ព័ត៌មានជាតិ
វិធានការ ទប់ស្កាត់ការលួចកាប់ឈើប្រណីត នៅរមណីយដ្ឋានអង្គរ
យូរៗម្ដង មានការកើតឡើងករណីលួចកាប់ឈើប្រណីត ពិសេសឈើក្រញូងក្នុងតំបន់រមណីយដ្ឋានអង្គរ។ ចំពោះវិធានការគ្រប់គ្រងបរិស្ថាន និងទប់ស្កាត់ការលួចកាប់ឈើនៅ តំបន់ការពារបេតិកភណ្ឌពិភពលោកនេះ គឺអាជ្ញាធរជាតិអប្សរា សហការជាមួយ សមត្ថកិច្ចមន្ត្រីបរិស្ថានដែលទទួលបន្ទុកទេសភាពអង្គរ នគរបាលការពារបេតិកភណ្ឌដែលទទួលបន្ទុកកិច្ចការងារក្នុងតំបន់ទាំងមូល ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានផ្ទាល់។

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្តប្រាប់ “កម្ពុជាថ្មី” ថា ការទប់ស្កាត់ កន្លងមក មានការយាមល្បាត ពីក្រុមការងារមានឧទ្យានុរក្ស ដែលទទួលបន្ទុកការងារមើលទេសភាពអង្គរ ជាមួយនគរបាលការពារបេតិកភណ្ឌ ជាមួយក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានចុះល្បាត និងនគរបាលការពារបេតិកភណ្ឌដែលទទួលបន្ទុកកិច្ចការងារក្នុងតំបន់ទាំងមូល នៅពេលយប់។

លោក ឡុង កុសល មានប្រសាសន៍បន្តថា កន្លងមកយើងបានធ្វើការសហការជាមួយឧទ្យានុរក្សដែលជាមន្ត្រីទទួលបន្ទុកការងារទៅលើតំបន់ទេសភាពអង្គរ ក៏ដូចជានគរបាលការពារបេតិកភណ្ឌធ្វើល្បាតនាពេលយប់ ប៉ុន្តែយើងមិនដែលជួបករណីកាប់ផ្ទាល់។

លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា៖ “ប៉ុន្តែខ្ញុំគិតថា ជាចំណុចមួយល្អទៀត គឺបងប្អូនប្រជាពលរដ្ឋក៏ជាផ្នែកមួយយ៉ាងសំខាន់ដែរ ព្រោះគាត់អាចដឹងច្រើន ជាពិសេសបើករណីកាប់នោះនៅកៀកជិតផ្ទះពួកគាត់ ពួកគាត់អាចលឺសំឡេង ហើយបានដឹង សូមសំណូមពរគាត់ជួយផ្ដល់ព័ត៌មានដល់ក្រុមការងារយើងផងដែរ”។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានលើកឡើងថា ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏ចូលរួម និងកំពុងស្រាវជ្រាវរកជនល្មើសលួចកាប់ដើមដើមឈើប្រណីតក្នុងតំបន់រមណីយដ្ឋានអង្គរដែរ។

លោក ម៉ុង ប៊ុនលីម មានប្រសាសន៍ថា៖ “មកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តមិនទាន់រកឃើញសញ្ញាណជនល្មើសទេ ប្រសិនបើរកឃើញ មន្ត្រីជំនាញផ្នែកខណ្ឌរដ្ឋបាលព្រៃឈើនឹងអនុវត្តតាមច្បាប់។ ហើយក្នុងដំណាក់កាលតាមដាននេះ យើងមិនអាចបង្ហាញអត្តសញ្ញាណជនល្មើសបានទេ”។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលមានបទល្មើសលួចកាប់ឈើប្រណីតក្នុងតំបន់រមណីដ្ឋានអង្គរ ដែលការលួចកាប់នេះ ច្រើនប្រព្រឹត្តនៅពេលយប់។ ករណីលួចកាប់នេះមិនមែនទ្រង់ទ្រាយធំ គឺមានការកាប់ត្រឹម ១ដើម ២ដើម ទំហំធំល្មម មុខកាត់ត្រឹម ៣ ៤តឹក ដែលមិនមែនកើតជាប្រចាំ ឬយូរៗមានម្ដង។ ករណីលួចកាប់ខ្លះ ត្រូវជនល្មើសបានយកឈើទាំងអស់ ឯករណីខ្លះត្រូវបានប្រជាពលរដ្ឋរាយការណ៍ ហើយជនល្មើសគេចរត់យករួចតែខ្លួន ដោយបន្សល់កំណាត់ឈើទីតាំងកើតហេតុ និងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្ត។

គិតពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានដឹកនាំការដាំឈើជាង ២លានដើម ក្នុងនោះមានដូចជា ក្រញូង បេង នាងនួន ធ្នង់ ព្រមទាំងដើមឈើប្រណីតៗ និងដើមឈើប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


