ព័ត៌មានជាតិ
៥ សមិទ្ធផលធំៗ បានផ្លាស់ប្តូរមុខមាត់ថ្មីខេត្តកែបកាន់តែស្រស់បំព្រង និងរីកចម្រើន
ខេត្តកែប ត្រូវបានចាត់ទុកថា ជាខេត្តសក្ដានុពលលើវិស័យទេសចរណ៍ ដែលបានទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ឱ្យទៅលេងកម្សាន្តឥតដាច់។ ជាក់ស្ដែង ពីមួយឆ្នាំទៅមួយឆ្នាំ យើងបានឃើញពីការអភិវឌ្ឍន៍ទីកន្លែងលេងកម្សាន្តនានា ជាពិសេសការកែលំអរទៅលើការកែលំអសោភ័ណភាព ហេដ្ឋារចនាសម្ពន្ធ ក្នុងខេត្តសម្រាប់បម្រើឱ្យសក្ដានុពលទេសចរណ៍។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេក៏ឃើញមានសមិទ្ធផលធំៗមួយចំនួន បាននិងកំពុងលេចរូបជាបណ្ដើរៗ ដែលធ្វើឱ្យខេត្តនេះ កាន់តែមានការទាក់ទាញបន្ថែមទៀត។
ថ្ងៃនេះ «កម្ពុជាថ្មី» និងលើកសមិទ្ធផលធំៗចំនួន ៥ ដែលខេត្តកែបសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៖
១. អភិវឌ្ឍឆ្នេរថ្មីប្រវែង ២,៧០០ម៉ែត្រ
ឆ្នេរប្រវែង ២,៧០០ម៉ែត្រ ត្រូវបានអភិវឌ្ឍចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ គម្រោងនេះត្រូវបានអនុវត្តក្រោយពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០២១ ដើម្បីធ្វើការពង្រីកឆ្នេរខ្សាច់កាន់តែធំទូលាយសំដៅលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ប្រែក្លាយពីតំបន់ដែលមិនមានការអភិវឌ្ឍ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍មានភាពធំទូលាយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តខេត្តនេះឱ្យបានកាន់តែច្រើនកុះករបន្ថែមទៀត។

ជាពិសេស ក៏បានជួយជំរុញដល់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត ក្នុងការបង្កើតមុខរបរ ចូលរួមកាត់បន្ថយភាពក្រីក្រ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិ។
២. ផែទេសចរណ៍កោះទន្សាយ ទាំងលើគោក និងលើកោះ
ផែទេសចរណ៍កោះទន្សាយ ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ តាមរយៈសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប ជាប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣- ២០៣៥ ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រ សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។

មិនតែប៉ុណ្ណោះ កំពង់ផែបែបស្តង់ដារមួយនេះ ក៏នឹងជួយរុញសក្ដានុពលតាមបណ្ដាកោះទាំង ១២ និងថ្មប៉ប្រះទឹក១ ឲ្យកាន់តែមមាញឹកក្នុងការទទួលស្វាគមន៍ភ្ញៀវទេសទេសចរ។ បន្ថែមពីនេះ កំពង់ផែកោះទន្សាយក៏បានជួយឱ្យប្រជាពលរដ្ឋដែលរស់នៅលើកោះ កាន់តែងាយស្រួលក្នុងការរស់នៅ និងបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈវិស័យទេសចរណ៍ផងដែរ។
៣. ផ្លូវប្របមាត់សមុទ្រ ភ្ជាប់ពីរមណីយដ្ឋានក្រុងកែប ឆ្ពោះទៅកាន់ឆ្នេរអង្កោល ប្រវែងប្រមាណជាង ១២ គីឡូម៉ែត្រ
ផ្លូវប្របមាត់សមុទ្រប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់គ្នាចាប់ពីកំពង់ផែកោះទន្សាយខេត្តកែប មកកាន់ឆ្នេរអង្កោល និងបំបែកតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ១៣ – ៣២ ត្រូវបានស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំណាយថវិកាប្រមាណ ១០,៥ លានដុល្លារអាមេរិក។

ផ្លូវប្របមាត់សមុទ្រនេះ នឹងប្រែក្លាយជាសរសៃឈាមទេសចរណ៍មួយយ៉ាងសំខាន់តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោល ទៅដល់ថ្ងៃអនាគត នឹងនាំឲ្យមានកំណើនទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្តទស្សនាខេត្តកែបកាន់តែច្រើនឡើង ហើយក៏អាចបញ្ចៀសការកករស្ទះ នៃភ្ញៀវទៅលេងកម្សាន្តលម្ហែនៅឆ្នេរកែបផងដែរ។
៤. ទីលានចាក់សម្រាម
ទីលានចាក់សំរាមនៅក្នុងខេត្ត ត្រូវបានសាងសង់ឡើង នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រើប្រាស់ថវិកាសាងសង់ជាង ១០ លានដុល្លារ (១០ ៧៦៩ ៥៣២) សាងសង់ដោយក្រុមហ៊ុន Renardet S.A សហការជាមួយក្រុមហ៊ុន SBK Research and Development Co., Ltd.។

ទីលានចាក់សំរាមនេះ ស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានសាងសង់ឡើងមានចំនួន ៤ រណ្ដៅ មានសមត្ថភាពផ្ទុកសំរាមបានប្រមាណ ៦០០ ០០០ ម៉ែត្រត្រីគុណ ក្នុងរយៈពេល ២០ឆ្នាំ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។ ក្រោយសម្ភោធទីលានចាក់សំរាមនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ ជាពិសេសការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។
៥. គម្រោង ផ្លូវជិះកង់ពីខេត្តកែបទៅខេត្តកោះកុង
ក្រោមគំនិតផ្ដួចផ្ដើម និងការចង្អុលបង្ហាញពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដល់រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ ដែលចង់ឱ្យមានការសាងសង់ផ្លូវចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រ សម្រាប់ជិះកង់ និងរត់តាមឆ្នេរសមុទ្រពីកែប ទៅកោះកុង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចឱ្យជិះកង់ ឬរត់ម៉ារ៉ាតុងបានតាមដងផ្លូវនេះ។

តាមរយៈផ្លូវជិះកង់ និងរត់តាមឆ្នេរសមុទ្រពីកែប ទៅកោះកុង នេះដែរ ក្រោយស្ថាបនារួចរាល់ជាស្ថាពរ វានឹងជួយទាក់ទាញដល់វិស័យអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍កីឡាជាដើម៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


