ក្រសួងសុខាភិបាលបានធ្វើការព្រមានចាត់វិធានការ តាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេប៊ុកឈ្មោះBOM storeនិងAh chhing ដែលកំពុងផ្សព្វផ្សាយលក់វីតាមីនឡើងគីឡូ គ្មានលេខប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
យោងតាមសេចក្តីជូនព័ត៌មានស្ដីរបស់ក្រសួងសុខាភិបាល ដែលទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ការព្រមានចាត់វិធានការគណនីហ្វេសហ៊ុកនោះ ដោយសារតែម្ចាស់គណនីហ្វេសប៊ុកទាំងនេះ មិនអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលព្រោះថា អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថនិងច្បាប់ស្ដីពីវិសោធនកម្មស្ដីពីការគ្រប់គ្រងឱសថ គឺតម្រូវឲ្យរាល់ការចរាចរណ៍ឱសថផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការឬបញ្ជិកាឬប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ក៏ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ផងដែរ ទើបអាចផ្សព្វផ្សាយបាន។
ក្រសួងសុខាភិបាលបានបន្តថា«ដើម្បីជៀសវាងការខាតបង់ប្រាក់កាក់និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើ ដែលកំពុងផ្សព្វផ្សាយលក់តាមគណនីហ្វេសប៊ុកឈ្មោះBOM storeនិងAh chhingនិងគណនីដទៃទៀត ព្រោះផលិតផលទាំងនោះ ពុំអាចធានាបាននូវប្រសិទ្ធភាពគុណភាពនិងសុវត្ថិភាពបានឡើយ»។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុក និងគណនីពាក់ព័ន្ធដទៃទៀត ដែលកំពុងផ្សព្វផ្សាយលក់ថ្នាំឡើងគីឡូខាងលើទៅតាមច្បាប់ស្ដីពីវិសោធនកម្ម ស្ដីពីការគ្រប់គ្រងឱសថជាធរមានប្រសិនបើម្ចាស់គណនីហ្វេសប៊ុកនោះ មិនបញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផល ដែលក្រសួងបានហាមឃាត់ទេនោះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ សមត្ថកិច្ចចម្រុះដកថយក្រោយពិនិត្យផលិតផលទឹកដោះគោwakodo មានគុណភាពស្តង់ដា