Connect with us

ព័ត៌មានជាតិ

លោក គី តិច នឹង​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ បើ​មានការ​សម្រេច​បែបណា​នោះ

បានផុស

នៅ

លោក គី តិច មេធាវី​រាជរដ្ឋាភិបាល បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​ថា លោក​នឹង​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ ប្រសិនបើ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បែបណា លើ​សំណើ​សុំ​បន្ត​សវនាការ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក កឹម សុខា នោះ​។

ឆ្លើយតប​សំណួរ​ថា តើ​លោក​យល់​យ៉ាងណា​ចំពោះ​ការ​ដាក់​ពាក្យស្នើសុំ​បន្ត​សវនាការ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ? លោក គី តិច បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​យ៉ាង​ខ្លី​ថា “​ករណីនេះ ជា​សមត្ថកិច្ច​របស់​តុលាការ ខាង​ខ្ញុំ​គោរព​តាម​ការសម្រេច​របស់​តុលាការ​”​។

ទាក់ទង​ការ​ស្នើ​បន្ត​សវនាការ​របស់​មេ​ធា​វី​ការពារ​ក្តី​លោក កឹម សុខា នេះ ការិយាល័យ​យើង​នៅ​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នៅឡើយ​ទេ រហូតមកដល់​រសៀល​ថ្ងៃទី​២៧ ខែមករា នេះ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានដាក់​លិខិត​ជាថ្មី (​លើក​ទី​៣) ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក គឹម សុខា ដែល​បាន​ផ្អាក​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២០ ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ការ​ស្នើសុំ​នេះ ដោយ​សំអាងថា ទី​១, ដោយសារ​ស្ថានភាព​ជំងឺ Covid-19 រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ តាមរយៈ​ក្រសួងសុខាភិបាល ទី​២, ដើម្បី​ជៀសវាង​ការ​បន្ត​ផ្អាក​ដំណើរការ​នីតិវិធី ជាពិសេស​ដើម្បី​ជៀសវាង​ការបន្ត​រំលោភបំពាន​លើ​សិទ្ធិ ក្នុង​ការ​ទទួល​បាន​កា​រ​ជំនុំ​ជម្រះក្តី​ឆាប់រហ័ស និង​យុត្តិធម៌​របស់លោក កឹម សុខា​។ ទី​៣, ដើម្បី​កុំ​ឲ្យ​ទុក​សំណុំរឿង​ចាស់​ចោល​យូរ​ពេក ពីព្រោះ​អង្គ​សវនាការ​បានធ្វើ​ការដេញ​ដោល​យ៉ាងច្រើន​រួចហើយ​។

សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់លោក កឹម សុខា ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​តាមរយៈ​លិខិត​ជូនដំណឹង​មួយ​របស់លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ ដោយសារ​តែមាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយនឹង​បន្ត​លុះត្រាតែ​មានការ​ជូនដំណឹង​ជាថ្មី​។

លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

យោង​តាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ បើ​រកឃើញ​ការពិត​ដូច​ការចោទប្រកាន់​នោះ​មែន​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៥ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម