Connect with us

ព័ត៌មានជាតិ

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សាធារណការ ៤ រូប​ទទួល​ខុសត្រូវ​តាមដាន​គុណភាព​ការដ្ឋាន​ផ្លូវជាតិ​ ៤ ខ្សែ

បានផុស

នៅ

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចំនួន ៤ រូប ទទួល​បានការ​ចាត់តាំង​ទទួល​ខុស​ត្រូវ​លើ​ការ​ចុះ​តាមដាន​ត្រួត​ពិនិត្យ​គុណភាព​កំណាត់​ផ្លូវជាតិ​ចំនួន ៤ ខ្សែ ដែល​កំពុង​ដំណើរការ​ស្ថាបនា ដើម្បី​ធានា​បាន​ទាំង​គុណភាព​និង​ការ​អនុវត្ត​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ជា​នាយក​ទទួល​ខុសត្រូវ​លើ​ការដ្ឋាន​កំណាត់​ផ្លូវ​ជាតិ​លេខ ៤៨ នៅ​ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ជាតិ​លេខ ៤៨ កំពុង​ស្ថាបនា​​ដោយ​ក្រុមហ៊ុន​កូរ៉េ ILSUNG & HANIL Joint Venture មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ​​ចាប់​ពី​បំបែកផ្លូវជាតិលេខ ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់​ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។

ដំណើរការ​​បើកការដ្ឋានសាងសង់​កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ខ្សែផ្លូវប្រវែង ១៤៨ គីឡូម៉ែត្រនេះ​ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ​ដែល​អនុវត្ត​ក្រោម​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជាង ៧៨ លានដុល្លារ។ គិតត្រឹមថ្ងៃ​ចុង​ឆ្នាំ២០២៣ សម្រេចការសាងសង់បានប្រមាណ ៤០%។

ដោយ​ឡែក​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម ស្ថិត​នៅក្រោមការ​គ្រប់គ្រង​របស់​លោក​ លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងផ្លូវជាតិលេខ ៧ ជាគម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវ ពី ២ គន្លងទៅ ៤ គន្លង លើ​ប្រវែង​ផ្លូវ​ជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីស្សូណា។

ការដ្ឋានផ្លូវនេះបានបើការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន។ យោងតាមការ​សិក្សា​ស្ថានភាព​នៃ​គម្រោង​ខ្សែផ្លូវនេះមានភាពស្មុគស្មាញខ្លាំង ដែលជះឥទ្ធិពលដល់ផែនការវឌ្ឍនភាពទាំងមូលរបស់គម្រោង។ 

ដោយឡែក លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានគ្រប់គ្រងគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣។

គម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២។ ផ្លូវ​នេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។

គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វឌ្ឍនភាពនៃ​គម្រោងបានសម្រេចលទ្ធផលការងារជិត ៤០%។

នៅលើកំណាត់ផ្លូវជាតិលេខ ១០ ដែលជា​ផ្លូវប្រវត្តិ​សាស្រ្ត​ថ្មី​ភ្ជាប់ទឹកដី​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និងកោះកុង​ ទទួល​បន្ទុក​តាមដានត្រួតពិនិត្យ​​​ដោយ​លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវជាតិលេខ ១០ មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃ​ខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង។ គិតមកទល់បច្ចុប្បន្ន គម្រោងការងារសម្រេចបានជាង ៧០% ហើយ​អាច​បញ្ចប់​ទាំង​ស្រុង​នៅ​អំឡុង​ឆ្នាំ ២០២៥។

ក្រសួងសាធារណការ​និង​ដឹកជញ្ជូនបាន​ចាត់វិធានការ​ពង្រឹង​​តាមដានជាប់ជាប្រចាំ​នៅរាល់ការដ្ឋាន​ស្ថាបនា​ផ្លូវ ដើម្បីធានាគុណភាព​​ស្រប​តាមស្តង់ដា​​បច្ចេកទេស ខណៈ​កន្លង​ទៅធ្លាប់​មាន​ក្រុមហ៊ុន​សាងសង់មួយ​ចំនួនអនុវត្ត​ខុស​បច្ចេកទេស​ត្រូវ​បាន​ព្រមាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ទៀត​ផង។

កាល​ជំនាន់លោក ស៊ុន ចាន់ថុល កាន់​ជា​រដ្ឋមន្រ្តី លោក​ក៏តែងតែ​ក្រើន​​រំលឹក​​ឲ្យក្រុមហ៊ុន​សាងសង់​​យកចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​គុណភាព​​សាងសង់​​​ និង​ប្រកាស​លែង​ទទួល​ផ្លូវ​ធ្វើ​មុខ​ខូចក្រោយធ្វើ​ក្រោយ​ខូចមុខ​​ទៀតហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៨ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម