ក្នុងកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាពលករឆ្លងដែនមកពីថៃ បានគេចវេះមិនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាល។
លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបង បានលើកឡើង នៅក្នុងកិច្ចប្រជុំនេះកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា សមត្ថកិច្ចប្រចាំ នៅច្រកអន្តរជាតិនិងច្រកតំបន់តាមស្រុកជាប់ព្រំដែន មានដូចជាស្រុកកំរៀងភ្នំព្រឹកនិងសំពៅលូន ត្រូវតែបង្កើនការប្រុងប្រយ័ត្នធ្វើការត្រួតពិនិត្យ ដោយរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុតពាក់ព័ន្ធលំហូរការវិលត្រឡប់របស់ពលករមកពីប្រទេសថៃ តាមច្រកនានានិងឆ្លងអូរព្រំដែន ក្នុងដែនសមត្ថកិច្ចកំពុងទទួលខុសត្រូវ ដោយមិនត្រូវឲ្យមានពលករគេចវេះពីការធ្វើចត្តាឡីស័កបានជាដាច់ខាត។
កិច្ចប្រជុំបន្ទាន់ខាងលើធ្វើឡើង ខណៈដែលមានរថយន្តដឹកទំនិញធុនតូចមួយចំនួនមិនបានសហការជាមួយសមត្ថកិច្ចការពារព្រំដែន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នឹងបានឃុបឃិតជាមួយមេខ្យល់លួចនាំពលករពីប្រទេសថៃឆ្លងដែនមកស្រុកកំណើត ដោយមានការគេចវេះពីការធ្វើចត្តាឡីស័ក ទើបអាជ្ញាធរខេត្តបាត់ដំបង បានសម្រេចប្រកាសផ្អាកមិនឲ្យរថយន្តប្រភេទធុនតូចដឹកទំនិញឆ្លងកាត់ព្រំដែនច្រកអន្តរជាតិដូង(ឡែម)ជាបណ្ដោះអាសន្នសិន។ លោកបានបន្តថា បើទោះបីកន្លងទៅ អាជ្ញាធរខេត្តដែលដឹកនាំដោយលោក ងួន រតនះ បានចុះធ្វើការផ្តាំផ្ញើដល់ពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែនហើយក៏ដោយចុះ ក៏ពលរដ្ឋទាំងនោះនៅតែផ្សំរួមគំនិតនិងឃុបឃិតជាមួយពលករមួយចំនួន ក្នុងការបិទបាំងលាក់បំពួន ដើម្បីឲ្យពលករគេចវេះពីការត្រួតពិនិត្យនូវវិធានសុខាភិបាលការដាក់ឲ្យធ្វើចត្តាឡីស័ក នៅតាមមណ្ឌលដដែល។
ស្របជាមួយគ្នានេះដែរ លោក សឿម ប៊ុនរឹទ្ធ អភិបាលខេត្តរងក៏បានព្រមានដល់គ្រប់កម្លាំងសមត្ថកិច្ច ដែលពាក់ព័ន្ធក្នុងការឃុបឃិតនិងបន្តឲ្យមានពលករនៅតែបន្តគេចវេះ ដោយប្រើមធ្យោបាយក្នុងការឃុបឃិតបង្វែងដានលួចលាក់ដឹកពលករមិនបានធ្វើចត្តាឡីស័ក ត្រូវទទួលខុសត្រូវនិងប្រឈមចំពោះមុខច្បាប់ ផងដែរ បើសិនជារកឃើញថា មានបែបនេះ។
តាមរយៈកិច្ចប្រជុំនេះ គណបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានតឹងរឹងបំផុត ក្នុងការផ្អាកធ្វើចរាចរណ៍របស់រថយន្តធុនតូច ដែលបានចូលទៅដឹកទំនិញឆ្លងចេញចូលទៅមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងដោយបញ្ឈប់ជាបន្ទាន់ ក្នុងការអនុញ្ញាតឲ្យរថយន្តខាងលើទាំងនោះបន្តសកម្មភាពចេញចូលនិងឆ្លងកាត់ទៅដឹកទំនិញនៅក្នុងផ្សារថៃបន្តទៀត ចាប់ពីចេញបទបញ្ជានេះតទៅរង់ចាំការសម្រេចពីអាជ្ញាធរខេត្តជាថ្មីម្តងទៀត នៅពេលក្រោយតាមដែលអាចធ្វើបាន៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖