ព័ត៌មានជាតិ
មេបញ្ជាការអាវុធហត្ថខេត្តកោះកុង អំពាវនាវឱ្យផ្តល់ព័ត៌មានពិតប្រាកដ ករណីមន្ត្រីក្រោមឱវាទ គ្មានក្រមសីលធម៌ ឬ ប្រព្រឹត្តអំពើល្មើសច្បាប់
កោះកុង ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជួយផ្តល់ព័ត៌មានពិតប្រាកដអំពីការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនមន្ត្រីក្រោមឱវាទរបស់ខ្លួន ករណីគ្មានក្រមសីលធម៌ការងារ ឬប្រព្រឹត្តអំពើល្មើសច្បាប់។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ផ្ញើសារថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបាលស្រុកឃុំភូមិ និងប្រជាពលរដ្ឋ ជួយតាមដានរាល់ការអនុវត្តតួនាទី ភារកិច្ច ក៏ដូចជាវិន័យរបស់មន្ត្រីកងរាជអាវុធហត្ថ ដោយផ្តល់ព័ត៌មានពិត ដើម្បីជាចំណែកចូលរួមឆ្លុះបញ្ចាំងជាកម្លាំងរបស់ជាតិដែលបង្កើតឡើង ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋ និងសង្គមជាតិ។

ការអំពាវនាវបែបនេះ គឺធ្វើឡើងក្នុងក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចមេបញ្ជាការថ្មីនៃមូលដ្ឋានអាវុធហត្ថស្រុកកោះកុង កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ក៏ជំរុញមេបញ្ជាការថ្មី ព្រមទាំងកងកម្លាំងអាវុធហត្ថស្រុកកោះកុង គប្បីគោរពវិន័យកងទ័ពឱ្យបានល្អ សាមគ្គភាពផ្ទៃក្នុង និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគោរពស្រឡាញ់គ្រប់ពេលវេលា។

ជាក់ស្តែង ការតែងតាំងមុខតំណែងប្រគល់ភារកិច្ចនេះ ក្នុងគោលបំណងដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់នាយកទាហាន រៀបចំធនធានមនុស្សឱ្យស្របតាមសមត្ថភាពជំនាញ និងការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន ពិសេសគឺការចែករំលែកបទពិសោធន៍ល្អៗធ្វើឱ្យអង្គភាពមានការរីកចម្រើនព្រមៗគ្នា។

លោកឧត្តមសេនីត្រី តាំង ឈុនស្រេង ដាស់តឿនដល់មន្ត្រីកងអាវុធហត្ថទាំងអស់ត្រូវតែឆន្ទៈមនសិការស្មោះត្រង់ អង់អាចក្លាហាន ឧស្សហកម្ម មានក្រមសិលធម៌វិជ្ជាជីវៈការងារល្អ និងយល់ដឹងពីតួនាទីវិន័យច្បាប់ ទើបសម្រេចជោគជ័យតាមភារកិច្ចចាត់តាំង។ ពោលគឺអនុវត្តឱ្យម៉ឹងម៉ាត់ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជា ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើស ត្រូវតែបង្ក្រាប។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក៏អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយតាមដានរាល់ការអនុវត្តតួនាទី ភារកិច្ច ក៏ដូចជាវិន័យរបស់មន្ត្រីកងរាជអាវុធហត្ថ ដោយផ្តល់ព័ត៌មានពិត ដើម្បីជាចំណែកចូលរួមឆ្លុះបញ្ចាំងជាកម្លាំងរបស់ជាតិដែលបង្កើតឡើង ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋ និងសង្គមជាតិ។

សម្រាប់លោក ជា សូវី អភិបាលស្រុកកោះកុង យល់ឃើញថា រាល់ការទទួលបានភារកិច្ចមេបញ្ជាការថ្មីកងរាជអាវុធហត្ថមូលដ្ឋានស្រុក ជាចលករដ៏សំខាន់ក្នុងការបន្តចូលរួមដឹកនាំអភិវឌ្ឍន៍អង្គភាព ការការពារសុខសន្តិភាព និងបម្រើប្រជាពលរដ្ឋ ក្រោយអតីតមេបញ្ជាការអាវុធស្រុកទៅកាន់តំណែងថ្មី។

លោក ជា សូវី ក៏លើកទឹកចិត្តដល់មេបញ្ជាការថ្មីកងរាជអាវុធមូលដ្ឋានស្រុកគោរពបំពេញតួនាទីភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់ សហការការងារពាក់ព័ន្ធជាមួយរដ្ឋបាលស្រុកឃុំ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ចំណែកលោកអនុសេនីយ៍ឯក ជួន វណ្ណៈ មេបញ្ជាការថ្មីកងរាជអាវុធហត្ថមូលដ្ឋានស្រុកកោះកុង បានតាំងចិត្តថា ខ្លួននឹងស្មោះត្រង់ចំពោះសាសនា ព្រះមហាក្សត្រ ដើម្បីការពាររដ្ឋធម្មនុញ្ញ ទឹកដី ការពាររាជរដ្ឋាភិបាល និងស្ម័គ្រស្មោះបម្រើប្រជាពលរដ្ឋ។ ប្រឆាំងដាច់ខាតការបង្កអសន្តិសុខសង្គម ការធ្វើបដិវត្តន៍ពណ៌គ្រប់រូបភាព ក្នុងគោលដៅការពារសន្តិសុខសណ្តាប់ធ្នាប់ លើកតម្កើងជីវភាពសុខុមាលភាពពលរដ្ឋ និងអភិវឌ្ឍន៍សង្គមជាតិតាមបែបប្រជាធិបតេយ្យ។
លោក ជួន វណ្ណៈ អះអាងថា នឹងប្រឹងប្រែបំពេញតួនាទីភារកិច្ច តាមច្បាប់ តាមបទបញ្ជាវិន័យ គោរពព្រឹទ្ធាចារ្យ ក្រមសីលធម៌វិជ្ជាជីវៈការងារ និងអនុវត្តការងារតាមឋានានុក្រមដោយពុំយកឋានៈតួនាទីទៅប្រព្រឹត្តបទល្មើសផ្សេងៗជាដាច់ខាត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


