ការស្នើរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងខណៈអញ្ជើញចូលរួមវេទិកាសាធារណៈកាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដើម្បីពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជម្រកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក” ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡើង នៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំ និងពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋ កុំបន្តឲ្យមានទំនាស់ដីធ្លីកើតឡើងទៀត ដោយត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃ ដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នា។ ជាមួយគ្នានោះ លោកបានសំណូមពរឲ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរ ដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ដូចជាចិញ្ចឹមគោ ក្របី ចៀម និងពពែជាដើម ដែលជាសត្វចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញច្រើន ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ អាចប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។
លោក សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលយើងមាន។
នៅក្នុងវេទិកានោះដែរ ប្រជាពលរដ្ឋបានសំណូមពរដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យធ្វើការការដោះដូរដី ដែលបច្ចុប្បន្នពួកគាត់បានកំពុងអាស្រ័យផលលើដីសហគមន៍ និងខ្លះទៀតជាប់ដីសហគមន៍ ហើយយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។ ជាការឆ្លើយតបលោក សាយ សំអាល់ បានផ្ដល់យោបល់ល្អៗ ហើយអះអាងថា នឹងរៀបចំដីបម្រុងទុកសម្រាប់ដោះដូរជូនពួកគាត់ ដោយត្រូវនៅជិតនឹងសេវាសាធារណៈ មន្ទីពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឲ្យពួកគាតរស់នៅដោយមានភាពងាយស្រួល។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឲ្យបានលឿន ដើម្បីពង្រឹងការអប់រំប្រជាពលរដ្ឋ និងទឹកចិត្តឲ្យកូនចៅប្រជាពលរដ្ឋបានរៀនសូត្រទាំងអស់គ្នា ហើយលោក សាយ សំអាល់ ក៏បានស្នើឲ្យប្រជាពលរដ្ឋដាំដើមឈើ ដែលឆាប់បានទទួលផល ដូចជាដំណាំអាកាស្យាជាដើម៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលកសិកម្ម បានចំនួន ៦០៤ លានដុល្លារអាមេរិក