ព័ត៌មានជាតិ
ព្រះសង្ឃ ប្រជាពលរដ្ឋ គាំទ្រការដាំដើមឈើលើផ្ទៃដីប្រជាពលរដ្ឋប្រគល់ជូនរដ្ឋ នៅជុំវិញតំបន់អង្គរ
ព្រះសង្ឃ និងយុវជនក្នុងនៅខេត្តសៀមរាប បង្ហាញការគាំទ្រ នៅពេលមានយុទ្ធការដាំដើមឈើ និងដាំស្មៅឡើងវិញ លើផ្ទៃដីដែលប្រជាពលរដ្ឋប្រគល់ជូនរដ្ឋ និងស្ម័គ្រចិត្តចាកចេញទៅរស់នៅលើទីតាំងថ្មីដែលរដ្ឋាភិបាលប្រគល់ជូន។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃនេះថា ការគាំទ្រនេះ ធ្វើឡើង ក្នុងឱកាស អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE ដាំស្មៅ និងដើមឈើចម្រុះ ចំនួនប្រមាណ ២ ០០០ ដើម លើផ្ទៃដីសរុបជិត ២ហិកតា នៅបរិវេណខាងជើងស្រះត្រពាំងសេស នៃរមណីយដ្ឋានអង្គរ ដើម្បីកែលម្អដីទំនេរទាំងនោះ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់មានពណ៌បៃតង មានដើមឈើ និងវាលស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់សាធារណជនទូទៅ។

ព្រះតេជគុណព្រះនាម បវិរោ កែវ ខួយ ព្រះគ្រូចៅអធិការវត្តពោធិ៍លង្ការ បានថេរដីការថា នេះមិនមែនជាលើកទី១ឡើយ ព្រះអង្គបានចូលរួមក្នុងការការដាំដើមនៅតំបន់អង្គរ ហើយព្រះអង្គពិតជាមានព្រះទ័យសប្បាយរីករាយជាខ្លាំង នៅពេលឃើញ អាជ្ញាធរជាតិអប្សរា បំផុសការងារដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋចាកចេញពីតំបន់អង្គរ ដើម្បីឱ្យទីនេះមានទេសភាពបៃតង និងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់តំបន់អង្គរទាំងមូល។ ព្រះអង្គមានថេរដីការទៀតថា សកម្មភាពទាំងនេះ ជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃព្រៃឈើ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។

យុវតី ទួន ជាលីល័យ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅក្នុងក្រុងសៀមរាប បានឱ្យដឹងថា កញ្ញាពិតជាសប្បាយរីករាយ និងគាំទ្រសកម្មភាពដាំស្មៅ និងដើមឈើឡើងវិញ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញ។ កញ្ញា លើកឡើងបន្តថា ព្រៃឈើមិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះទេ វាបានជួយឱ្យគុណភាពជីវិតរបស់មនុស្ស និងសត្វល្អប្រសើរ ដូច្នេះក្រៅពីតំបន់រមណីយដ្ឋានអង្គរ គួរតែមានការដាំដើមឈើឡើងវិញឱ្យបានច្រើន។

ក្នុងឱកាសអញ្ជើញជាអធិបតីនៃយុទ្ធនាការខាងលើ បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះ ការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។

បណ្ឌិត ហង់ ពៅ មានប្រសាសន៍បន្តថា អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពី ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាពស្រស់ស្អាត។ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

បណ្ឌិត ហង់ ពៅ បញ្ជាក់ទៀតថា ការដាំដើមឈើ និងស្មៅនៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះនៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ ខណៈក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


