ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ធ្វើព្យុះហយាត្រាដង្ហែក្បួន ជិត ១ ពាន់នាក់ មុនព្រឹត្តិការណ៍រំលឹកគុណអង្គរ
មុនពេលព្រឹត្ដិការណ៍រំលឹកគុណអង្គរឈានចូលមកដល់មួយថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមសិស្សានុសិស្ស សរុបចំនួនជិត ១ពាន់នាក់ បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណជន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។

បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្យុះហយាត្រាដែលមានមនុស្សចូលរួមជិត ១ពាន់នេះ ធ្វើឡើងជាលើកទី១ នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ ព្រោះថា ប្រាសាទអង្គរ ជាបេតិកភណ្ឌរស់រវើកដែលមិនអាចកាត់ថ្លៃបាន។

អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្ដថា សម័យបច្ចេកវិទ្យាទំនើបនេះ ប្រទេសនៅលើពិភពលោកក៏អាចចម្លង ឬកសាងប្រាសាទថ្មីធំៗបានដែរ ប៉ុន្ដែការសាងសង់ថ្មី គឺគ្មានតម្លៃ និងគ្មានន័យដូចប្រាសាទរបស់កម្ពុជាបានឡើយ ព្រោះប្រាសាទនេះ មានអាយុកាលជាច្រើនពាន់ឆ្នាំ ហើយក៏ជាដួងព្រឹលឹង និងអត្ដសញ្ញាណជាតិរបស់ខ្មែរ។

លោក មានប្រសាសន៍បន្ដថា វប្បធម៌ អរិយធម៌ ដែលជាដួងព្រឹលឹងរបស់ខ្មែរមានច្រើនមហិមា មានអាយុរាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំមកហើយ ដូចនេះ កូនខ្មែរគ្រប់រូបត្រូវដឹងគុណអង្គរ ដែលជាពាក្យមានន័យទូលំទូលាយបំផុត សម្រាប់មនុស្សជំនាន់ក្រោយ ត្រូវចូលរួមការអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្ស។

គួរបញ្ជាក់ថា ពិធីដង្ហែក្បួននេះ ចាប់ផ្តើមឡើងចេញពីខាងមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ខ្លោងទ្វារក្រុងអង្គរធំ ឬខ្លោងទ្វារទន្លេអុំ ដោយមានកាន់នូវបដា ជាភាសារខ្មែរផង និងភាសាបរទេសផង ដែលរំលេចដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់ប្រាសាទអង្គរ ដូចជា អង្គរជាដួងប្រលឹង និងជាអត្ដសញ្ញាណជាតិ អបអរសាទរពិធីបុណ្យរំលឹកគុណអង្គរ វប្បធម៌ជាមូលដ្ឋានគ្រិះនៃសន្ដិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


