Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ និងសុខាភិបាល​ កំពុងពន្លឿនបញ្ចប់វិសោធនកម្ម ពិន័យអ្នកគេវេះ​ធ្វើចត្តាឡីស័ក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសុខាភិបាល ដើម្បីពិនិត្យ និងពិភាក្សាលើការពិនិត្យកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងបរិបទជាក់ស្តែងនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលជាជំនួបលើកទី១ ដែលនឹងត្រូវបន្តពិភាក្សាគ្នាសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅរដ្ឋមន្ត្រីសុខាភិបាលពិភាក្សាជាមួយ រដ្ឋមន្ត្រីយុត្តិធម៌ ធ្វើការកែប្រែបង្កើនចំនួនប្រាក់ពិន័យលើមាត្រា៨ នៃអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លើយតបការរីករាលដាលជាអន្តរជាតិ ជំងឺតាមច្រកចេញ-ចូល ដើម្បីសុវត្ថិភាពសុខភាពក្នុងប្រទេស ក្រោយមានពលករខ្មែរម្នាក់​បានគេចចេញពីការធ្វើចត្តាឡីស័ក និងជួបគ្រោះថ្នាក់ជាន់មីនដាច់ជើងក្នុងពេលលួច​ឆ្លងដែន​ពីប្រទេសថៃ នៅខេត្តបន្ទាយមានជ័យ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ការប្រជុំម្សិលមិញជាការជួបលើកទី១ រវាងក្រសួងយុត្តិធម៌ ដឹកនាំដោយ រដ្ឋមន្ត្រី លោក កើត រិទ្ធិ  ជាមួយក្រសួងសុខាភិបាល ដឹកនាំដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង។

លោក មានប្រសាសន៍បន្តថា នៅក្នុងកិច្ចប្រជុំលើកទី១ ភាគីចូលរួមបានពិភាក្សាទៅលើអ្វីជាគោលបំណងរបស់ក្រសួងសុខាភិបាលពិតប្រាកដនៅក្នុងការរៀបចំឱ្យមានវិសោធនកម្មអនុក្រឹត្យថ្មី ចង់សង្កត់ធ្ងន់ទៅលើបញ្ហាអ្វីខ្លះ ដើម្បីក្រសួងវយុត្តិធម៌មានមូលដ្ឋានជាបច្ចេកទេសដើម្បីយកមកសហការគ្នារៀបចំចេញជាលិខិបទដ្ឋានគតិយុទ្ធរួមមួយ។

លោក គឹម សន្តិភាព មានប្រសាសន៍ថា៖ “ម្សិលមិញនេះ យើងបានធ្វើការឈ្វេងយល់ពីតម្រូវការភាពចាំបាច់ផ្សេងៗដែលលើកឡើងដោយក្រសួងសុខាភិបាល ដែលក្រុមការងារនៃក្រសួងទាំងពីរនឹងបន្តធ្វើកិច្ចការងារនេះបន្តទៀត។ ឥឡូវនេះកំពុងស្ថិតក្នុងការពិចារណារបស់ក្រុមការងារបច្ចេកទេសក្នុងការរៀបចំ។ យើងបានពិភាក្សាគ្នាលើចំណុចព្រួយបារម្ភមួយចំនួនទាក់ទងទៅនឹងអ្នកគេចវេះចេញពីវិធានចត្តាឡីស័កដែលរៀបចំដោយក្រសួងសុខាភិបាល ហើយធ្វើយ៉ាងម៉េចដើម្បីឱ្យអ្នកទាំងនោះមានការគោរពនូវភារកិច្ចនេះ”។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ បានលើកឡើងថា បើមើលក្នុងអនុក្រឹត្យដែលចេញតាំងពីឆ្នាំ២០១៥ ហើយកំពុងអនុវត្តនាពេលបច្ចុប្បន្ន ឃើញថាវិធានការចត្តាឡីស័កដែលដាក់ចេញដោយក្រសួងសុខាភិបាល មានការពិន័យជាទឹកប្រាក់តិចនៅឡើយ គឺតែពី២០ម៉ឺនរៀល ទៅ ១លានរៀលទេ។

លោក គឹម សន្តិភាព មានប្រសាសន៍ថា៖ “អ៊ីចឹងបញ្ហានេះ យើងបានលើកយកមកធ្វើការជជែកគ្នាច្រើនកាលពីម្សិលមិញនេះ ដើម្បីឈានដល់ការកំណត់មួយថ្មីទៅលើបញ្ហានេះ។ ប៉ុន្តែសួរថា ត្រូវកំណត់ប៉ុន្មាន យើងមិនទាន់អាចឆ្លើយបានទេនៅពេលនេះ ដោយសារក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរកំពុងធ្វើការជាមួយគ្នា ដោយនៅពិចារណាគ្រប់ជ្រុងជ្រោយ ដូចជាការដាក់ពិន័យទៅលើបុគ្គលដែលមិនមានលទ្ធភាពបង់ការពិន័យផងដែរ”។

កម្ពុជាថ្មី មិនអាចទាក់ទង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានទេនៅថ្ងៃនេះ ដោយសារទូរសព្ទមិនដំណើរការ។  

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​ អង្គ​ការ​តម្លា​ភាព​កម្ពុជា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ការតំឡើងការពិន័យគឺជាជំហាន ឬយន្តការល្អ ព្រោះបើកាលណាមនុស្សមានបន្ទុកហិរញ្ញវត្ថុកាន់តែច្រើនពីការគេចខ្លួនមិនធ្វើចត្តាឡីស័ក ពួកគាត់ប្រហែលជាខ្លាចរអាជាងមុន ដោយប្រសិនជាលុយពិន័យតិចពេក ពួកគាត់អាចគិតថា ពេលសមត្ថកិច្ចចាប់ពួកគាត់បាន ពួកគាត់គ្រាន់តែបង់ប្រាក់ពិន័យកម្រិតទាបប៉ុណ្ណោះ។

លោកមានប្រសាសន៍បន្តថា៖ “អ្វីដែលយើងចង់លើកទឹកចិត្ត ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការការពារកុំ​​​​​​​​​​​ឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ករត់គេចទោះបុគ្គលនោះមានជីវភាពធូរធារក្ដី គឺបង្កើនយន្តការត្រួតពិនិត្យ យន្តការតាមដានទៅលើការអនុវត្តការធ្វើចត្តាឡីស័ក ជាពិសេសបង្កើនប្រសិទ្ធភាពរបស់មន្ត្រីសាធារណៈដែលទទួលបន្ទុកក្នុងការត្រួតពិនិត្យ”។​

កាលពីម្សិលមិញ រដ្ឋាភិបាលបានដកតួនាទី និងបញ្ចប់អធិការស្រុកកំរៀងខេត្តបាត់ដំបងចេញពីក្របខណ្ឌនគរបាល ដោយសារបានរកឃើញកំហុសរបស់អធិការស្រុកកំរៀងរូបនេះ ទី១ពាក់ព័ន្ធនឹងករណី ផ្តល់ជម្រកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃ និងករណីទីពីរ ពាក់ព័ន្ធការនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក។

ទាក់ទងករណីនេះ លោក ប៉ិច ពិសី មានប្រសាសន៍បន្តថា លោកគាំទ្ររដ្ឋាភិបាលក្នុងការដកមន្ត្រីអសកម្ម។ លោកបន្តថា ប្រហែលជាមន្ត្រីរូបនោះពាក់ព័ន្ធនឹងការស៊ីសំណូកសូកប៉ាន់ជាមួយមេខ្យល់រកស៊ីរត់ពន្ធមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ព្រោះជាការនាំមនុស្សរត់គេចពីយន្តការចេញចូលព្រំដែន។

លោកមានប្រសាសន៍ថា៖ “ការអនុវត្តបែបនេះគួរធ្វើជាទូទៅជាមួយមន្ត្រីដែលអសកម្ម ដែលអត់សមត្ថភាព យើងគួរតែចាត់វិធានការរដ្ឋបាលផង ចាត់វិធានការផ្លូវច្បាប់ផង បើរកឃើញ មានភស្តុតាង ថា គាត់បានអនុវត្តខុសច្បាប់ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យមន្ត្រីផ្សេងដែលធ្វើការល្អ អាចបង្ហាញសមត្ថភាព និងធ្វើការបម្រើប្រជាពលរដ្ឋកាន់តែប្រសើរឡើង”។

គួរបញ្ជាក់ថា កន្លងមក​មាន​អ្នកធ្វើដំណើរ​តាម​ជើង​ហោះហើរ​ដែលមាន​អ្នកដំណើរ​ឆ្លង​ជំងឺ​កូវីដ​-១៩​ មួយចំនួន​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​។ កាលពី​ខែ​កក្កដា ស្ដ្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងភ្នំពេញ​រត់​ទៅ​ខេត្ត​កំពង់ចាម និង​កាលពី​ខែសីហា ពលករ​ខ្មែរ​មកពី​ប្រទេស​ម៉ាឡេស៊ី​ ២ ​នាក់​បាន​រត់​ចេញពី​មណ្ឌល​ចត្តាឡីស័ក​ទៅផ្ទះ និង​ជនជាតិ​វៀតណាម​ ២ ​នាក់​ទៀត​ជា​ម្ដាយ និង​កូន រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​នៅ​ព្រៃវែង​មក​ខេត្ត​កំពង់ឆ្នាំង​នៅពេល​កំពុង​រង់ចាំ​ការធ្វើ​តេស្ដ​លើ​សំណាក​លើក​ទី​១​។

ក្នុង​ចំណោម​អ្នករត់​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នេះ គឺ​ស្ដ្រី​ខ្មែរ​អាមេរិកាំង ត្រូវ​បាន​ពិន័យ​ប្រាក់​ ១ ​លាន​រៀល ចំណែក​ពលករ​ខ្មែរ​មកពី​ប្រទេស​ម៉ាឡេស៊ី​ចំនួន​២​នាក់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ឡើងវិញ​។

កាលពីខែកញ្ញា ឆ្នាំ២០២១ បុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលរត់គេចចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យខ្ពស់កើតកូវីដ១៩ នៅក្រុងសៀមរាប ហើយត្រូវបានសមត្ថកិច្ច និងក្រុមការងាររបស់សុខាភិបាល រកឃើញវិញ។

កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងសម្រាប់ធ្វើចត្តា​ឡីស័ក នៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន។ ក្រោយពេលរកឃើញនេះ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅធ្វើតេស្តម្តងទៀត និងបានបញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កព្រែកព្នៅ ដើម្បីធ្វើចត្តាឡីស័កឡើងវិញរយៈពេល១៤ថ្ងៃ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម