កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះអគ្គនាយកដ្ឋានសុខភាពសត្វ បានចាត់ក្រុមការងារ សហការជាមួយអាជ្ញាធរ ចុះឃាត់រថយន្ត១គ្រឿងលួចដឹកជ្រូករស់២០ក្បាល និងគោយន្ត ១គ្រឿងលួចដឹកជ្រូករស់១០ក្បាលសរុប៣០ក្បាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
បន្ទាប់ពីឃាត់ជ្រូកទាំង៣០ក្បាលនេះហើយ ក្រុមការងារបាននាំវត្ថុតាងនិងបទល្មើសទាំងពីរករណី ខាងលើទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា បន្ទាប់ពីយកសំណាកឈាមជ្រូកទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វ លទ្ធផលបានបញ្ជាក់ឲ្យដឹងថា ជ្រូកទាំង៣០ក្បាលនេះ មានជំងឺប៉េស្តជ្រូកអាហ្វ្រិកទាំងអស់។ ករណីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនដល់សាធារណជនថា ប្រសិនបើសាធារណជនបានដឹង ឬបានឃើញជាក់ស្តែង នូវការនាំចូលសត្វខុសច្បាប់ សូមជូនដំណឹងមកក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វឲ្យបានទាន់ពេលវេលា។
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រសួងប្រកាសថា ក្រោយពីចាប់ឃាត់ជ្រូក៣០ក្បាលនៅខេត្តបន្ទាយមានជ័យកន្លងមកពិនិត្យទៅមានជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចេញសេក្តីប្រកាសព័ត៌មានជាបន្ទាន់មួយដល់សមត្ថកិច្ចជាប់ពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសឈ្មួញណាដឹកសត្វជ្រូកខុសច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់។ កសិករនិងពាណិជ្ជករជាអ្នកចិញ្ចឹមជ្រូក ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់បោសសំអាតកន្លែងចិញ្ចឹមសត្វជាប្រចាំ ដើម្បីជៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្សេងៗទៀត។
គ្រប់សត្តឃាតដ្ឋានទូទាំងខេត្ត ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចពិនិត្យសុខភាពសត្វឲ្យបានជាប្រចាំក្រុមហ៊ុនទិញជ្រូករស់ស្របច្បាប់ដែលចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបើកធ្វើសត្តឃាតសត្វ ត្រូវគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំនិងវិធានការអនាម័យសត្វចំនួន ១២ចំណុច។ សម្រាប់អ្នកនាំចូលសត្វជ្រូករស់និងនាំឆ្លងកាត់ពីប្រទេសជិតខាង ដែលតម្រូវឲ្យមានទីតាំងចត្តាឡីស័កពិនិត្យឲ្យបានត្រឹមត្រូវមុននិងនាំចេញនាំចូលដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសពិនិត្យ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ អាជីវករខេត្តបាត់ដំបងត្អូញត្អែរការលក់ដូរឆ្នាំនេះធ្លាក់ចុះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន