Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​ពី​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​ដំណើរការ​ជ្រើសរើស​យ៉ាងណាខ្លះ?

បានផុស

នៅ

ច្បាប់​ស្តី​ពី​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានបង្ហាញ​​ពី​ដំណើការ​រៀបចំ​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ។

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​មាន​ក្រុមប្រឹក្សា​ដែល​ត្រូវ​បាន​ជ្រើសរើស​ឡើង​តាម​ការ​បោះឆ្នោត​អសកល ស្រប​តាម​នីតិវិធី​​ដែល​កំណត់​ដោយច្បាប់។

ក្រុមប្រឹក្សា​មាន​អាណត្តិប្រាំ (០៥) ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅពេល​ក្រុមប្រឹក្សា​ថ្មី​ចូល​កាន់​តំណែង។ អាណត្តិ​របស់​ក្រុមប្រឹក្សា ត្រូវ​គិត​ចាប់ពីថ្ងៃបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​ផុតកំណត់​នៅ​ថ្ងៃ​បោះឆ្នោត​បន្ទាប់។

ក្នុងពេល​រង់ចាំក្រុមប្រឹក្សាថ្មី​ចូលកាន់មុខតំណែង ក្រុមប្រឹក្សា​ដែលចប់អាណត្តិ​មាន​សិទ្ធិ​អនុវត្ត​តែ​កិច្ចការ​រដ្ឋបាល​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ប្រឹក្សានីមួយៗ​ត្រូវមាន​ប្រធានម្នាក់។ ប្រធាន​ក្រុម​ប្រឹក្សា គឺជា​បេក្ខជន​ដែលស្ថិត​នៅលំដាប់​លេខ​រៀង​លើ​គេនៃ​បញ្ជី​បេក្ខជន​ដែល​មានអាសនៈ​ច្រើនជាងគេ​នៅក្នុងក្រុមប្រឹក្សា។

ក្នុងករណី​ដែលបញ្ជីបេក្ខជនមាន​អាសនៈ​ស្មើគ្នា​នៅក្នុង​ក្រុមប្រឹក្សា ប្រធានក្រុម​ប្រឹក្សា​ត្រូវ​ជ្រើសរើស​យក​បេក្ខជន ដែលមាន​លេខរៀងលើគេនៃបញ្ជីបេក្ខជនដែលមាន សំឡេង​ឆ្នោត​បាន​ការ​ច្រើន​ជាង​គេ។

បើ​យោង​តាម​មាត្រា១៨ ថ្មី ចំនួន​សមាជិក​ក្រុមប្រឹក្សានីមួយៗត្រូវ​កំណត់​ដោយផ្អែកតាម​កត្តា​ប្រជាសាស្ត្រនិង​កត្តាភូមិសាស្ត្រដូចខាងក្រោម ៖

– ក្រុមប្រឹក្សារាជធានីភ្នំពេញ មានចំនួនសមាជិកមិនលើសពីម្ភៃប្រាំពីរ (២៧) រូប
– ក្រុមប្រឹក្សាខេត្ត មានចំនួនសមាជិកពីដប់ប្រាំ (១៥) រូប ដល់ម្ភៃប្រាំពីរ (២៧) រូប
– ក្រុមប្រឹក្សាក្រុង មានចំនួនសមាជិកពីដប់មួយ (១១) រូប ដល់ម្ភៃមួយ (២១) រូប
– ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានចំនួនសមាជិកពីដប់មួយ (១១) រូប ដល់ម្ភៃមួយ (២១) រូប។

ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ ត្រូវកំណត់​ដោយអនុក្រឹត្យតាម​សំណើ​របស់រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​រយៈពេលយ៉ាងតិចមួយរយម្ភៃ (១២០) ថ្ងៃ មុនពេលផុតកំណត់​អាណត្តិ​របស់​ក្រុមប្រឹក្សា។

ក្នុងករណីគ្មានអនុក្រឹត្យចែងអំពីចំនួនសមាជិកក្រុមប្រឹក្សាអាណត្តិបន្ទាប់ទេនោះ ចំនួន​សមាជិក​សរុបរបស់ក្រុមប្រឹក្សា សម្រាប់​ក្រុមប្រឹក្សានីមួយៗ ត្រូវយកតាមចំនួន​សរុប​ចុងក្រោយ​នៃក្រុមប្រឹក្សា​អាណត្តិចាស់។

យោងតាមមាត្រា ២១ ប្រជាពលរដ្ឋខ្មែរ​ទាំងពីរ​ភេទ ដែល​មានបំណង​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បំពេញតាម​លក្ខខណ្ឌ និងមានលក្ខណសម្បត្តិ ដូចខាងក្រោម៖

– មានសញ្ញាតិខ្មែរពីកំណើត

– មានអាយុយ៉ាងតិចម្ភៃប្រាំ (២៥) ឆ្នាំ គិតមកដល់ថ្ងៃបោះឆ្នោត

– មានសិទ្ធិបោះឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ដែលកំណត់​ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា។

ក្នុង​មាត្រា២២ បាន​បញ្ជាក់ថា សមាជិកក្រុមប្រឹក្សាម្នាក់ត្រូវបាត់បង់​សមាជិកភាព​ពីសមាជិកក្រុមប្រឹក្សាក្នុង​ករណី​​ដូចខាងក្រោម​៖

-សាមីខ្លួនបាត់បង់លក្ខណសម្បត្តិនិងលក្ខខណ្ឌ សម្រាប់ឈរឈ្មោះជាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

-សាមីខ្លួនសុំលាឈប់ពីក្រុមប្រឹក្សា តាមការដាក់ពាក្យសុំលាឈប់ជាលាយលក្ខណ៍អក្សរទៅប្រធានក្រុមប្រឹក្សា

-សាមីខ្លួនទទួលមរណភាព

-សាមីខ្លួនមិនបានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាប់ៗគ្នាចាប់ពីពីរ (០២) ដងឡើងទៅ ដោយគ្មានច្បាប់អនុញ្ញាត

– សាមីខ្លួនត្រូវបណ្ដេញចេញពីសមាជិកក្រុមប្រឹក្សា អនុលោមតាមច្បាប់ នីតិវិធី ឬបទបញ្ជាផ្ទៃក្នុង ឬ ក្រមសីលធម៌របស់ក្រុមប្រឹក្សា

– សាមីខ្លួនត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ

– សាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។

នៅពេលដែលមានសមាជិកក្រុម​ប្រឹក្សា​ណាម្នាក់​បាត់បង់​សមាជិកភាព​ពី​ក្រុមប្រឹក្សា ត្រូវ​ជ្រើសរើស​បេក្ខជន​លំដាប់លេខរៀង​​ បន្ទាប់​ពីក្នុងបញ្ជីបេក្ខជនជាមួយ​មកជំនួសក្នុងរយៈពេល​យ៉ាងយូរ​ដប់បួន (១៤) ថ្ងៃ ដោយប្រកាស​របស់រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ។

ប្រសិន​បើក្រុមប្រឹក្សាណាមួយ​ អនុវត្តផ្ទុយ​ពីបទប្បញ្ញត្តិណាមួយនៃរដ្ឋធម្មនុញ្ញ ឬ​ច្បាប់ ឬ ព្រះរាជក្រឹត្យ​ ឬ អនុក្រឹត្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវធ្វើការណែនាំ​ជាលាយលក្ខណ៍​អក្សរដល់​ក្រុមប្រឹក្សា​នោះឱ្យគោរព និងអនុវត្តបទប្បញ្ញត្តិទាំងនោះ នៅក្នុងអំឡុង ពេលជាក់លាក់និង​សម​ហេតុផល​។

ក្នុងករណីក្រុមប្រឹក្សានោះនៅតែមិនព្រមអនុវត្តតាមការណែនាំ រាជរដ្ឋាភិបាល​ត្រូវរំសាយ​ក្រុម​ប្រឹក្សានោះ​ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត “គ.ជ.ប ត្រូវរៀបចំការ​បោះឆ្នោត​ឡើងវិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សាក្នុងករណីណាមួយដូចខាងក្រោម៖

-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបង្កើតថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរពីររយសែសិប (២៤០) ថ្ងៃ

-ក្រុមប្រឹក្សាដែលត្រូវរំសាយត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរមួយរយម្ភៃ (១២០) ថ្ងៃ។

– ក្រុមប្រឹក្សាដែលកើតឡើងដោយការបោះឆ្នោតឡើងវិញ មានអាណត្តិស្មើនឹងអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សានោះ។

ការបោះឆ្នោតឡើងវិញមិនត្រូវអនុញ្ញាតឱ្យធ្វើឡើយ ប្រសិនបើអាណត្តិដែលនៅ​សល់​របស់ក្រុមប្រឹក្សា​មានរយៈពេលមិន​លើស​ពីមួយរយប៉ែតសិប (១៨០) ថ្ងៃ។

ក្នុងករណីដែលមានក្រុមប្រឹក្សាណាមួយត្រូវរំសាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ត្រូវចាត់វិធានការ​ដើម្បីគ្រប់គ្រង​ជំនួសរហូត​ដល់​មានក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។

សមាជិកក្រុមប្រឹក្សានៅក្នុងមុខតំណែង​ត្រូវទទួលប្រាក់ឧបត្ថម្ភ ដែលត្រូវបើក​ចេញពី​គម្រោង​ថវិកា​ប្រចាំឆ្នាំ​របស់ក្រុមប្រឹក្សានោះ។ ប្រាក់ឧបត្ថម្ភ​ខាងលើនេះ ត្រូវកំណត់​ដោយអនុក្រឹត្យ​តាមសំណើរបស់រដ្ឋមន្តី​ក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា

ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវ​គោលបំណង​ក្នុងការ​បង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាព​ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំង​ដើម្បីបំពេញ​មុខងារភារកិច្ច​ដែលបានប្រគល់ និង​ដែលបានធ្វើប្រតិភូកម្មតាមច្បាប់​ឬ​ស្របតាមច្បាប់​។

ក្រុមប្រឹក្សា មានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេច​ខាង​ប្រតិបត្តិ។

ក្រុមប្រឹក្សា​ត្រូវបំពេញមុខងារ និងភារកិច្ច ដោយធ្វើសេចក្តីសម្រេច​នៅក្នុងអង្គប្រជុំ​ក្រុមប្រឹក្សា​របស់ខ្លួន​ និងត្រូវធានាថា​សេចក្តីសម្រេចនោះត្រូវបានអនុវត្ត។

ក្រុមប្រឹក្សា ប្រើប្រាស់​សិទ្ធិអំណាច​បញ្ញត្តិរបស់ខ្លួន​ដោយការធ្វើដីកា ស្របទៅតាម​បទប្បញ្ញត្តិ​នៃ​ច្បាប់។

ក្នុងករណីប្រធានក្រុមប្រឹក្សាអវត្តមាន ត្រូវជ្រើសយកសមាជិកក្រុមប្រឹក្សា​ដែល​ស្ថិត​នៅលេខ​រៀង​លំដាប់​បន្តបន្ទាប់​នៃបញ្ជីបេក្ខជនជាមួយប្រធានក្រុមប្រឹក្សាធ្វើជាអធិបតី​នៃអង្គប្រជុំ។

ក្នុងករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតក្នុងលំដាប់លេខរៀង​បន្តបន្ទាប់នៃបញ្ជី បេក្ខជន​ជាមួយ​ប្រធានក្រុមប្រឹក្សា​អវត្ដមាន ត្រូវជ្រើសរើសយកសមាជិក​ក្រុមប្រឹក្សា​ដែលស្ថិតនៅលេខរៀង​លើ​គេនៃ​បញ្ជីបេក្ខជនដែលជាប់ឆ្នោតលំដាប់ទី២ ក្នុងក្រុមប្រឹក្សា​ដើម្បីធ្វើជា​អធិបតីនៃអង្គប្រជុំ។

ករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតនៅលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលជាប់​ឆ្នោតលំដាប់ទី ២ ក្នុងក្រុមប្រឹក្សាអវត្តមាន ត្រូវជ្រើសយកសមាជិកក្រុមប្រឹក្សាដែលស្ថិត ក្នុងលេខរៀង​លំដាប់​បន្តបន្ទាប់​នៃបញ្ជីបេក្ខជនជាមួយនោះឱ្យធ្វើជាអធិបតីនៃអង្គប្រជុំ។

រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សានឹងមានសុពលភាពទៅបាន លុះត្រាតែមានវត្តមាន សមាជិក​ក្រុមប្រឹក្សា​មិនតិចជាង​ពាក់កណ្តាលនៃសមាជិកក្រុមប្រឹក្សាទាំងមូល។ សមាជិកក្រុមប្រឹក្សាគ្រប់ៗរូប​ដែលមានវត្តមាននៅក្នុងអង្គប្រជុំ មានសិទ្ធិបោះ ឆ្នោតមួយសំឡេង​ដើម្បីអនុម័ត​រាល់សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា។

ក្រុមប្រឹក្សាត្រូវអនុម័តដីកា ឬ សេចក្តីសម្រេច​ដោយសំឡេង​លើសពី​ពាក់កណ្តាល​នៃ​ចំនួន​សមាជិក្រុម​ប្រឹក្សាទាំងមូល។

ក្នុងករណីមានសំឡេង​ឆ្នោតស្មើគ្នា សំឡេងរបស់អធិបតីនៃអង្គប្រជុំក្រុមប្រឹក្សា​មាន​ឧត្តមានុភាព។

ក្នុង​មាត្រា៧៤ បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រជុំសាមញ្ញ​នៅក្នុងដែនដី​របស់​ខ្លួន​យ៉ាងហោចណាស់ចំនួនដប់ពីរ (១២)ដង ជារៀងរាល់​ឆ្នាំ។

អង្គប្រជុំសាមញ្ញក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រារព្ធឡើងមិនឱ្យ​មុនម្ភៃប្រាំ(២៥)ថ្ងៃ ឬ លើសពីសាមសិបប្រាំ (៣៥) ថ្ងៃ បន្ទាប់ពី​អង្គប្រជុំសាមញ្ញលើក​មុនរបស់ក្រុមប្រឹក្សា​បានឡើយ។

ក្រុមប្រឹក្សា ត្រូវអនុម័តប្រតិទិននៃការប្រជុំសាមញ្ញរបស់ខ្លួន​សម្រាប់រយៈពេល​ដប់ពីរ (១២) ខែ មិន​ឱ្យ​ហួស​ពីអង្គប្រជុំសាមញ្ញលើកទី ២ និង​សម្រាប់រយៈពេលជាបន្ត​បន្ទាប់ទៀត​ក្នុងរយៈពេល​ដប់ពីរ​(១២) ខែ​ម្តងៗ ដោយ​បញ្ជាក់​អំពី​កាលបរិច្ឆេទ និង​ទីកន្លែង​ជាក់លាក់​។

ច្បាប់​ស្តី​ពី​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង​ជំពូកទី ៣ ក៏​បាន​ចែង​អំពី​ដំណើរការ​រៀបចំឱ្យមានគណៈកម្មាធិការក្នុងក្រុមប្រឹក្សា។

មាត្រា១១៤ ក្រុមប្រឹក្សា មានកាតព្វកិច្ចរៀបចំឱ្យមានគណៈកម្មាធិការដូចខាងក្រោម៖

– គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
– គណៈកម្មាធិការលទ្ធកម្ម។

ក្រៅពីគណៈកម្មាធិការទាំងបីខាងលើនេះ ក្រុមប្រឹក្សាអាចបង្កើតគណៈកម្មាធិការ​ផ្សេងទៀត​​ដើម្បីជួយការងារ​របស់ក្រុមប្រឹក្សាតាមការចាំបាច់។

ក្រុមប្រឹក្សាអាចតែងតាំង​សមាជិកក្រុមប្រឹក្សា អភិបាល អភិបាលរង បុគ្គលិក ក្រុមប្រឹក្សាជា​សមាជិក​គណៈកម្មាធិការ​បាន។

គណៈកម្មាធិការខាងលើនេះ មិនត្រូវមានតួនាទី ភារកិច្ចត្រួតគ្នាជាមួយនឹង​តួនាទីភារកិច្ចរបស់​​គណៈកម្មាធិការ​ទាំងបី​របស់ក្រុមប្រឹក្សា ឬ តួនាទី ភារកិច្ចរបស់​គណៈអភិបាលឡើយ។

តាម​មាត្រា១១៦ .ក្រុមប្រឹក្សា​ត្រូវសម្រេចអំពីចំនួនសមាជិកគណៈកម្មាធិការនីមួយៗ អំពីការ​តែងតាំង ប្រធាន អនុប្រធាន និងអំពីការកំណត់តួនាទី ភារកិច្ច សកម្មភាពរបស់គណៈកម្មាធិការ នីមួយៗដែលខ្លួនបានបង្កើតឡើង។

ក្រុមប្រឹក្សា អាចអនុញ្ញាតឱ្យគណៈកម្មាធិការនីមួយៗជ្រើសរើសបុគ្គល ដែលមិនមែន ជាសមាជិក​ក្រុមប្រឹក្សា ធ្វើជាទីប្រឹក្សាតាមការចាំបាច់។

ក្រុមប្រឹក្សា ត្រូវធានាឱ្យមានតំណាងស្ត្រីនៅក្នុងគណៈកម្មាធិការរបស់ខ្លួន រួមទាំងប្រធាន ឬ អនុប្រធាន​គណៈកម្មាធិការផង។

គណៈកម្មាធិការនីមួយៗនៃក្រុមប្រឹក្សា ត្រូវរាយការណ៍អំពីសកម្មភាពរបស់ខ្លួនឱ្យបាន​ទៀងទាត់ឱ្យក្រុមប្រឹក្សា និងគណៈអភិបាល។ ក្រុមប្រឹក្សា អាចបញ្ឈប់​សមាជិកណាមួយ​ពីគណៈកម្មាធិការ​ដែលខ្លួនបាន​បង្កើតឡើង។

ក្រុមប្រឹក្សា ត្រូវទទួលខុសត្រូវរាល់សេចក្តីសម្រេច និងសកម្មភាពរបស់គណៈកម្មាធិការនានា ដែលខ្លួន​បានបង្កើតឡើង និងទទួលខុសត្រូវចំពោះផលវិបាកពីសកម្មភាព​របស់គណៈ​កម្មាធិការ​ទាំងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម