ព័ត៌មានជាតិ
បច្ចុប្បន្នអ្នកធាក់ស៊ីក្លូ អាចរកប្រាក់ចំណូលត្រឹមតែ ២ម៉ឺន ទៅ ៣ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ
ក្រុមអ្នកធាក់ស៊ីក្លូ បានប្រាប់ឱ្យដឹងថា ពេលបច្ចុប្បន្ននេះ មុខរបរធាក់ស៊ីក្លូរបស់ពួកគាត់ ពុំសូវអាចរកប្រាក់ចំណូលបានច្រើនដូចមុននោះទេ ទោះបីជាមានភ្ញៀវទេសចមកលេងប្រទេសកម្ពុជា មានកំណើនកើនច្រើនជាមុនក៏ដោយ។ ពួកគាត់លើកឡើងថា ក្នុងមួយថ្ងៃ ការធាក់ស៊ីក្លូអាចស្វែងរកប្រាក់ចំណូល បានត្រឹមតែ ២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល ទៅតាមភ្ញៀវទេសចរ ដែលមានបំណងចង់ជិះកម្សាន្ត ជុំវិញតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ និងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោក ហោ សាម៉ុន អាយុ ៧០ឆ្នាំ អ្នកធាក់ស៊ីក្លូនៅម្ដុំផ្សាររាត្រីមាត់ទន្លេ បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា លោកបានប្រកបមុខរបរជាអ្នកធាក់ស៊ីក្លូនេះ ជាង ៣០ឆ្នាំរួចមកហើយ។ សម្រាប់ពេលបច្ចុប្បន្ននេះ ការធាក់ស៊ីក្លូរបស់លោក ក្នុងមួយថ្ងៃគឺអាចរកប្រាក់បាន ត្រឹមតែចន្លោះពី ២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល តែប៉ុណ្ណោះ។
លោកបន្ថែមថា ប្រាក់បានពីការធាក់ស៊ីក្លូនេះ គឺទុកសម្រាប់ចំណាយទៅលើអាហារ ៣ពេល និងសល់ខ្លះគ្រាន់សន្សំទុក ដើម្បីប្រើប្រាស់ពេលឈឺម្ដងៗ ខណៈលោកអះអាងថា ការធាក់ស៊ីក្លូនេះ ដើម្បីតែអាហារ ៣ពេល និងមើលតែជំងឺប្រចាំកាយ ដោយសារវ័យកាន់តែចាស់ទ្រុឌទ្រោម ទៅហើយនោះ។
លោក ហោ សាម៉ុន បន្តទៀតថា នៅពេលដែលសម្រាកពីការធាក់ស៊ីក្លូ លោក និងអ្នកធាក់ស៊ីក្លូផ្សេងៗទៀត បាននាំគ្នាទៅសុំសំយាបផ្ទះគេ ដើម្បីសម្រាកឱ្យរួចមួយយប់ៗ ជាជាងសម្រាកនៅតាមចញ្ចើមផ្លូវ និងទីធ្លោហាសវាល ដែលគ្មានដំបូល ព្រោះពេលខ្លះមានភ្លៀងធ្លាក់មក នាំឱ្យពិបាកស្នាក់នៅជាងតាមសំយាបផ្ទះ ដែលលោកធ្លាប់សុំម្ចាស់ផ្ទះគេស្នាក់នៅបណ្ដោះអាសន្ន កន្លងមក។

ចំណែកលោក សេម លន អាយុ ៦០ អ្នកធាក់ស៊ីក្លូ នៅម្ដុំផ្សាររាត្រីមាត់ទន្លេ ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដូចគ្នាដែរថា សម្រាប់ពេលបច្ចុប្បន្ននេះ មុខរបរធាក់ស៊ីក្លូ គឺមានការធ្លាក់ចុះមុនបន្តិច ដោយសារតែប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរ នាំគ្នាទៅជិះប្រភេទរថយន្តតាក់ស៊ី និងកង់បីឥណ្ឌា ដែលគេពេលនិយមហៅថា «ផាសអាប់» ជាជាងការជិះស៊ីក្លូ ដូចកាលពីដើមឆ្នាំ ២០០០ ដែលលោកថា ជាជំនាន់ពេញនិយមជិះស៊ីក្លូ ហើយការរកប្រាក់ពីការធាក់ស៊ីក្លូ ក៏បានច្រើនគួរសមដែរ។
លោកបន្ថែមថា សម្រាប់ពេលបច្ចុប្បន្ននេះ មុខរបរធាក់ស៊ីក្លូ គឺបានត្រឹមតែមួយថ្ងៃ ២ម៉ឺនរៀល ឬ ៣ម៉ឺនរៀល ទៅតាមពេលសម្បូរភ្ញៀវទេសចរ ឬមិនសម្បូរ ដែលមកពីបណ្ដាប្រទេសនានា និងបានតាមរយៈហៅភ្ញៀវដាក់ឱ្យពីប្រធានសមាគមស៊ីក្លូ របស់លោកតែប៉ុណ្ណោះឡើយ។ លោក សេម លន កត្តាដែលធ្វើឱ្យលោក នៅតែបន្តមុខរបរការធាក់ស៊ីក្លូនេះ ដោយសារតែ លោកគិតថា ស៊ីក្លូ នៅប្រទេសកម្ពុជា ប្រឈមនឹងការបាត់បង់ទៅថ្ងៃក្រោយ ខណៈដែរយុវជនខ្មែរជំនាន់ថ្មីនេះ មិនសូវចាប់អារម្មណ៍នឹងស៊ីក្លូ ប៉ុន្មាននោះឡើយ។

រីឯលោក នឿ វឿន អ្នកធាក់ស៊ីក្លូ មានស្រុកកំណើតមកពីខេត្តព្រៃវែងវិញ ក៏បានប្រាប់កម្ពុជាថ្មីដែរថា ការធ្លាក់ស៊ីក្លូរបស់លោក គឺមិនខុសគ្នាប៉ុន្មាននោះទេ ពីក្រុមអ្នកធាក់ស៊ីក្លូដទៃទៀត អាចនិយាយបានថា «រកស៊ីមួយថ្ងៃ ដើម្បីរស់តែមួយថ្ងៃ» ដោយសារតែបច្ចុប្បន្ននេះ សេដ្ឋកិច្ចមានការប្រែប្រួល មនុស្សមិនសូវចង់ដើរលេងកម្សាន្ត។ ម្យ៉ាងភ្ញៀវទេសចរ ក៏មិនសូវសម្បូរដូចមុនជំនាន់កូវីដ-១៩ ដែលពេលនោះ លោក នឿ វឿន អះអាងថា សម្បូរទៅដោយភ្ញៀវទេសចរ និងមនុស្សដើរកម្សាន្តច្រើន ហើយការធាក់ស៊ីក្លូ ក៏អាចរកប្រាក់លបានគួរសម។
លោកបញ្ជាក់ដែរថា កាលពីមុនកូវីដ-១៩រាតត្បាត ក្នុងមួយថ្ងៃ លោកអាចរកប្រាក់បានចន្លោះពី ៥ម៉ឺនរៀល ទៅ ៦ម៉ឺនរៀលឯណោះ តែបច្ចុប្បន្នគឺលោកអាចរកចំណូល បានប្រាក់ត្រឹមតែ ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល តែប៉ុណ្ណោះ៕

អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


