ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន បិទវគ្គហ្វឹកហ្វឺនកសាងសមត្ថភាពវិស្វកម្មសំណង់ស៊ីវិលសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព
ក្រោមគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន នៅថ្ងៃទី២៧ ខែកុម្ភៈ នេះ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនការកសាងសមត្ថភាពវិស្វកម្មសំណង់ស៊ីវិល សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។ ពិធីនេះរៀបចំឡើងក្រោមវត្តមានឧត្ដមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងអគ្គនាយកស្ដីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអនុព័ន្ធយោធាជប៉ុនប្រចាំកម្ពុជា វរសេនីយ៍ឯក ហារ៉ា តាកាហ្ស៊ី ដែលជាតំណាងក្រសួងការពារជាតិជប៉ុន។

របាយការណ៍របស់នាយករងវិទ្យាស្ថានហ្វឹកហ្វឺនបណ្ដុះបណ្ដាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឱ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល ៣០ថ្ងៃ ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី២៦ មករា ដល់២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការពង្រឹងនៅលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរឡើងថែមទៀត។ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចូលរួមសិក្សាចំនួន២០រូប ក្រោមការហ្វឹកហ្វឺនពីសំណាក់យោធាចារ្យជប៉ុនចំនួន១៥រូប លើជំនាញវិស្វកម្មសំណង់ស៊ីវិល ផ្តោតលើការបញ្ជា ប្រើប្រាស់រថយន្តស្ទូច (Crane)។

តំណាងក្រសួងការពារជាតិជប៉ុន វរសេនីយ៍ឯក ហារ៉ា តាកាហ្ស៊ី គូសបញ្ជាក់ថា តាមរយៈគម្រោងនេះ ក្រសួងការពារជាតិ និងកងស្វ័យការពារជប៉ុន បានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ហើយការពង្រឹងសមត្ថភាពនេះ មិនត្រឹមតែបានចូលរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថាន និងការថែរក្សាសន្តិសុខជាសកលផងដែរ។

វរសេនីយ៍ឯក ហារ៉ា តាកាស៊ី អះអាងថា ក្រសួងការពារជាតិ និងកងស្វ័យការពារជប៉ុន នឹងបន្តកសាងទំនាក់ទំនង និងជំនឿទុកចិត្តជាមួយកម្ពុជា ដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយរក្សា និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ ក៏ដូចជារួមចំណែកក្នុងផែនការពង្រឹងសមត្ថភាពកងយោធាកម្ពុជាសម្រាប់ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តផ្ដល់នូវការគាំទ្រ នៃសហប្រតិបត្តិការជាបន្តទៅមុខទៀត។

លោក សែម រតនា បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមយោធាចារ្យជប៉ុន និងគណៈគ្រប់គ្រងវិទ្យាស្ថាន ដែលបានខិតខំពុះពារផ្ទេរចំណេះដឹងដ៏មាន តម្លៃ បង្កើនសមត្ថភាពដល់សិក្ខាកាមទាំង២០រូប លើជំនាញវិស្វកម្មសំណង់ស៊ីវិល ផ្តោតលើការបញ្ជា ប្រើប្រាស់រថយន្តស្ទូច (Crane) ដើម្បីឆ្លើយតបទៅនឹងការពង្រឹងលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទឲ្យមានដំណើរការស្របទៅតាមបរិបទសហសវត្សថ្មី និងសមស្របតាមគន្លងនៃផែនការកែទម្រង់កងយោធពលខេមរភូមិន្ទឲ្យមាន ប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើការក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប។

លោក សែម រតនា អះអាងថា ចំពោះវគ្គសិក្សាលើជំនាញវិស្វកម្មសំណង់ស៊ីវិល គឺជាវគ្គហ្វឹកហ្វឺនគម្រោងថ្មីមួយទៀតដោយជ្រើសរើសយកជំនាញ បញ្ហាប្រើប្រាស់រថយន្តស្ទូច (Crane) ដែលជាជំនាញមួយពិបាករកសមត្ថភាព ធនធានមនុស្សក្នុងជួរ កងកម្លាំងរក្សាសន្តិភាពកម្ពុជា និងចំណាយធនធានថវិកាច្រើនក្នុងការបណ្តុះបណ្តាលផងដែរ។ តាម ការសិក្សាមេរៀនទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងនៅលើទីលានធ្វើឲ្យយើងទទួលបានកំណើនធនធាន មនុស្សកើនឡើងគួរជាទីមោទនៈ។

អគ្គនាយកស្ដីទី នៃមជ្ឈមណ្ឌលរក្សាសន្តិភាព បានក្រើនរំលឹកដល់សិក្ខាកាមទាំង២០រូបដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនថា ចំណេះដឹងតែមួយមុខគត់ពិតជាមិនគ្រប់គ្រាន់ឡើយ ដូច្នេះត្រូវបន្តខិតខំប្រឹងប្រែង និងបន្តធ្វើវឌ្ឍនភាពចំណេះដឹងរបស់ខ្លួនបន្ថែមទៀត និងត្រូវយកចំណេះដឹង ដែលបានពីក្រុមគ្រូយោធាចារ្យជប៉ុនទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធិភាព។

បើតាមរបាយការណ៍ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងតំបន់នៃប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ គិតមកដល់បច្ចុប្បន្ន ក្រោមអនុស្សរណៈ នេះ ជប៉ុនបានបណ្ដុះបណ្ដាលសិក្ខាកាមកម្ពុជា បានសរុបប្រមាណ២៧៥នាក់ លើជំនាញគ្រប់គ្រងការដ្ឋានសំណង់,ការសាងសងផ្លូវលំ ផ្លូវប៉េតុង,ប្រព័ន្ធប្រលាយរំដោះទឹកអមផ្លូវ, ប្រព័ន្ធលូ, ការវាស់ស្ទង់ (TOPO) និងរបៀបថែទាំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបញ្ជាប្រើប្រាស់ គ្រឿងចក្រវិស្វកម្មធុនធ្ងន់ជាដើម។ ជំនាញដែលបានសិក្សាទាំងនេះអស់សុទ្ធតែបានយកទៅបម្រើការនៅតំបន់បេសកកម្ម ដូចជា លីបង់,ម៉ាលី និងអាហ្វ្រិកកណ្តាលជាតំបន់ត្រូវការជំនាញខាងលើជាចាំបាច់បំផុត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


