្រះសីហនុ។ បុរសសញ្ជាតិចិនម្នាក់​អាយុ ៦០ ឆ្នាំ ដែលធ្វើដំណើរពីទីក្រុងអ៊ូហានមកខេត្តព្រះសីហនុជាមួយក្រុមគ្រួសារ បាន​ឆ្លងកូវីដ១៩។ ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ បាន​បង្ក​ការ​ភ័យ​ខ្លាច ពលរដ្ឋ​នាំគ្នា​ជ្រួលច្របល់​​ទិញ​ម៉ាស អាកុល ស្ទើរ​តែ​ដាច់​ស្តុក​ពី​ទីផ្សារ​ រដ្ឋាភិបាល​ក៏​សម្រេចបិទជើង​ហោះហើរ​ពីទីក្រុងអ៊ូហាន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាលជំងឺ​សាហាវ​នេះ។

ថ្ងៃ ០៦ កុម្ភៈ សម្តេច​តេជោ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេសចិន

ខណៈចិនរងការរិះគន់ជា​អ្នក​​ដើមទី​នៃ​ការ​ប​ង្កើត​ជំងឺ​រាតត្បាតនេះ មេដឹកនាំកម្ពុជាបានបង្ហាញសាមគ្គីភាពក្នុងគ្រាលំបាកជាមួយចិន។ សម្តចតេជោ ហ៊ុន សែន បានធ្វើ​ដំណើរទស្សនកិច្ចទៅទីក្រុងប៉េកាំង ដោយគ្មានការគ្រោងទុក។

សម្តេចតេជោជាមេដឹកនាំពិភពលោកដំបូងគេ ដែលទៅទស្សនកិច្ចប្រទេសចិន ក្នុងពេលចិនកំពុងផ្ទុះយ៉ាងពេញទំហឹង រហូត​មាន​ការ​បិទ​ទីក្រុង​មួយ​ចំនួន។ ក្នុងដំណើរទស្សនកិច្ច សម្តេចក៏ស្នើមិត្តចិន យកចិត្តទុកដាក់ដល់និស្សិតកម្ពុជាដែលស្នាក់នៅ​សិក្សា​នៅ​ទីក្រុងអ៊ូហាន ជាកន្លែងផ្ទុះជំងឺកូវីដដំបូង។

ថ្ងៃ ២៤ កុម្ភៈ ការជួយសង្រ្គោះនាវា MS Westerdam

ប្រទេសចំនួន ៥ បដិសេធ​នាវា Ms Westerdam ចូល​ ដោយ​ភ័យ​ខ្លាច​មាន​អ្នក​ដំណើរ​​ឆ្លង​កូវីដ ១៩។ តែលតោល​​កណ្តាល​សមុទ្រ​គ្មានអ្នក​អើពើ នាវាទេសចរណ៍​ខ្នាតយក្ស​នេះ ត្រូវបានប្រមុខរដ្ឋាភិបាលបាលអនុញ្ញាតិឲ្យចូលចត​នៅ​កំពង់ផែ​ខេត្តព្រះសីហនុ ដោយរៀបចំធ្វើពិធីទទួល​យ៉ាងកក់ក្តៅ។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedro Adhanom Ghebreyesus បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា សម្រាប់​កាយវិការប្រកបដោយមនុស្សធម៌ក្នុងជួយអ្នកដំណើរលើនាវាពនេចរ​​នេះ​ឲ្យមានសុវត្ថិភាព។

នៅថ្ងៃ ១៨ កុម្ភៈ បុរស​ខ្មែរ​ដំបូង​ឆ្លង​កូវីដ​ ១៩

បុរសជនជាតិខ្មែរ ០១ នាក់ បានក្លាយជាមនុស្សដំបូងដែលឆ្លងកូវីដ ១៩ នៅក្នុងប្រទេស។ បុរសវ័យ ៣៨ ឆ្នាំ ​ធ្វើការ​ជាមួយបុរសជនជាតិជប៉ុន ដែលតេស្តមានវិជ្ជមានកូវីដ ១៩ ពេលទៅដល់ប្រទេសជប៉ុន។

អ្នកពាក់ព័ន្ធ ៤០ នាក់​រួមទាំង​ភរិយា​បុរស​ខ្មែរ​​ដែលឆ្លងនេះ​ ត្រូវ​បាន​ធ្វើ​តេស្ត​ គ្មាន​ការ​រកឃើញ​អ្នក​ឆ្លង​បន្ថែម​ទេ។

ថ្ងៃ ១១ មីនា អ្នកដំណើរលើនាវាទេសចរណ៍មកពីប្រទេសវៀតណាម ឆ្លងកូវីដ ១៩

នាវាទេសចរណ៍ Viking Cruise ដែលចេញពីទីក្រុងហូជីមិញទៅ​ដល់​ខេត្តកំពង់ចាម រកឃើញអ្នកដំណើរជនជាតិអង់គ្លេសម្នាក់មានវិរុសកូវីដ១៩។ ក្រោយការស្រាវជ្រាវ​បន្ត​បន្ទាប់ អ្នក​ដំណើរ​ពីរ​នាក់​ទៀត ក៏​មាន​វិជ្ជមាន និង​ត្រូវ​បាន​ដឹក​បញ្ជូនមកព្យាបាល​នៅ​រាជធានីភ្នំពេញ។

ថ្ងៃ ១៣ មីនា រកឃើញអ្នកឆ្លងពីរទៀតនៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ បាន​រកឃើញ​ករណីឆ្លងលើកដំបូងលើ​បុរសសញ្ជាតិកាណាដា និងប៊ែលហ្សិក។ រដ្ឋាភិបាលបានបញ្ជាឲ្យបិទសាលារៀនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ជាមួយគ្នានេះ មានការ​ហាមប្រាមអ្នកដំណើរមកពីប្រទេសមួយ​ចំនួនមាន​អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីរ៉ង់ និងអាមេរិក មិនឲ្យចូលប្រទេសរយៈពេល ៣០ ថ្ងៃ។

១៧ មីនា ផ្ទុះ​ការ​ឆ្លង​កូវីដ​អ្នក​ចូលរួមពិធីសាសនា​នៅ​ម៉ាឡេស៊ី

ពលរដ្ឋខ្មែរ ១១ ទៀត ទើបវិលត្រឡប់ពីពិធីសាសនាមួយនៅម៉ាឡេស៊ីបានឆ្លងកូវីដ ១៩។ ចំនួនបាន​កើនឡើងដល់ ៣៣ នាក់។ រដ្ឋាភិបាលបញ្ជាឲ្យបិទខារ៉ាអូខេ រោងកុន ការជួបជុំបែបសាសនា និងការប្រគំតន្ត្រីផ្សេងៗ។

ថ្ងៃ ១៩ មីនា វៀតណាមបិទព្រំដែនជាឯកតោភាគី

នៅថ្ងៃ ១៩ មីនា វៀតណាមបានបិទព្រំដែនជាឯកតោភាគី​ដោយគ្មានការជូនដំណឹង​ជា​មុន​។ រដ្ឋាភិបាលកម្ពុជាឆ្លើយតប ដោយផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមរយៈពេលមួយខែ។ ថៃ​ក៏​រឹត​បន្តឹង​ពលរដ្ឋ​កម្ពុជា​ធ្វើ​ដំណើរ​​ឆ្លង​ចូល​ទឹកដី​ថៃ ដោយ​​ប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា។

ថ្ងៃ ២៣ មីនា គ្រូពេទ្យចិនមកដល់ប្រទេសកម្ពុជា

នៅថ្ងៃ ២៣ មីនា ក្រុមគ្រូពេទ្យជំនាញចិនមួយក្រុមបានធ្វើដំណើរមកដល់កម្ពុជា ដោយនាំមកជាមួយនូវសម្ភារៈបរិក្ខារពេទ្យជាច្រើន។ ក្រៅ​ពី​ផ្តល់​ជា​សម្ភារៈ​ ក្រុម​គ្រួពេទ្យ​ជំនាញ​ចិន​ ក៏​ចែករំលែកបទពិសោធន៍ រួមទាំង​ធ្វើការ​ជាមួយ​គ្រូពេទ្យ​កម្ពុជា​ លើ​ការ​ព្យាបាលនិង​ប្រយុទ្ធ​ជំងឺ​កូវីដ ១៩។

ការលុបចោលពិធីបុណ្យចូលឆ្នាំខ្មែរ

ពិធីចូលឆ្នាំថ្មីត្រូវបានប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែនប្រកាសលុបចោល។ មន្រ្តីរាជការ បុគ្គលិក កម្មករ ត្រូវបន្តការងារជាធម្មតា។ រាល់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយត្រូវបានរឹត​បន្តឹង។

២ វិច្ឆិកា បើកដំណើរការសាលារៀនឡើងវិញ

គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវ​បាន​អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ តែត្រូវអនុវត្តវិធានការ​សុវត្ថិភាព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល។ ថ្នាក់រៀនត្រូវបានកម្រិតសិស្ស​ក្នុង​ថ្នាក់ មាន​ការវាស់កម្តៅនិងការរក្សាគម្លាតសុវត្ថិភាព។ ពិធីបុណ្យអុំទូកដែលប្រារព្ធឡើងរៀងរាល់ឆ្នាំក៏ត្រូវបានលុបចោល ដើម្បីកាត់បន្ថយ​ការជួបជុំ​គ្នា​ច្រើន ដែល​បង្ក​ហានិភ័យ​ការ​​ឆ្លងរាល​ដាល​។

ថ្ងៃ ០៣ វិច្ឆិកា រដ្ឋមន្ត្រីប្រទេសហុងគ្រីឆ្លង​កូវីដ ១៩

រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ដែល​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ពេលទៅដល់ទីក្រុងបាងកកប្រទេសថៃ​ត្រូវ​គេ​ប្រកាស​មាន​វិជ្ជមាន​កូវីដ ១៩។ មន្រ្តីស្ថាប័នរដ្ឋរួមទាំងសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដែល​ប៉ះពាល់​រដ្ឋមន្រ្តី​រូប​នេះ ត្រូវធ្វើតេស្តសំណាក។

អ្នកប៉ះពាល់ជាង ១០០០ នាក់ ត្រូវបានធ្វើតេស្តនិងដាក់ឲ្យនៅដាច់ដោយឡែក។ សាលារៀនទូទាំងប្រទេសត្រូវបិទ​ជា​ថ្មី ពិធី​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន។

ថ្ងៃ ២៨ វិច្ឆិកា ការឆ្លងក្នុងសហគមន៍លើក​ដំបូង

ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ជា​ករណី​ផ្ទុះ​ឆ្លង​ចូលសហគមន៍ជាលើកដំបូង ពាក់ព័ន្ធស្រ្តី​ជា​ភរិយា​មន្រ្តី​ជាន់ខ្ពស់​ម្នាក់។ ក្រុមគ្រួសារស្រ្តីរូបនោះចំនួន ០៦ នាក់​ រួមទាំងស្វាមីជាអគ្គនាយកដ្ឋានពន្ធនាគារ ក៏តេស្តឆ្លងកូវីដ១៩។ មាន​មនុស្ស ៤១ ប្រកាស​ឆ្លង​កូវីដ រួម​ទាំង​ទារក​ ដែលមាន​ឪពុកម្តាយ​ក៏ឆ្លង​ដែរ​នោះ​។

ថ្ងៃ ០៧/១២/២០២០ រដ្ឋាភិបាលដាក់ផែនការទិញវ៉ាក់សាំងកូវីដ១៩

ដំណឹង​នៃ​ការ​ចេញ​វ៉ាក់សាំង​ ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានប្រកាសបញ្ជាទិញវ៉ាក់សាំង ១ លានដូស សម្រាប់ចាក់ដល់ពលរដ្ឋ ៥០០ ០០០ នាក់។ អ្នកជំនួញគ្រាក់ៗក្នុងប្រទេស រួម​ទាំង​ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានចូលរួម​បរិច្ចាក​​ថវិកា​លើកា​រទិញ​វ៉ាក់សាំង រហូតប្រមុខរដ្ឋាភិបាលហៅថា ជាខឿនការពារសុខភាពប្រជាជនដ៏រឹងមាំ បន្ទាប់ខឿនការពារជាតិឆ្នាំ ២០០៨ និង២០១១។

ថ្ងៃ ១៥/ធ្នូ/២០២០ លុបចោលការប្រឡង

អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្រសួង​អប់រំ​យុវជន​និង​កីឡា សម្រេច​ឲ្យ​សិស្ស​ប្រឡង​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ និង​បឋមភូម​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​ប្រកាស​និទ្ទេស។ ការ​សម្រេច​នេះ ក្រោយ​ពេល​ វិបត្តិជំងឺ​កូវីដ​បន្ត​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ និង​ក្រោយ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែល​អាច​បង្ក​ហានិភ័យ​ដល់​ការ​រៀបចំការ​ប្រឡង៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services