ព័ត៌មានជាតិ
ទីតាំងសាធារណៈ ៣កន្លែង ដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចូលចិត្តដើរហាត់ប្រាណ
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ និយមចូលចិត្តដើរហាត់ប្រាណលក្ខណៈកម្សាន្តជាមួយមិត្តភក្តិ និងក្រុមគ្រួសារ រៀងរាល់ពេលសម្រាកពីការងារ ជាពិសេសនោះ គឺថ្ងៃចុងសប្ដាហ៍។ ថ្ងៃនេះកម្ពុជាថ្មី សូមនាំលោកអ្នកមកស្គាល់ទីតាំងសាធារណៈចំនួន ៣កន្លែង ដែលមហាជនទូទៅនិយមចូលចិត្តហាត់ប្រាណ ក្នុងលក្ខណៈជាការដើរកម្សាន្តផងដែរនោះ។ ទី១. សួនច្បារមុខព្រះបរមរាជវាំង ទី២. សួនច្បារមុខវត្តបុទមវតី និងទី៣. នោះគឺ សួនច្បាររង្វង់មូលវិមានឯករាជ្យ។

លោក លន់ សុភារៈ អ្នករត់ហាត់ប្រាណ ម្ដុំបរិវេណសួនច្បារវិមានឯករាជ្យ បានប្រាប់មកកម្ពុជាថ្មីថា កត្តាដែលធ្វើឲ្យលោកជ្រើសរើសមកហាត់ប្រាណនៅទីនេះ ដោយសារតែបរិយាកាស និងខ្យល់អាកាសល្អបរិសុទ្ធ ទីតាំងធំទូលាយ និងមនុស្សច្រើន ហើយជាពិសេសនោះមនុស្សគ្រប់គ្នាដែលមកហាត់ប្រាណនៅទីនេះ មានស្នាមញញឹមល្អ មានប្រាស្រ័យទាក់ទងល្អ និងរួសរាយរាក់ទាក់ដាក់គ្នាទៅវិញទៅមកទៀតផង។

លោក លន់ ភារៈ បន្ថែមទៀតថា ទីតាំងសួនច្បារវិមានឯករាជ្យនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អាចមកនាំគ្រួសារ និងមិត្តភក្តិមកហាត់ប្រាណ ឬដើរកម្សាន្តក៏បានដែរ។ ភាគច្រើនសម្រាប់លោកផ្ទាល់ ចូលចិត្តដើរ និងរត់ហាត់ប្រាណនៅពេលព្រឹក និងមានពេលខ្លះក៏ប្ដូរទៅពេលល្ងាចវិញ ដោយលោកយល់ថា ពេលវេលាទាំងនេះ អាកាសធាតុត្រជាក់ល្អ និងមានខ្យល់បក់មកធ្វើឲ្យអារម្មណ៍ល្អ កាត់បន្ថយភាពតាងតឹង និងភាពស្មុគស្មាញរបស់មនុស្សគ្រប់ៗគ្នា ដែលបានមកដើរ ឬរត់ហាត់ប្រាណ នៅបរិវេណសួនច្បារវិមានឯករាជ្យនេះ។

យុវតី សាន់ កណ្ណិកា និងប្អូនស្រី ដែលកំពុងដើរហាត់ប្រាណទាំងទឹកមុខញញឹម ស្រស់ស្រាយ បានប្រាប់កម្ពុជាថ្មីដែរថា កញ្ញា និងប្អូនស្រី រៀងរាល់ពេលទំនេរពីការងារ ឬការសិក្សា តែងតែនាំគ្នាមកហាត់ប្រាណនៅទីនេះជារៀងរាល់ថ្ងៃ។ ហេតុដែលនាំឲ្យកញ្ញា និងប្អូនស្រី មកហាត់ប្រាណនៅទីនេះ ព្រោះតែកញ្ញាយល់ឃើញថា កន្លែងមួយនេះ មានសុវត្ថិភាពល្អ មានបរិយាកាស និងខ្យល់អាកាសបរិសុទ្ធ។ លើសពីនេះទៅទៀតនោះ កញ្ញា មើលឃើញថា សួនច្បារវិមានឯករាជ្យ មានទីតាំងធំទូលាយងាយស្រួលដល់ការចតឡាន ឬម៉ូតូ របស់អ្នកដែលមកហាត់ប្រាណនៅទីនេះ។

ចំណែកឯ លោក ផៃ ដារ៉ា អ្នករត់ហាត់ប្រាណនៅសួនមុខព្រះបរមរាជវាំង បានប្រាប់កម្ពុជាថ្មីដែរថា លោកចាប់អារម្មណ៍ការហាត់ប្រាណនៅមុខព្រះបរមរាជវាំង ដោយសារសម្បូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្ត ពិសេសលោកអាចជួបមនុស្សថ្មីៗ ជជែកគ្នាអំពីរឿងការងារ និងបានផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកទៀតផង។ ឆ្លើយតបទាំងទឹកមុខសប្បាយរីករាយ លោក ផៃ ដារ៉ា ក៏បន្តទៀតថា ការហាត់ប្រាណ នៅទីនេះជួយឲ្យលោកកាត់បន្ថយភាពតាងតឹងបានមួយកម្រិត បន្ទាប់ពីបំពេញការងាររួចមក។ ក្រៅពីនេះ លោកថា ការហាត់ប្រាណជួយរំលាយជាតិខ្លាញ់ និងធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោករឹងមាំ ជៀសផុតពីជំងឺផ្សេងៗ។

ក្នុងនោះដែរ កញ្ញា ជ័យ ចណ្ឌី អ្នកហាត់ប្រាណនៅសួនមុខព្រះបរមរាជវាំង បាននិយាយដូចគ្នាថា កញ្ញាចាប់អារម្មណ៍កន្លែងហាត់ប្រាណមួយនេះ ដោយសារបរិយាកាស និងខ្យល់ល្អបរិសុទ្ធ មានផ្លូវសម្រាប់អ្នកជិះកង់ ឬដើរហាត់ប្រាណ បានយ៉ាងងាយស្រួលបំផុត។ កញ្ញាបន្ថែមទៀតថា សួនច្បារមុខព្រះបរមរាជវាំង គឺជាកន្លែងមួយសម្រាប់សាធារណៈជនទូទៅ។ ក្នុងនោះ ក៏មានជនជាតិបរទេសដែរ ដែលចាប់អារម្មណ៍កន្លែងមួយនេះ សម្រាប់ជាកន្លែងហាត់ប្រាណ ឬដើរកម្សាន្តជាលក្ខណៈមិត្តភក្តិ និងគ្រួសារក៏បាននោះដែរ៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


