Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ​កងពលតូច​លេខ​៧០ ប្រាប់​ឲ្យ​នាយទាហាន ពលទាហាន​ទាំងអស់ ជឿជាក់​លើ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម

បានផុស

នៅ

ភ្នំពេញ​ ៖ ការ​លើកឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ បានធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​នាយទាហាន ពលទាហាន ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងពលតូច​លេខ​៧០ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ បានរៀបចំ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​ដល់​នាយទាហាន ពលទាហាន នៅក្នុង​កងពល ដោយមាន​ការចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ និង​មេបញ្ជាការ​នៅតាម​បណ្តា​អង្គភាព ដែល​ពាក់ព័ន្ធ​ដទៃទៀត ដែល​សកម្មភាព​នោះ បានធ្វើ​ឡើង​នៅ​ទីបញ្ជាការ​កងពល ចោមចៅ ដោយមាន​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ចំនួន​៥ អង្គភាព​ចូលរួម មានដូចជា កងពលតូច​លេខ​៧០, យោធភូមិភាគ​១, យោធភូមិភាគ​២, បញ្ជាការដ្ឋាន​វិស្វកម្ម ក​.​ទ​.​គ និង​បញ្ជាការដ្ឋាន​ការពារ​អាកាស ក​.​ទ​.​គ​។

វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​យក​មក​ចាក់​ជូន​នាយទាហាន ពលទាហាន នៅ​កងពលតូច​លេខ​៧០​នេះ ជា​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ជា​ជំនួយ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​មានប្រសាសន៍​ទៅកាន់​នាយទាហាន ពលទាហាន​ទាំងអស់​ថា ត្រូវ​ជឿជាក់​លើ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​នេះ ព្រោះ​ទម្រាំ​ផលិត​បាន​វ៉ាក់សាំង​មួយ គឺមាន​ការ​គិតគូរ និង​សិក្សា​ល្អិតល្អន់​ជាទីបំផុត ដូច្នេះ​កុំ​មានការ​ព្រួយបារម្ភ​នៅពេល​ចាក់ ដោយ​គ្រាន់តែ​អនុវត្តតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​។ មួយវិញទៀត ត្រូវ​ជឿជាក់​លើ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ទទួលយក​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​នេះ មកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ឥតគិតថ្លៃ ពី​សំណាក់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​ចិន​ចំនួន​៦០​ម៉ឺន​ដូ​ស​នេះ ជា​ប្រភេទ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែល​ផលិត​ដោយ​រដ្ឋាភិបាល​ចិន បាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ​។ ក្រោយ​មកដល់​ប្រទេស​កម្ពុជា វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ទាំងនេះ បាន​ត្រូវ​ប្រគល់ជូន​ក្រសួងការពារជាតិ​ចំនួន​៣០​ម៉ឺន​ដូ​ស និង​ប្រគល់ជូន​ក្រសួងសុខាភិបាល​ចាត់ចែង​ចំនួន​៣០​ម៉ឺន​ដូ​ស​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម