ព័ត៌មានជាតិ
កម្លាំងមួកខៀវកម្ពុជាបានវិលចូលប្រទេសវិញហើយ ក្រោយចប់បេសកកម្មនៅប្រទេសម៉ាលី
កម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាពវិញហើយ ក្រោយបានបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសម៉ាលី ក្រោមឆត្រអង្គការ សហប្រជាជាតិ។

ពិធីទទួលដំណើរមកដល់របស់កងកម្លាំងមួកខៀវកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការចូលរួមពីលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទជាច្រើនទៀត។ កម្លាំងដែលមកដល់ពេលនេះ មានចំនួនសរុប៩០នាក់ ដោយក្នុងនោះ ៦៧នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ បានបំពេញបេសកកម្មនៅតំបន់គីដាល់ និង២៣នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ ដែលបានបំពេញបេសកកម្មនៅទីក្រុងហ្គាវ ប្រទេសម៉ាលី។

ស្ថិតក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាលោកប្រធានគណៈកម្មាធិការជាតិ។
លោកនាយឧត្តមសេនីយ៍ លើកឡើងថា កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ការគោរព និងការចូលរួមបេសកកម្មនេះ គឺជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាពពិភពលោក។ លោក បានបន្តថា កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ មិនត្រឹមតែជាកម្លាំងនៃកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ តែថែមទាំងជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ ដែលជានិមិត្តរូបនៃភាពក្លាហានក្នុងការចូលរួមចំណែកបំពេញភារកិច្ចក្នុងប្រទេសដែលរងជម្លោះ និងអស្ថិរភាព។

នេះជាការមកដល់លើកទី២ ហើយ បន្ទាប់ពីកងកម្លាំងមួកខៀវនាំមុខរបស់កម្ពុជាបានមកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ កន្លងមក និងពេលបច្ចុប្បន្ន កងកម្លាំងនៃកងយោធពលខេមរភូមិន្ទរបស់កម្ពុជា បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសជាច្រើន ដែលរងគ្រោះដោយសារភ្លើងសង្គ្រាម ជាអាទិ៍ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត អាហ្វ្រិកកណ្តាល លីបង់ សាយប្រឺស ស៊ីរី ម៉ាលី យេមេន និងកុងហ្គោ ជាដើម។ ជំនាញសំខាន់ៗដែលកងកម្លាំងកម្ពុជាទទួលបន្ទុក មានដូចជា បោសសំអាតមីន កម្ទេចគ្រឿងផ្ទុះ ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ កងរាជអាវុធហត្ថ វិស្វកម្មពហុជំនាញ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


