Connect with us

ព័ត៌មានអន្ដរជាតិ

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

បានផុស

នៅ

បេក្ខជនប្រធានាធិបតីដែលចាញ់ឆ្នោតរបស់ឥណ្ឌូណេស៊ីលោក Anie Baswedan បានស្នើសុំតុលាការធម្មនុញ្ញចេញសេចក្ដីបង្គាប់បញ្ជាឲ្យរៀបចំការបោះឆ្នោតសាជាថ្មីម្ដងទៀត ហើយថែមទាំងទាមទារឲ្យដកឈ្មោះកូនប្រុសរបស់លោកប្រធានាធិបតី Joko Widodo ចេញពីសន្លឹកឆ្នោតផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនានេះ ។

លោក Anie Baswedan

លោក Ari Yusuf Amir ដែលជាមេធាវីរបស់មេបក្សប្រឆាំងខាងលើបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Anie Baswedan ដែលជាអតីតអភិបាលក្រុងហ្សាកាតាបានស្នើឲ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្ដងទៀត ជាពិសេសគឺដកឈ្មោះបេក្ខជន Gibran Rakabuming Raka ចេញពីសន្លឹកឆ្នោតផងដែរ ព្រោះថា កូនប្រុសរបស់លោក Joko Widodo រូបនេះ ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងដោយអយុត្តិធម៌ ដោយសារតែការផ្លាស់ប្តូរច្បាប់បោះឆ្នោតភ្លាមៗនៅវិនាទីចុងក្រោយ ។

ទន្ទឹមនោះ ការស្នើសុំឲ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌណេស៊ីសាជាថ្មីម្ដងទៀតនេះ គឺផ្ដោតមុខព្រួញយ៉ាងសំខាន់ទៅលើកូនប្រុសសំណព្វចិត្តវ័យ ៣៧ ឆ្នាំរបស់លោក Joko Widodo ក្រោយទទួលបានសិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីតុលាការចេញសេចក្ដីសម្រេចថា អ្នកដែលធ្លាប់ជាមន្ត្រីជាប់ឆ្នោតអាចចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ឬអនុប្រធានាធិបតីបាន បើទោះជាច្បាប់ចែងថា បេក្ខជនត្រូវមានអាយុចាប់ពី ៤០ ឆ្នាំឡើងក៏ដោយ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោកមេធាវីបានបញ្ជាក់បន្ថែមថា ការរៀបចំបោះឆ្នោតម្ដងទៀតនេះនឹងធានាបានថា មិនមានការជ្រៀតជ្រែក ឬលូកលាន់ណាមួយឡើយ ហើយក្រុមអ្នកច្បាប់របស់លោក Anies ក៏មានព័ស្តុតាងគ្រប់គ្រាន់ក្នុងការបង្ហាញថា រដ្ឋាភិបាលលរបស់លោក Joko Widodo បានប្រើប្រាស់ជំនួយសង្គមដើម្បីជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមតែលោក Anies នោះទេដែលមិនទទួសលស្គាល់លទ្ធផលបោះឆ្នោតនេះ ពោលបេក្ខជនប្រជែងតំណែងប្រធានាធិបតីឥណ្ឌូណេស៊ីមួយរូបទៀតគឺលោក Ganjar Pranowo ជាអតីតអភិបាលខេត្តជ្វាកណ្ដាលក៏បានបង្ហាញពីការថ្នាំងថ្នាក់ចិត្តចំពោះលទ្ធផលនេះនោះដែរ ហើយលោកថែមទាំងអះអាងទៀតថា ដំណើរការបោះឆ្នោតនេះមិនទាន់រលូនល្អ ឬស្អាតស្អំពេញទីនៅឡើយទេ ជាពិសេសចាត់ទុកការបោះឆ្នោតថាមានករណីក្លែងបន្លំ ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី១៤ ខែកុម្ភៈ ហើយលោករដ្ឋមន្ត្រីការពារជាតិ Prabowo Subianto ដែលជាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Joko Widodo គឺជាអ្នកគ្រងតំណែង ក្រោយកើបបានសំឡេងឆ្នោតគាំទ្រប្រមាណ ៩៦.២១ លានសំឡេង ឬ ៥៨.៦ ភាគរយនៃអ្នកបោះឆ្នោត ខណៈលោក Anies ទទួលបាន ២៤.៩ ភាគរយ និង Ganjar មាន ១៦.៥ ភាគរយ ហើយប្រធានាធិបតីជាប់ឆ្នោតថ្មីនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅខែតុលា ឆ្នាំ២០២៤ នេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ឡាវ ត្រូវប៉ាន់ពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារ ចិន នៅដើមឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម