Connect with us

ព័ត៌មានជាតិ

តុលាការ ថា ឈ្មោះ ជូ ស៊ីជៀ ជួញដូរគ្រឿងញៀនតែជាង៧ក្រាមប៉ុណ្ណោះ មិនមែន២១គីឡូក្រាមទេ

បានផុស

នៅ

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ច្រានចោលការផ្សាយថា អ្នកទោសគ្រឿងញៀនម្នាក់ បានជួញដូរគ្រឿងញៀន ២១គីឡូក្រាម តែត្រូវតុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ២ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ត្រឹម ៤លានរៀល ដោយអ្នកនាំពាក្យ បញ្ជាក់ថា គ្រឿងញៀន​២១​គីឡូក្រាមនេះ​ មិនមែន​ជា​របស់​ឈ្មោះ​ ជូ​ ស៊ីជៀ​ នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកច្រាននេះ គឺបន្ទាប់ពីមានការផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដែលបានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់ជាបន្តបន្ទាប់ ថា បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន២១គីឡូក្រាម ជាប់គុកតែ២ឆ្នាំ ពិន័យ៤លានរៀល។

ឆ្លើយតបនឹងការផ្សាយខាងនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍លម្អិតជុំវិញករណីនេះ។ សេចក្ដីថ្លែងការណ៍ បានឱ្យដឹងថា សំណុំរឿងនេះចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ មានជនសង្ស័យចំនួន២នាក់ គឺ៖១) ឈ្មោះ ជូ ស៊ីជៀ ភេទប្រុស (ឃាត់ខ្លួន) និង២) ជនសង្ស័យឈ្មោះ អ៊ួយ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ (គេចខ្លួន) ដោយមន្ទីរប្រឆាំងគ្រឿងញៀនបានចាប់យកគ្រឿងញៀនចំនួន២កញ្ចប់(ទម្ងន់៧,៥ក្រាម) ពីឈ្មោះ ជូ ស៊ីជៀ នៅចំណុចផ្ទះលេខ៨១ ផ្លូវលេខ១៨១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងបានបន្តទៅឆែកឆេរខុនដូ ដីស្តាប៉ូឡារីស ២៣ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ របស់ឈ្មោះ អ៊ួយ រកឃើញសារធាតុញៀនមួយចំនួនបន្ថែមទៀត។

ក្រោយការស៊ើបសួរ តំណាងអយ្យការ បានចោទប្រកាន់ទៅលើឈ្មោះ ជូ ស៊ីជៀ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៨១០ ផ្លូវលេខ១៨១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ តាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ និងឈ្មោះ អ៊ួយ (គ្មានអត្តសញ្ញាណ-គេចខ្លួន) ពីបទរក្សាទុក ជួញដូរ និងផលិតដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចខុនដូរដីស្តាប៉ូឡារីស២៣ បុរីប៉េងហួតបឹងស្ងោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមបញ្ញត្តិមាត្រា៤០ និងមាត្រា៤៧ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បន្ទាប់ពីបើកសវនាការចំពោះមុខជនជាប់ចោទ សាក្សី និងពិនិត្យភស្តុតាងក្នុងសំណុំរឿងនេះរួចមក ក្រុមប្រឹក្សាជំនុំជម្រះ ឃើញថា ឈ្មោះ ជូ ស៊ីជៀ ពិតជាមានថ្នាំញៀនដែលជារបស់ខ្លួនតែ ២កញ្ចប់ ទម្ងន់ ៧,៥០ក្រាមប៉ុណ្ណោះ រីឯ ថ្នាំញៀនចាប់យកនៅទីតាំងទី២ គឺជារបស់ឈ្មោះ អ៊ួយ ដែលមានសារធាតុញៀនទម្ងន់ ២១ ៤៧៣,៨៥ក្រាម (ជាង២១គីឡួក្រាម) និងសារធាតុញៀនមិនច្បាស់ ទម្ងន់ ២៨ ២៦០,៤ក្រាម។ ក្នុងនោះ បានផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជូ ស៊ីជៀ ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ខណៈឈ្មោះ អ៊ួយ ត្រូវបានសម្រេចផ្តន្ទាទោស តាមអំណាចសាលក្រមដាក់ពន្ធនាគារ អស់មួយជីវិត និងពិន័យជាប្រាក់ ៨០លានរៀល។

ផ្អែកតាមកំណត់ហេតុខាងលើ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ សាកសួរព័ត៌មានឱ្យបានច្បាស់ជាមុនសិន មុននឹងសរសេរ និងបង្ហោះផ្សាយ ក្នុងករណីដែលមិនយល់ ឬ ឆ្ងល់។ អ្នកនាំពាក្យ ថា ការផ្សព្វផ្សាយដែលបង្កប់នូវចេតនាទុច្ចរិត ញុះញង់ ធ្វើឱ្យចលាចលក្នុងសង្គម និងការផ្សព្វផ្សាយដែលមានចេតនាធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចតុលាការ ជាបទល្មើសព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម