ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ លោកស្រី ទ្រី ដាណា អាចប្តឹងទៅសមត្ថកិច្ច ករណីមិនសុខចិត្តជុំវិញការអនុវត្តមន្រ្តីនគរបាល
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានថ្លែងថា ចំពោះករណីលោកស្រី ទ្រី ដាណា ដែលមិនសុខចិត្តជុំវិញការអនុវត្តច្បាប់របស់មន្រ្តីនគរបាល ពាក់ព័ន្ធការដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលដែលប៉ះពាល់ដល់ស្វាមីរបស់ខ្លួន គឺលោកស្រីអាចដាក់ពាក្យបណ្តឹងបាន ចៀសវាងការបង្ហោះសារម្តងហើយម្តងទៀតនាំឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូរបស់សមត្ថកិច្ច។
ការលើកឡើងរបស់មន្រ្តីនាំពាក្យ បន្ទាប់ពីសង្កេតឃើញលោកស្រី ទ្រី ដាណា ដែលត្រូវបានមហាជនស្គាល់ថាជាសេដ្ឋីជំនួញអនឡាញ និងលក់មាស-ពេជ្រ បានបង្ហោះសារម្តងហើយម្តងទៀតនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារសំដៅដល់ការរិះគន់ទៅលើសមត្ថកិច្ច។ តួយ៉ាងកាលពីយប់ថ្ងៃទី ២៩ មេសា លោកស្រី បានបង្ហោះសារថា៖«ចង់ទៅផ្ទះព្រែកព្នៅមើលកូន(នឹកកូនណាស់ )តែមិនហ៊ានទៅខ្លាចប៉ារ៉ាសមុខផ្ទះ ហេតុអីខ្ញុំមានសម្ពាធបែបនេះ????សូមបញ្ជាក់ផងដែរថាខ្ញុំជាមនុស្សម្នាក់ដែលគោរពច្បាប់ខ្លាំងណាស់និងសហការខ្លាំងណាស់ តែពេលនេះខ្ញុំខ្លាច»។

ការបញ្ចេញសារបែបឌឺឌងនេះ ក្រោយពីកម្លាំងនគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ការអនុវត្តនេះ សមត្ថកិច្ចក៏បានឃាត់ឡានរបស់ស្វាមីអ្នកស្រី ដែលបើកបរនៅតាមបណ្តោយផ្លូវនោះ ដើម្បីត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែក្រោយពិនិត្យរួចពុំមានជាតិអាល់កុលក្នុងខ្លួន សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យធ្វើដំណើរតាមធម្មតា។
ពាក់ព័ន្ធបញ្ហានេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ នៅថ្ងៃទី៣០ មេសានេះ បានឱ្យដឹងថា សមត្ថកិច្ចនៅតាមគោលដៅ ក៏ដូចជាអង្គភាពដែលមានឋានានុក្រមពីលើ បានធ្វើការដោះស្រាយដោយបានបញ្ជាក់នូវមូលដ្ឋានផ្សេងៗ ក្នុងការបកស្រាយជូនហាជនរួចរាល់ហើយ ជុំវិញអង្គហេតុទាំងអស់នោះ។ លោកបានផ្តល់ជាយោបល់ថា៖«ខ្ញុំគិតថា បើសិនជាលោកស្រី ទ្រី ដាណា មិនសុខចិត្តចំពោះការពន្យល់បកស្រាយ របស់សមត្ថកិច្ច ឬការដោះស្រាយណាមួយនោះ លោកស្រីមានសិទ្ធិក្នុងនាមប្រជាពលរដ្ឋដើម្បីប្តឹងតវ៉ាតាមឋានានុក្រុមជាបន្តបន្ទាប់។ ឧទាហរណ៍ ដាក់បណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬអាចដាក់បណ្តឹងស្នើសុំអន្តរាគមន៍ណាមួយនោះ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាដើម បើសិនជាមានមូលដ្ឋានត្រឹមត្រូវ តាមគតិច្បាប់»។

ចំពោះការផ្ញើសារជាបន្តបន្ទាប់នៅលើបណ្តាញសង្គមវិញ មន្រ្តីនាំពាក្យ ទទួលស្គាល់ថាគឺជាសិទ្ធិសេរីភាព ក្នុងនាមប្រជាពលរដ្ឋ។ ប៉ុន្តែលោកថា៖«ពេលខ្លះយើងត្រូវតែអនុវត្តទៅតាមបែបបទរដ្ឋបាល ឬផ្លូវច្បាប់ជាដើមសម្រាប់សម្របសម្រួលដោះស្រាយគ្នា ចៀសវាងបង្ហោះសារម្តងហើយម្តងទៀត ដែលគ្មានមូលដ្ឋាន គ្មានសម្អាង នាំឱ្យមានការវាយតម្លៃទៅលើសមត្ថកិច្ចថាបែបនេះ បែបនោះ នាំឱ្យមហាជនមានសតិអារម្មណ៍មិនល្អចំពោះសមត្ថកិច្ច និងចំពោះការអនុវត្ត ដើម្បីឈានទៅការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើន នាំឱ្យសង្គមមានភាពល្អប្រសើរ»។
លោកបានឆ្លើយតបវិញថា ការដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងពេលយល់នៅកម្ពុជា គឺជាអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ លោកថា៖«សម្តេចធិបតី បានចង្អុលបង្ហាញឱ្យមានការកែសម្រួលម៉ោងពេលនៅក្នុងការដាក់គោលដៅពិនិត្យជាតិស្រវឹង គឺចាប់ពីម៉ោង ១១ ទៅដល់ម៉ៅង ២ យប់ ជាអំឡុងពេលនៃការត្រួតពិនិត្យជាតិស្រវឹងតាមគោលដៅនីមួយ»។លោកនិយាយទៀតថា ក្រៅពីនេះគឺផ្អែកទៅលើផែនការអាទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃ ដែលយកទិសដៅបញ្ហាចរាចរណ៍ ជាលំដាប់ទី ២ ដែលជាការព្រួយបារម្ភ ពីព្រោះក្នុងមួយថ្ងៃៗនៅតែមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិជាច្រើន។
លោកបញ្ជាក់ថា ៖« ការដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនេះ គឺជាការអនុវត្តជាទូទៅ ដែលហៅថាគោលការណ៍សមភាពមិនសំដៅ ឬមិនចំពោះទៅលើបុគ្គលណាមួយ ក្រុមណាមួយ ឬតួអង្គណាមួយជាដាច់ខាត ដោយយើងគោរពសិទ្ធិមនុស្សទូទៅ»។

គួររំឭកបន្តិចថា ក្រោយកើតហេតុខាងលើនោះ លោកស្រី ទ្រី ដាណា បានសរសេរថា៖« ការរស់នៅរាល់ថ្ងៃរាងពិបាកណាស់តាំងពីមកនៅផ្ទះម្តុំសែនសុខនេះ ផលលំបាករបស់ខ្ញុំគឺនៅពេលយប់តែម្ដង ចំពេលដែលគេឆែកជាតិអាល់កុលគឺជារៀងរាល់ពេលគឺឡានខ្ញុំត្រូវតែចូលឆែកគ្រប់ពេលមិនថាឈឺស្កាត់យប់ព្រលប់មកពីមន្ទីរពេទ្យ ឬក៏មកពីផ្ទះខ្ញុំនៅហាង ពេជ្រឬក៏មកពីធ្វើការ គឺត្រូវតែចូលពិនិត្យជាតិអាកុលគ្រប់ពេល»។
យ៉ាងណាមិញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺជូនថា ការចុះអនុវត្តជាតិស្រវឹង គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្តជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត ៤ដង គិតចាប់ពីម៉ោង ២៣:០០នាទី រហូតដល់ម៉ោង ០២:០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្តគឺចល័តគោលដៅ។ ចំណែកនៅគោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ៕
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៥ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


