Connect with us

ព័ត៌មានជាតិ

មក​ដឹង​ប្រវត្តិ​ខ្លះៗ​ពី​ព្រលានយន្តហោះ​​សៀមរាប​ចាស់ ក្រោយ​បិទទ្វារ​ជា​ផ្លូវការ

បានផុស

នៅ

យោងតាមឯកសារ​ស្រាវជ្រាវ​ព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ បាន​បើក​ដំណើរការ​ដំបូង​នៅ​ឆ្នាំ ១៩៣២ ក្នុង​សម័យ​អាណានិគម​បារំាង និង​បានកែលម្អ​បន្ថែម​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ឆ្នាំ១៩៥៥។

នៅ​ឆ្នាំ​១៩៧០ ព្រលានយន្តហោះអន្តរជាតិសៀមរាប ក៏បានបិទទ្វារដោយសារ​សង្រ្គាមស៊ីវិល ហើយ​បាន​បើក​ដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦ រហូត​មកដល់បច្ចុប្បន្ន។

ឆ្នាំ​ ២០០៥ ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​បាន​ធ្វើការ​អភិវឌ្ឍ​ជា​លើក​ចុងក្រោយ ដើម្បី​លើកស្ទួយ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​មាន​លទ្ធភាព​អាច​ចុះចត​បាន​ចាប់ពី​ប្រភេទ​យន្តហោះ​តូច​រហូត​ដល់​យន្តហោះ​ធំៗ​ប្រភេទ Boeing 737 និង Airbus A320 ជាដើម​។

ព្រលាន​យន្តហោះ​សៀមរាប​ចាស់ តែងតែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​ភ្ញៀវ​ទេសចរ​នៅ​ទូទាំង​ពិភពលោក​ថា «​ជា​ព្រលាន​​​​យន្តហោះ​តូច​ច្រឡឹង ស្រស់​ស្អាត​នៅ​ក្នុង​តំបន់​» គឺ​រាប់ទាំង​រចនាប័ទ្ម​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ និង​សេវាកម្ម​​ដ៏​រស់​រវើក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ផ្ទុះ​វិបត្តិ​ជំងឺ​កូវីដ នៅ​ឆ្នាំ ២០១៩ អតីត​ព្រលាន​យន្តហោះចាស់​នៅ​ក្រុង​​សៀមរាប​ទទួល​ជើង​ហោះហើរ​មួយ​ថ្ងៃ ១០០ ជើង។ បច្ចុប្បន្ន​ចលនា​ជើង​ហោះ​ហើរ​​ប្រចាំថ្ងៃ​​​មាន​ត្រឹម ៣៤ ជើង ឬ​ស្មើ ៣២% នៃ​ឆ្នាំ ២០១៩។

នៅ​ឆ្នាំ ២០១៩ ព្រលានយន្ត​ហោះ​សៀមរាប​ទទួល​បាន​អ្នក​ដំណើរ​ផ្លូវ​អាកាស​ចំនួន ៣,៩ លាន​នាក់ និង​ទទួល​ចលនា​ជើង​ហោះហើរ​ជិត ៤០ ពាន់​ជើង។

ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​សៀមរាប បានប្រកាស​​បិទទ្វារ​ឈប់​ទទួលជើងហោះហើរជាផ្លូវការចាប់ពីម៉ោង ១២ ​យប់​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ២០២៣។ ការ​បិទទ្វារ​អាកាស​យានដ្ឋានអន្តរជាតិសៀមរាបចាស់ ធ្វើ​ឡើង​ក្រោយ​ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេច​ដាក់ឱ្យដំណើរការ​ជាផ្លូវ​ការអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរថ្មី​នៅថ្ងៃទី១៦ ខែ​តុលា ឆ្នាំ ២០២៣

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំ​ពាក្យអាកាសចរស៊ីវិល​បានបញ្ជាក់​ថា តាមសេចក្តីសម្រេច ស.ជ.ណ របស់​រដ្ឋាភិបាល អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នឹងត្រូវប្រគល់ឱ្យក្រុមហ៊ុន Angkor International Airport Investment (AIAI) ជាអ្នកគ្រប់គ្រងបន្ត។ ដោយឡែក​ការសម្រេចចិត្ត​របស់ក្រុមហ៊ុន​យកទៅ​អភិវឌ្ឍធ្វើអ្វីនោះ គឺជាការសម្រេចរបស់ក្រុមហ៊ុន ប៉ុន្តែ​ក៏ត្រូវពិគ្រោះយោបល់​ជាមួយ​រដ្ឋាភិបាល​ជាមុនផងដែរ។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន Cambodia Airports ជា​សាខា​មួយ​របស់​ក្រុមហ៊ុន VINCI Airports ដែល​ប្រតិបត្តិការ​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិទាំង ៣ នៅកម្ពុជា​គឺ ​ភ្នំពេញ សៀមរាប និង​ក្រុង​ព្រះសីហនុ។

ជាមួយ​នឹង​វត្តមាន​ធ្វើ​ប្រតិបត្តិ​ការ​អស់​ជាង ២០ ឆ្នាំ​ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក លើ​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​ទាំង ៣ នៅ​កម្ពុជា ដោយ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​​ស្រប​តាម​ការអភិវឌ្ឍ​រីកចម្រើន​នៃ​វិស័យ​អាកាសចរ​របស់​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម