Connect with us

ព័ត៌មានជាតិ

ធនាគារ​ពិភពលោកលើកកំណែទម្រង់​ ៣ ចំណុច​ស្តារសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ងើប​​​ឡើង​វិញ

បានផុស

នៅ

ធនាគារ​ពិភពលោកបាន​ចេញ​របាយការណ៍​ស្រាវជ្រាវមួយ​ពីស្ថានភាព​​សេដ្ឋកិច្ចរបស់​​ប្រទេស​កម្ពុជា​។ ​របាយការណ៍​​បានវិភាគ​និង​ផ្តល់អនុសាសន៍មួយ​ចំនួន​​ខណៈ​ក្នុង​របាយការណ៍​​បញ្ជាក់ថា ការ​ធ្លាក់ល្បឿន​សេដ្ឋកិច្ច​គឺ​ជា​ឱកាស​សម្រាប់​បង្កើនល្បឿន​កំណែ​ទម្រង់នៅ​កម្ពុជា។

ខណៈដែលសន្ទុះ​​សេដ្ឋ​កិច្ចរបស់​​​កម្ពុ​ជា​​នៅ​តែ​បន្ត​​ធ្លាក់​ចុះ ធនាគារពិភព​លោក​បាន​ព្យាករ​ថា​ ​សេដ្ឋកិច្ច​​ឆ្នាំនេះនឹង​មានកំណើន​ក្នុង​​កម្រិត ៥,៤ ភាគរយ ដែល​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល ៣ ឆ្នាំចុងក្រោយនេះ ប៉ុន្តែ​ក៏​នៅ​តែ​ទាបជាង​ច្រើន​នៅឡើយ បើ​ប្រៀបទៅ​នឹង​កំណើន​ប្រចាំ​ឆ្នាំ​ជាមធ្យម ៧,២​ភាគរយ​ ដែលកម្ពុជា​សម្រេចបានក្នុងមួយ​ទសវត្សរ៍​មុនការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ​ការ​​ធ្លាក់​​ចុះ​​នេះ​ មួយផ្នែកធំគឺ​​ទាក់ទងជា​មួយ​​បរិយា​កាស​​សកល​​ដែល​​កំពុង​ជួប​ការ​លំបាក​ច្រើន​។ ដោយ​សារ​​ការ​រឹត​បន្តឹង​លក្ខ​ខណ្ឌ​ហិរញ្ញ​វត្ថុ,​ បំ​ណុល​ខ្ពស់ និង​ការ​កើន​ឡើង​នូវ​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោ​បាយ និង​សេដ្ឋ​កិច្ច​​, កំណើនសេដ្ឋកិច្ច​ពិភព​លោក​ត្រូវ​បានរំពឹង​ទុក​ថា នឹង​បន្ត​​ថយ​សន្ទុះ​នៅឆ្នាំក្រោយ ដែល​ជា​រយៈពេល​បី​ឆ្នាំ​ជាប់​ៗ​គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពដែល​កំណើនសេដ្ឋកិច្ច​មានសន្ទុះ​ខ្សោយជាងមុន បាន​ញ៉ាំង​ឱ្យ​មានការគិត​គូរឡើង​វិញ​ជា​បន្ទាន់​ ដើម្បីដោះ​ស្រាយ​​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋ​កិច្ច សម្រាប់​​រក្សា​កំណើន​ប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅ​សេស​សល់ និងឈាន​ទៅ​​សម្រេច​ចក្ខុ​វិស័យ​របស់​កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

គន្លឹះសំខាន់អា​ទិ​ភាព​​ជា​​របៀប​វារៈនៃ​​កំណែ​ទម្រង់​​ដែលត្រូវ​​អនុវត្តមានដូចជា៖

ទីមួយ ការ​កែ​លម្អ​បន្ថែម​ទៀតលើ​បរិយា​កាស​ធុរ​កិច្ច ​មាន​សារៈ​សំ​ខាន់​ណាស់សម្រាប់​ជំរុញ​ផលិត​ភាពនិងការប្រ​កួត​ប្រជែង​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា។ ចំណាយ​ថ្លៃដើម​ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម​នៅ​​កម្ពុ​ជា​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ដែល​ជា​ឧបសគ្គដល់​សមត្ថភាព​​ប្រ​កួត​ប្រ​ជែង​ជា​អន្តរ​ជាតិ​ និង​រា​រាំងដល់​​នវានុវត្តន៍ និងការងាក​​ទៅរកសកម្ម​ភាព​សេដ្ឋកិច្ច​មាន​តម្លៃខ្ពស់ជាង​បច្ចុប្បន្ន។

ដើម្បី​ជួយ​​​ដល់​ការ​វិនិ​យោគ​​របស់​វិ​ស័យ​ឯក​ជន កម្ពុជា​ចាំ​បាច់​ត្រូវ​ពង្រឹង​ភាពព្យាករណ៍បាន​របស់​បរិស្ថាន​បទ​ប្បញ្ញ​ត្តិ​ និងពង្រីកលទ្ធភាពរក​បាន​ធន​ធាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាសធុនតូច និងមធ្យម (SMEs)។ លើសពីនេះ កិច្ច​ខិត​ខំ​ប្រឹងប្រែងបន្ថែម​ទៀត​ដើ​ម្បីសម្រួល​លក្ខខណ្ឌ​តម្រូវ​ស្មុគ​ស្មាញ​​និង​តឹង​រ៉ឹង​សម្រាប់​ការ​បើក​​ធុរកិច្ច​ អម​ជា​មួយ​នឹង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​ដំណើរការនៃក្របខណ្ឌក្ស័យធនផង​ វា​នឹងជួយ​កាត់​បន្ថយ​ការ​ចំណាយ​​របស់​ក្រុម​ហ៊ុននៅ​ពេល​បើក​រកស៊ី និង​ពេល​បិទ​ទៅវិញ។

ការ​សម្រួល​នីតិវិធីឱ្យ​សាម​ញ្ញ និងការ​ធ្វើ​ឌី​ជី​ថ​លកម្ម​នៃ​សេវា​ធុរកិច្ច​ ជា​ពិសេស​ការ​ចេញ​អា​ជ្ញាប​ណ្ណ និង​ការ​អនុ​ញ្ញាត​សម្រាប់​អាជីវកម្ម នឹងជួយ​កាត់បន្ថយ​ការ​ចំណាយ​នានា​ដែល​ពាក់​ព័ន្ធ​ថ្លៃដើម​។ ការប្រកួត​ប្រជែង​កាន់​តែ​ច្រើន​នឹង​ជំរុញ​ការ​កាត់​បន្ថយ​ការ​ចំណាយ និង​លើកកម្ពស់​នវា​នុវត្តន៍​​ និងកំណើនផលិត​ភាព ដោយបង្វែរទិស​នៃ​ចំ​ណែក​ទី​ផ្សារ​ធុរកិច្ច​ឆ្ពោះទៅ​រក​ផលិតករ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង ហើយ​ក៏​ជួយ​​លើក​ទឹក​ចិត្ត​ក្រុម​ហ៊ុន​ឱ្យ​កាន់​តែ​មាន​ផលិត​ភាព​ឡើងដែរ​។ ដើម្បីជួយ​ដល់​វិស័យ​ទេស​ចរ​ណ៍ ការកាត់បន្ថយថ្លៃដើម និងថ្លៃសេវា​នានា​ (ដូច​ជា ទិដ្ឋាការ ការ​ស្នាក់​នៅ អា​ហារ ថ្លៃ​ដឹក​ជញ្ជូន និង​ថ្លៃ​សំបុត្រ​​ចូល) រួម​ទាំង​ការលុប​បំបាត់​ថ្លៃ​សេ​វា​ក្រៅ​ផ្លូវ​ការ​ផង​ នឹងជួយទាក់ទាញភ្ញៀវ​អន្តរ​ជាតិ​ឱ្យ​មកកម្ពុជា​​កាន់​តែ​ច្រើន​ឡើង។

ទីពីរ ការ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និងឡូហ្ស៊ីស្ទិករបស់កម្ពុ​ជា គឺ​ជា​មូល​ដ្ឋា​នគ្រឹះ​ដ៏​សំ​ខាន់សម្រាប់ការ​បង្កើន​ផលិត​ភាព​ និងសមត្ថ​ភាព​ប្រកួត​ប្រជែង​​អន្តរ​ជាតិ។

កម្ពុជានៅ​តែមាន​ការ​ខ្វះច្រើន​នូវ​​​ហិរ​ញ្ញប្បទាន​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ អាស្រ័យហេតុនេះ ​សេវា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធនៅតែមិនគ្រប់គ្រាន់​ ហើយ​ត្រូវ​ប្រឹង​យ៉ាង​ត្រដាប​ត្រដួស ​ដើម្បី​បំពេញសេចក្តីត្រូវ​ការ​ដែលកំពុង​កើន​ឡើង​យ៉ាង​លឿន។ វិស័យ​ថាម​ពល​ត្រូវ​ការ​ការ​វិនិ​យោគ​ខ្នាត​ធំ​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ពីរ​ក្នុង​ពេល​តែមួយគឺ​៖ ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​អគ្គិសនី (តាម​ការ​ព្យាករ​ តម្រូវការ​អគ្គិសនី​នឹង​កើន​ឡើង ៤ ដង ពី ១២ ៤០០​ហ្គីហ្កាវ៉ាត់ម៉ោង (GWh) នៅ​ឆ្នាំ​ ២០២០ ទៅ​ដល់ ៥៤ ៦០០ហ្គីហ្កាវ៉ាត់ម៉ោង នៅ​​ឆ្នាំ​២០៤០) និង​ការ​បំពេញ​តាម​ការ​សន្យា​របស់​ប្រ​ទេសក្នុង​​ក្របខណ្ឌ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

ការ​វិនិយោគ​ក៏ត្រូវ​ការ​ចាំបាច់ផង​ដែរ ដើម្បីកែ​លម្អ​​ឱ្យ​ប្រ​សើរ​​ឡើងនូវសេវា​ជាមូល​ដ្ឋាន​ក្នុង​ទី​ក្រុងមាន​ដូច​ជា ប្រព័ន្ធ​ទុយោទឹក​ស្អាត, អនាម័យ, ការ​គ្រប់​គ្រង​សំណល់​រឹង,​ ទូរ​គម​នា​គមន៍​ និង​ការ​ដឹក​ជញ្ជូន​ និង​ការ​ពង្រឹង​ផែន​ការរៀប​ចំ​ក្រុង។ ជាងនេះទៅទៀត កង្វះ​បណ្តាញ​​ការ​តភ្ជាប់​ក្នុង​តំបន់​ ក៏​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅលើ​​ប្រសិទ្ធ​ភាព និង​ថ្លៃ​ដើម​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ឆ្លង​ដែនដែរ​ ហើយ​នេះ​ជា​បញ្ហា​ដែល​ចាំបាច់​ត្រូវតែ​ដោះ​ស្រាយ​។ ការ​វិនិ​យោគ​គឺ​ចាំ​បាច់​ដើម្បី​ដោះ​ស្រាយ​គម្លាត​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជាក់​លាក់​ សម្រាប់​​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ក្នុងស្រុក និង​ក្នុង​តំបន់​។ ការ​វិនិយោគ​ទាំង​នេះ​ នឹង​ធ្វើ​ឱ្យ​​ប្រ​សើរ​​​ឡើង​នូវ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​តាម​ច្រក​របៀង​កើត-លិច ឆ្លង​កាត់​ប្រទេស​ថៃ កម្ពុជា និង​វៀត​ណាម បន្ថែម​ពី​លើផ្លូវ​​ច្រក​របៀង​តែ​មួយគត់​ ដែល​ត​ភ្ជាប់​ប្រទេស​កម្ពុ​ជា ជា​មួយ​ប្រ​ទេស​ឡាវ​។ តាម​រយៈនេះ វា​ក៏​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផង​ដែរ​នូវ​ការ​តភ្ជាប់​ផ្លូវ​ទឹក​ផ្ទៃក្នុង​ប្រទេស​ជា​មួយ​វៀត​ណាម និង​ប្រតិ​បត្តិ​ការ​ផ្លូវដែក ​ និងបណ្តាញ​​ភ្ជាប់ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​​ដែល​មានស្រាប់​ ជាមួយប្រទេសថៃ។

ការ​កែ​លម្អ​ការ​សម្រប​សម្រួល​ពាណិជ្ជ​កម្ម និងការ​អនុ​វត្តមុខ​ងារ​ផ្នែក​ឡូហ្ស៊ីស្ទិក ក៏មាន​សារៈសំខាន់ផងដែរ។ កិច្ចប្រឹង​ប្រែង​គួរ​ត្រូវ​បាន​ធ្វើ​បន្ថែម​ទៀត​ ដើម្បីកាត់​បន្ថយ​ថ្លៃចំណាយ​លើ​ការ​ដឹក​ជញ្ជូន និងសេ​វា​ឡូហ្ស៊ីស្ទិក តាម​រយៈ​​ការតាម​ដាន​​ត្រួត​ពិនិត្យ​​ប្រ​សិទ្ធ​ភាព​នៃច្រក​ទ្វារ​ពាណិជ្ជ​កម្ម​សំខាន់​ៗ ដូច​ជា​កំពង់​ផែ និង​ច្រក​ព្រំដែន។

ទីបី កិច្ច​ការ​សំខាន់​មួយ​ទៀត​ដែល​កម្ពុជា​ត្រូវ​បង្កើន​លទ្ធ​ផល​នៃ​ការ​រៀន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វះ​ជំនាញ, បង្កើត​កម្លាំង​ពល​កម្ម​ដែល​មាន​សមត្ថភាព​ត្រៀម​សម្រាប់​អនាគត និង​ជំរុញ​កំណើន​ផលិត​ភាព​របស់​ប្រទេស។ កំណើន​ផលិត​ភាពពលកម្ម​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​អំឡុង​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បណ្តា​ក្រុម​ហ៊ុន​ក៏​បាន​រាយ​ការណ៍​ឱ្យ​ដឹង​ដែ​រ​​អំពី​ការ​កើន​ឡើង​នៃ​កង្វះ​ជំនាញ​​។ មាន​កុមារ​កម្ពុជា​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​បាន​ចុះ​ឈ្មោះ​ទទួល​ការ​អប់​រំ​កូន​​ក្មេង ដែលមាន​ន័យ​ថា​ជា​ការ​បាត់​បង់​​ឱកាសសម្រាប់​​​ការ​វិវឌ្ឍ​របស់​កុមារ​ក្នុង​វ័យ​ដំបូង ហើយ​វា​ក៏​ជាឧបសគ្គ​ដល់​ការ​វិល​ត្រឡប់​របស់​ម្តាយ​ទៅ​ធ្វើ​ការ​ដើម្បី​រក​ប្រាក់​ចំណូល​ដែរ។

សាលា​កម្រិត​បឋម​សិក្សា​កំពុង​ជួប​ប្រទះ​នូវ​ការ​ធ្លាក់ចុះ​លទ្ធផល​នៃ​ការ​សិក្សា បើ​ទោះ​ជា​លទ្ធភាព​ចូលរៀន​របស់​ក្មេង​មាន​ភាព​ប្រសើរ​ជាង​មុន​ក៏ដោយ។ សិស្ស​មាន​ចំនួន​មិន​ច្រើន​ទេ​ដែល​រៀន​បាន​ឡើង​ថ្នាក់​ទៅ​កម្រិត​អនុវិទ្យា​ល័យ ហើយ​អ្នក​ដែល​បាន​ឡើង​ទៅនោះ​​ច្រើន​តែ​មានមូលដ្ឋាន​មិន​គ្រប់​គ្រាន់ ហើយ​ឈប់រៀនក៏ច្រើនដែរ។ កូនសិស្ស​មកពីគ្រួសារ​ក្រីក្រ​ រង​ផល​ប៉ះពាល់​ក្នុង​សមាមាត្រ​មួយ​ខ្លាំង​ជាង​គេ។

យោង​តាម​សូចនាករ​មូលធន​មនុស្ស​របស់​ធនាគារ​ពិភពលោក កុមារ​ម្នាក់​ដែលកើន​នៅ​កម្ពុជា​ក្នុង​ថ្ងៃនេះ ត្រូវ​បាន​គេ​រំពឹង​ថា​អាច​សម្រេច​បាន​តែ​ពាក់​កណ្តាល​នៃ​សក្តា​នុពល​ផលិត​ភាព​​ការ​ងារ​​ទេក្នុង​មួយ​ជីវិត​របស់​ខ្លួន ប៉ុន្តែទាល់តែ​​​កុមារ​នោះ​ទទួល​បាន​ការ​អប់​រំ និង​សេ​វា​ថែទាំង​សុខភាព​ គ្រប់​គ្រាន់ដែរ​។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនោះគឺក្នុង​ចំណោម​ក្មេង​អាយុ​ ១៥​ឆ្នាំ​ នៅ​កម្ពុជា​ មាន​​តែ​ ៣ ​ភាគរយ ប៉ុណ្ណោះ ដែល​គេ​រំពឹង​ថា​ចេះ​ត្រឹម​តែកម្រិត​គោលទេក្នុង​មុខ​វិជ្ជា​គណិតវិទ្យា, ២ ភាគរយ ក្នុង​ការ​អាន និង​ ១ភាគរយ ក្នុង​វិជ្ជា​វិទ្យា​សាស្ត្រ។ ត្រង់​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ផលជះ​អវិជ្ជមាន​ទៅលើ​ឱកាស​សម្រាប់​ក្មេង​កម្ពុជា​ ក្នុង​ការ​ចូល​រួម​ និង​រួម​ចំណែក​ដល់​វិបុលភាព​របស់​ប្រទេស​ទៅថ្ងៃអនាគត។ ការ​បង្កើន​លទ្ធផល​នៃ​ការ​អប់រំ​ តម្រូវឱ្យ​​មាន​អភិក្រម​ច្រើន​មុខ​ព្រួញ។ ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​រៀនសូត្រ​ប្រកប​ដោយ​គុណភាព​ក៏​សំខាន់​ដែរ។ យ៉ាង​ណា​ក៏ដោយ ប្រការ​លើក​ទឹក​ចិត្ត​នានា​ ដូច​ជា​ការ​ផ្ទេរ​សាច់​ប្រាក់​ភ្ជាប់​លក្ខខណ្ឌជាដើម អាច​ជា​ការ​ចាំបាច់​ដែរ ដើម្បី​បង្ក​លទ្ធភាព​ឱ្យ​ក្មេង ជា​ពិសេស​មក​ពីគ្រួសារ​ក្រី​ក្រ នៅ​បន្តរៀន​បាន​យូរ​ជាង​មុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម