ព័ត៌មានជាតិ
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
នេះជាលើកទី៥ហើយ ដែលច្រាំងស្ទឹងសង្កែក្បែរស្ពានវត្តគរ ត្រើយខាងកើតត្រូវបានជួសជុលជាបន្តបន្ទាប់ដោយសារតែការបាក់ស្រុតឥតឈប់ឈរ និងការស្ថាបនាមិនចេះជាប់។

គួរបញ្ជាក់ដែរថា ច្រាំងស្ទឹងត្រើយខាងកើតក្បែរស្ពានវត្តគរ គឺស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលស្ពាននេះស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីខេត្តបាត់ដំបងទៅកាន់ខេត្តប៉ៃលិន ដោយឆ្លងកាត់ដងស្ទឹងសង្កែ និងស្ថាបនាឡើងដោយមូលនិធិរាជរដ្ឋាភិបាល។
ក្រោយពីការកសាងស្ពានបានបញ្ចប់ ច្រាំងស្ទឹងប៉ែកខាងកើតក៏បានបាក់ស្រុតចុះទៅក្នុងស្ទឹងជាបណ្ដើរៗ រហូតធ្វើឲ្យខូចខាតដល់ផ្លូវមួយខ្សែនោះថែមទៀតផង ស្ទើរតែមិនអាចធ្វើចរាចរណ៍បានដោយសារតែការបាក់ស្រុតមានសន្ទុះខ្លាំងពេក។ ដោយសារបញ្ហានេះវាអាចនឹងប៉ះពាល់ដល់ឃឿនក្បាលស្ពានវត្តគរផងនោះ គេសង្កេតឃើញថា ក្រុមការងារជំនាញបានដាក់គ្រឿងចក្រចុះមកកែកុនទៅតាមបច្ចេកទេសដែលគេមានដូចជា យកលួសសំណាញ់ទៅប្រទាក់ក្រឡាបួនជ្រុងដោយទម្លាក់ដុំថ្មធំៗចូលទៅក្នុងលួសសំណាញ់នោះហើយដាក់តម្រៀបជាជួរតាមបណ្ដោយច្រាំងដងស្ទឹងដើម្បីទប់ដីដែលចាក់ថ្មីកុំឲ្យរអិលចូលទៅក្នុងស្ទឹង តែលទ្ធផលបែបនេះគឺទទួលបានពិន្ទុសូន្យ ព្រោះដុំថ្ម និងលួសសំណាញ់ត្រូវបានដីរុញចូលទៅបាតស្ទឹងគ្មានសល់។

ចាប់តាំងពីនោះមកការជួសជុល និងស្ថាបនាចំណុចខាងលើនេះត្រូវបានគេធ្វើជាបណ្ដើរៗទៅតាមគំនិតច្នៃប្រឌិតបែបជំនាញមួយលើកជាពីរលើក រហូតដល់ពេលនេះគឺជាលើកទី ៥ ហើយ ដែលគេមិនដឹងថា តើអាចឈានទៅដល់លើកទី ៦ ទៀតដែរឬទេ? ហើយការចំណាយថវិកាជាតិដូចគេយកមកបោះចោលក្នុងស្ទឹងបែបនេះដែរ។
មានមតិជាច្រើនក៏បានចោទសួរថា ហេតុអ្វីបានជាទីតាំងនេះធ្វើមិនជាប់ ហើយធ្វើជាប់រហូតបែបនេះ? ហេតុដូចម្ដេចបានជាគេមិនយកគំរូច្រាំងស្ទឹងនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្ត? ព្រោះទីតាំងនោះគេសង្កេតឃើញថាចំមុខទឹក និងច្រាំងស្ទឹងមានសភាព កោងផង ចុះម្ដេចក៏គេធ្វើមិនបាក់?

ជួបជាមួយបុរសវ័យចំណាស់ម្នាក់ដែលជាអ្នកបើកអេស្កា នៅចំណុចខាងលើលោកបាននិយាយថា យើងចាំមើលទាំងអស់គ្នាទៅឆ្នាំក្រោយថាតើទីតាំងនេះអាចបាក់ស្រុតទៀតដែរឬទេ។ ពាក្យនេះ គឺបន្ទាប់ពីឮសំណួរយើងសួរថា ហេតុអ្វីបានជាធ្វើហើយបាក់រហូតបែបនេះ? ព្រោះការចំណាយថវិកាជាតិក៏មិនតិចដែរទៅលើការជួសជុលដដែលៗយ៉ាងដូច្នេះ។ ព្រោះដោយសារតែឃើញថាការស្ថាបនាលើកនេះដែលជាលើកទី ៥ គឺពុំមានបុកគ្រឹះ និងចាក់បេតុងមួយដំណក់ឡើយ ដូច្នេះតើច្រាំងស្ទឹងអាចស្ថិតនៅបានរហូតដែរឬទេ?៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


