Connect with us

ព័ត៌មានជាតិ

លុបបំបាត់ការិយាធិបតេយ្យ​​ តើ​ប្រព័ន្ធបញ្ជរតែមួយជាតិមាន​ប្រវត្តិ​បង្កើត​ឡើង​យ៉ាងណា?

បានផុស

នៅ

ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិត្រូវបានផ្តួចផ្តើមបង្កើត​ដោយអនុលោមតាមយុទ្ធសាស្ត្រ និងគោល​នយោបាយ​របស់រាជរដ្ឋាភិបាល​ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ស្តីពីការ​បង្កើតនិង​អនុវត្ត បញ្ជរតែមួយអាស៊ាន ពិធីសារស្តីពីការបង្កើតនិង​អនុវត្តបញ្ជរតែមួយ​អាស៊ាន ពិធី​សារ​ស្តីពីក្របខណ្ឌច្បាប់ សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន និងកិច្ចព្រមព្រៀង​ស្ដីពីកិច្ចសម្រួល​ពាណិជ្ជកម្ម​របស់អង្គការពាណិជ្ជកម្ម ពិភពលោក ដែលកម្ពុជា​បានអនុម័តយល់ព្រម​ជាបន្តបន្ទាប់​កន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុលោមតាមគោលនយោបាយ និងកិច្ចព្រមព្រៀងនានាដូចខាងលើ គណៈកម្មាធិការដឹកនាំ​គម្រោង​បញ្ជរតែមួយជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ ពេលនោះមាន​កម្រិតត្រឹម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ​​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជា។

ដោយយល់ថា ការអនុវត្តគម្រោងនេះ​មានវិសាលភាពធំ​ទូលាយគ្របដណ្តប់​ដល់​ក្រសួង-ស្ថាប័ន​ជំនាញផ្សេងទៀត ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានគោរពស្នើសុំ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងទទួល​បាន​ការសម្រេច​អនុញ្ញាតិ​ដ៍ខ្ពង់ខ្ពស់ ឱ្យកែ​សម្រួល​គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរ​តែមួយជាតិ​នេះមកជា​កម្រិតអនុក្រឹត្យវិញ ដែលដឹកនាំ​ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានសមាសភាព​តំណាងមកពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យ​ឯកជន ដូចមានក្នុងអនុក្រឹត្យលេខ ២៥ អនក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ដើម្បីគ្រប់គ្រងនិងដឹកនាំការអភិវឌ្ឍ និង​អនុវត្ត​គម្រោង​បញ្ជរតែមួយជាតិ។

ចំណុះឱ្យគណៈកម្មាធិការ​ដឹកនាំគម្រោង​បញ្ជរតែមួយជាតិ (គ.ដ.ប.ជ) មាន​ក្រុមការងារ​ចំនួន ២ រួមមាន ក្រុមផ្តល់​ប្រឹក្សាផ្នែកច្បាប់ និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ (ក.ច.ប.ជ) និង​ក្រុម​អនុវត្ត​គម្រោងបញ្ឈរតែមួយ​ជាតិ ( ក.អ. ប.ជ) ព្រមទាំងមានលេខាធិការដ្ឋាន (ល.គ.ប.ជ) នៅ​អគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា។

ជាសាវតាតាម​ការណែនាំ​របស់ គ.ដ.ប.ជ ដែល​ដឹកនាំ​ដោយ​អគ្គនាយក​គយ ក្រុមការងារ​អគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករ (អគរ) បាន​សហការ​ជាមួយ​ក្រុមហ៊ុន Project Management Group ក្នុង​គម្រោង Trade Facilitation Facility (TFF) ក្រោមជំនួយធនាគារ​ពិភពលោក បានកសាងនូវ​ឯកសារផែនការ​លម្អិត​សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែ​មួយជាតិ (Blueprint) ដែលមានការវាយតម្លៃ​លម្អិតអំពី​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត អរូបវន្ត ព្រមទាំងគ្រោងចំណាយថវិកាប្រមាណ ១៧ លាន​ដុល្លារ​អាម៉េរិក សម្រាប់​គម្រោង​ទាំងមូល។

យោងតាមឯកសារគោលនេះ គ.ដ.ប.ជ បានណែនាំ​ដល់ ក.អ.ប.ជ ពិសេស​ក្រុមការងារ អគរ រៀបចំជា​ផែនការជាក់លាក់ សម្រាប់ការផ្តួចផ្តើមអភិវឌ្ឍន៍ប្រព័ន្ធ ដោយបានប្រកាន់​យកអភិក្រម​ជា​ដំណាក់កាលនិង​ក្បិតក្បៀត​ថវិកា ដែលសរុបថវិកាចំណាយ​ផ្នែកទុន (Software Development) ក្នុង​រយៈពេល ៧ ឆ្នាំ (២០១៨ – ២០២៤) អស់​ប្រមាណ ៣,៤០០,៧៦០ ដុល្លារអាម៉េរិក ក្នុងនោះដំណាក់កាល​ទី១ ប្រើប្រាស់ថវិកា​ប្រមាណ ១០០,០០០ ដុល្លារ​អាមេរិក ជាជំនួយរបស់​គម្រោង US ASEAN Connectivity through Trade and Investment Project (US-ACTI) តាមរយៈ​លេខាធិការដ្ឋាន​អាស៊ាន ដំណាក់កាលទី២ ប្រើប្រាស់​ថវិកាជាតិ​ប្រមាណ ២,៨០៥,៧៦០ ដុល្លារអាម៉េរិក, និង​ដំណាក់កាលទី៣ ប្រើប្រាស់ថវិកា​ជាតិប្រមាណ ៤៩៥,០០០ ដុល្លារអាម៉េរិក។

១. ការអភិវឌ្ឍនិងអនុវត្តគម្រោងបញ្ជរតែមួយជាតិ

ការអភិវឌ្ឍគម្រោងបញ្ជរតែមួយជាតិបែកចែកជា ៣ ដំណាក់កាល។

គម្រោង​បញ្ជរ​តែមួយជាតិ​ដំណាក់កាលទី១៖ ក្រុមការងារ​អនុវត្ត​គម្រោង​បញ្ជរ​តែមួយ​ជាតិ​ បាន​ជួប​ប្រជុំ​ជាបន្តបន្ទាប់​ជាមួយ​​ដៃគូ​អភិវឌ្ឍន៍​មាន​ជាអាទិ៍ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍​អាស៊ី សហភាពអឺរ៉ុប US-Asian Connectivity through Trade and Investment Project (US-ACTI) និង​ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ដើម្បី​ស្វែងរកប្រភព​ថវិកា​សម្រាប់ការអភិវឌ្ឍន៍​ប្រព័ន្ធបញ្ជរតែមួយជាតិ។

ជាលទ្ធផល គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី១ ទទួល​បាន​ជំនួយ​បច្ចេកទេសគិតជា​ថវិកា​ប្រមាណ ១០០,០០០ ដុល្លា​រអាម៉េរិក​ពីគម្រោង US-ACTI ចំណាយ​ជួល​ក្រុមហ៊ុន vCargo Cloud Pte Ltd (VCC) មកសហការ​ ដើម្បីរៀបចំ​ការ​តភ្ជាប់រវាង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ (អាស៊ីគូដា) និងប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្រ​បញ្ជាក់ដើមកំណើត​​​ទំនិញ​របស់​ក្រសួងពាណិជ្ជកម្ម សម្រាប់ការត្រៀមភ្ជាប់ទៅប្រព័ន្ធបញ្ចរតែមួយអាស៊ាន​ ដើម្បីទទួលនិងបញ្ចូន​ឯកសារ​វិញ្ញាបនបត្រ​បញ្ជាក់ប្រភពដើមកំណើត​ទំនិញ (e-ATIGA Form D) ក្នុងទម្រង់អេឡិចត្រូនិក។

គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី១ មានរយៈពេល ១៥ ខែ ដោយបានចាប់ផ្តើមអភិវឌ្ឍ​នៅខែ តុលា ឆ្នាំ២០១៦ ដល់ ខែធ្នូ ឆ្នាំ២០១៧។

គម្រោងបញ្ជរតែមួយជាតិ​ដំណាក់កាលទី២៖ ការរៀបចំ​គម្រោង​បញ្ជរ​តែមួយជាតិ​ដំណាក់កាលទី២ មាន​រយៈពេល ១៥ ខែ ដោយបានចាប់ផ្តើម​អភិវឌ្ឍនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០១៩ ដោយប្រើប្រាស់ថវិកាជាតិ​ប្រមាណ ២,៨០៥,៧៦០ ដុល្លារអាម៉េរិក និង​បន្តជ្រើសរើស​ក្រុមហ៊ុន VCC ជាអ្នកអភិវឌ្ឍប្រព័ន្ធ។

គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ មានមុខងារ​សម្រាប់ស្នើសុំ​និងផ្តល់​អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ (LPCO) ក្នុង​ទម្រង់​អេឡិចត្រូនិក​នៅក្នុងប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិសម្រាប់ទំនិញនាំចេញ-នាំចូលស្រប​តាម​ខ្លឹមសារ​នៃអនុក្រឹត្យស្តី​ពីការដាក់ឱ្យប្រើប្រាស់​បញ្ជីទំនិញ​ហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ទំនិញ​ដែលទទួលបានការលើកលែងពន្ធ​និងអាករ ការព្យួរពន្ធនិងអាករ និងការដាក់ពន្ធ​និងអាករ​ជាបន្ទុករបស់​រដ្ឋ​តាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ដំណាក់កាលទី២ នេះ មានការចូលរួម​ពីក្រសួង-ស្ថាប័ន ​ដែលមានប្រតិបត្តិការច្រើនក្នុងការចេញ LPCO ក្នុង​នោះមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអង្គភាពចំនួន ៣ គឺ អគ្គនាយកដ្ឋាន​សុខភាពសត្វ​និងផលិតកម្ម​សត្វ អគ្គនាយកដ្ឋានកសិកម្ម និងរដ្ឋបាលជលផល។

ទន្ទឹមនេះ កម្ពុជាបាន​ប្រកាស​អំពីការតភ្ជាប់​ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ​របស់​ក្រសួងពាណិជ្ជកម្ម ទៅប្រព័ន្ធបញ្ចរ​តែមួយ​អាស៊ាន ដើម្បីទទួលនិងបញ្ជូនឯកសារវិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ (e-ATIGA Form D) និង​ប្រតិវេទន៍គយ​អាស៊ាន​ក្នុងទម្រង់​អេឡិចត្រូនិក ដែលកម្ពុជាជាប្រទេសទី ៧ ដែល​បានប្រើប្រាស់​ប្រព័ន្ធបញ្ជរតែមួយអាស៊ាន។

ការអភិវឌ្ឍគម្រោងបញ្ជរ​តែមួយជាតិ​ត្រូវបានធ្វើឡើងដោយ ក.អ.ប.ជ និង ល.គ.ប.ជ ដែលដឹកនាំ​ដោយ អគរ សហការ​ជាមួយក្រុមហ៊ុន VCC ចុះសិក្សាអំពីរំហូរនីតិវិធីផ្ទៃក្នុង (As-Is) តាមក្រសួង-ស្ថាប័ន​នីមួយៗ រួច​ចាប់ផ្ដើមអភិវឌ្ឍ​ប្រព័ន្ធ​ស្របតាមឯកសារ​យោង​ និង​ធាតុចូល​ពី​មន្ត្រីជំនាញ​ដោយ​ផ្អែក​លើ​គោលការណ៍​អនុវត្តរបស់ប្រព័ន្ធគឺការដាក់ស្នើដោយវិស័យឯកជន (Request) ផ្ទៀងផ្ទាត់ (Verify) ទូទាត់ (Payment) ពិនិត្យ (Review) និងអនុម័ត (Approve) ដោយ​មន្ត្រី។

បន្ទាប់ពីអភិវឌ្ឍប្រព័ន្ធរួច ក្រុមការងារអនុវត្តគម្រោង​បញ្ជរ​តែមួយជាតិ រួមជាមួយ​និងក្រុមហ៊ុន VCC បាន​អញ្ជើញមន្ត្រីជំនាញ​តាមក្រសួងជំនាញពាក់ព័ន្ធ មកធ្វើតេស្ត​សាកល្បងមុខងារប្រព័ន្ធ (User Acceptance Testing-UAT) និងផ្តល់​ធាតុចូលបន្ថែម។ ក្រោយពីក្រសួង- ស្ថាប័ននីមួយៗបានឯកភាព​អំពីរំហូរ​នីតិវិធីក្នុងប្រព័ន្ធ (To-be) រួច សាមីក្រសួង-ស្ថាប័ន បានចាត់តាំង​មន្រ្តីជំនាញ​និងថ្នាក់ដឹកនាំ​ឱ្យទទួល​បន្ទុកភារកិច្ចក្នុង​ប្រព័ន្ធ​បញ្ជរតែមួយជាតិ។ ក្រសួង-ស្ថាប័ន​ បានរៀបចំ​នីតិវិធី​លម្អិត (SOP) អំពី​ការប្រើប្រាស់​ប្រព័ន្ធរៀបចំសិក្ខាសាលា​បណ្តុះបណ្តាល ព្រមទាំង​សេចក្តីជូនដំណឹង ផ្សព្វផ្សាយ​ជាផ្លូវការឱ្យបាន​ទូលំទូលាយដល់​វិស័យឯកជន។

លទ្ធផលនៃការចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ របស់ក្រសួង-ស្ថាប័នមានដូចខាងក្រោម៖

-អគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ បានចូលរួមអនុវត្តពេញលេញ
-ក្រសួងសុខាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពុំទាន់បានចូលរួមអនុវត្តពេញលេញ ដោយ​នៅ​បន្ត​ចេញ LPCO តាមប្រព័ន្ធបញ្ជរតែមួយជាតិ និងតាមទម្រង់ក្រដាស
-ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពុំមានវឌ្ឍនភាព​ឡើយ ដោយអង្គភាព​ដែលត្រូវ​អនុវត្ត​គម្រោង​ពុំបាន​ផ្តល់កិច្ច​សហការពេញលេញ ដើម្បីបញ្ចប់នីតិវិធីអភិវឌ្ឍមុខងារចេញ LPCO ក្នុង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ ទោះបីជា គ.ដ.ប.ជ បានធ្វើលិខិតជំរុញ​ និង​ទទូចឱ្យក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមគម្រោងបញ្ជរតែមួយជាតិចំនួន ២ លើកក៏ដោយ។ មួយវិញទៀត តាមការ​ស្នើសុំរបស់សាមីក្រសួង ល.គ.ប.ជ សហការជាមួយ​ក្រុមហ៊ុន VCC ក៏បានផ្តល់ការ​បណ្តុះបណ្តាល​ដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាញជូនមន្ត្រីនិងវិស័យឯកជនចំនួន ០៤ លើក ដែល​មាន​សិក្ខាកាមចូលរួមចំនួន ២៣២ រូប ហើយសាមីក្រសួងបានរៀបចំសិក្ខាសាលា​ស្តីពី​ការ​ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរ​តែ​មួយជាតិ​ក្រោមអធិបតីភាព​លោក វេង សាខុន អតីត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣៖ ការរៀបចំគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ បាន​ចាប់ផ្តើមអភិវឌ្ឍនៅថ្ងៃទី៣ ខែ​មករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែល​មាន​រយៈពេល ១២ ខែ និងត្រូវបានពន្យាររហូតដល់​ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ២០២៤ ប្រើប្រាស់​ថវិកាជាតិ​ប្រមាណ ៤៩៥,០០០ ដុល្លារអាម៉េរិក និងជ្រើសរើសក្រុមហ៊ុន GUUD (International) Pte Ltd (អតីត​ក្រុមហ៊ុន vCargo Cloud Pte Ltd) ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធ។

ការអភិវឌ្ឍប្រព័ន្ធ ក្នុងគោលបំណងពង្រីកវិសាលភាពបន្ថែមឱ្យគ្របដណ្ដប់​គ្រប់ក្រសួង-ស្ថាប័ន ​ដែលមាន​សមត្ថកិច្ចពាក់ព័ន្ធនឹងការចេញ (LPCO សម្រាប់ទំនិញនាំចេញ-នាំចូល ដែលក្នុង​នោះ​មាន ក្រសួងបរិស្ថាន ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ ក្រសួងរ៉ែនិងថាមពល ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ​និងគ្រប់គ្រងបំណុល​នៃក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបន្តអនុវត្តពីគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និង​បន្ថែម​អង្គភាព​អនុវត្តចំនួន ២។

គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ បានបន្ថែមមុខងារ​ចំនួន ៤ នៅក្នុង​ប្រព័ន្ធបញ្ជរ​តែមួយ​ជាតិ ដូចជា មុខងារ​គ្រប់គ្រងហានិភ័យ មុខងារ​និហិតដ្ឋាន​ឯកសាពាណិជ្ជកម្ម មុខងារ​ប្រតិបត្តិករ​សេដ្ឋកិច្ច​បានទទួលការអនុញ្ញាត និងមុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ។

លទ្ធផលនៃការចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ របស់ក្រសួង- សា្ថប័ន មានដូចខាងក្រោម៖

ក្រសួង-ស្ថាប័នចំនួន ៦ ដែលបានបញ្ចប់ការអភិវឌ្ឍមុខងារប្រព័ន្ធ បានធ្វើតេស្ត UAT ព្រមទាំង​បាន​បណ្តុះបណ្តាល​ជូន​មន្ត្រី​ជំនាញ​និង​វិស័យ​ឯកជន ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​ដំណាក់កាល​ទី ៣ នៅថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ២០២៣។ គិតត្រឹមដំណាច់​ខែ​កុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន​ឈានមុខក្នុងការប្រើប្រាស់ប្រព័ន្ធ។

ជាមួយ​គ្នា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​ចូលរួមអនុវត្ត តែ​ពុំទាន់ពេញលេញដោយ​បាន​ចេញ LPCO តាមប្រព័ន្ធបញ្ជរតែមួយ​ជាតិ និងតាមទម្រង់ក្រដាសស្របគ្នា។

ដោយឡែក ក្រសួងរ៉ែនិងថាមពល ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពុំទាន់បានចូលរួមប្រើប្រាស់ប្រព័ន្ធនៅឡើយ ដោយ​ហេតុថា​ពុំទាន់​បញ្ចប់​ការរៀបចំនីតិវិធីផ្ទៃក្នុង​សម្រាប់ការអនុវត្ត (SOP) ។

ក្រសួង-ស្ថាប័នចំនួន ២ រួមមាន ក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ និង​អគ្គនាយកដ្ឋាន​សហប្រតិបត្តិការអន្តរជាតិ​និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រង់ចាំ​ការសម្រេច​ពីថ្នាក់ដឹកនាំ លើសេចក្តីព្រាងរំហូរនីតិវិធី​ក្នុងប្រព័ន្ធដែល ល.គ.ប.ជ បានរៀបចំជូន។

ក្រសួងចំនួន ២ រួមមាន ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ រង់ចាំការសម្រេច​ពីថ្នាក់ដឹកនាំ​ក្នុង​ការចូលរួមអនុវត្ត។

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពុំទាន់មានបទប្បញ្ញត្តិគាំទ្រសម្រាប់ការចូលរួមអនុវត្ត​គម្រោង​បញ្ចរ​តែមួយជាតិ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថ្លែង​នៅក្នុង​ពិធីប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​កាល​ពី​ ៧ ខែ​ឧសភា ឆ្នាំ ២០២៤​ ថា ការដាក់ឱ្យអនុវត្ត​ប្រព័ន្ធបញ្ជរ​តែ​មួយ​ជាតិ នឹង​នាំមកនូវផលប្រយោជន៍ជាច្រើនទាំង​សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។

សម្រាប់​វិស័យ​សាធារណៈ ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​មាន​តួនាទីសំខាន់​ក្នុងការ​សម្របសម្រួល និងការ​ពង្រឹង​កិច្ចសហការ​រវាងក្រសួង-ស្ថាប័នជំនាញ​ពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព​បន្ថែម​ទៀត​នូវកិច្ចសម្រួល​ពាណិជ្ជកម្ម, ជាពិសេសសម្រួល​ដល់ការ​បំពេញ​ឱ្យបាន​ឆាប់នូវបែបបបទនាំចេញ-នាំចូល​ទំនិញ ស្របតាមយុទ្ធសាស្ត្រនិង​គោលនយោបាយរបស់​រាជរដ្ឋាភិបាល។ ជារួម, ប្រព័ន្ធនេះបាន​ផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ឱ្យទទួលបាននូវព័ត៌មាន និង​ទិន្នន័យ​ត្រឹមត្រូវនិង​ទាន់ពេល សម្រាប់​ធ្វើការវិភាគ​វាយតម្លៃ​ហានិភ័យ និងសម្រាប់​ប្រើប្រាស់តាមតម្រូវការផ្សេងទៀត។

ដោយឡែក, វិស័យឯកជនក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរដូចជា ចំណេញពេលព្រម​ទាំង​ការកាត់បន្ថយ​ចំណាយ និង​ជាពិសេស​ការកាត់បន្ថយ​ការិយាធិបតេយ្យ​ក្នុង​ការ​រត់​ការ​ឆ្លង​កាត់​ពី​ក្រសួង-ស្ថាប័ន​មាន​សមត្ថកិច្ច​មួយ​ទៅ​មួយ​ទៀត ពាក់ព័ន្ធ​នឹងការស្នើសុំ​អាជ្ញាបណ្ណ, លិខិត​អនុញ្ញាត, វិញ្ញាបនបត្រ, និង​ឯកសារ​តម្រូវផ្សេងៗ​សម្រាប់​ការ​នាំចេញ-នាំចូល​ទំនិញ។

លើស​ពីនេះ ប្រតិបត្តិករនៃវិស័យឯកជន​ក៏អាចប្រើប្រាស់ឡើងវិញ​នូវ​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​សម្រាប់​ជា​ប្រយោជន៍​ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួនឱ្យបានទាន់ពេល, មាន​សង្គតិភាព និងមានភាពច្បាស់លាស់​ផង​ដែរ។

នា​ឱកាស​នោះ​ដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​ក៏​បាន​ស្នើវិស័យឯកជន​ចូលរួម​ប្រើប្រាស់​និង​ទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធបញ្ជរតែមួយជាតិដោយជួយគិតគូរ ជួយធ្វើ ជួយ​ទទួលខុសត្រូវ​។

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍​ឱ្យ​បាន​ជាអតិបរមាពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និង ចូលរួមផ្តល់មតិយោបល់ សម្រាប់​ការកែលម្អ​ឱ្យកាន់​តែ​ប្រសើរ។

ការស្នើបែបនេះ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជាផ្លូវការ «ប្រព័ន្ធបញ្ជរ​តែមួយជាតិ» កាលពី​ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ​២០២៤។

ជាមួយគ្នានេះដែរ សម្តេចធិបតី​ក៏​បានណែនាំដល់​គណៈកម្មាធិការ​ដឹកនាំ​គម្រោង​បញ្ជរ​តែ​មួយ​ជាតិត្រូវ​តាមដាន និង​វាយតម្លៃការអនុវត្ត ព្រមទាំង​បន្តកែលម្អនិងពង្រីក​មុខងារ​ប្រព័ន្ធ ក៏​ដូចជា​ពង្រីក​ការ​តភ្ជាប់​ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែល​ពាក់ព័ន្ធ​ការ​ធ្វើ​ធុរកិច្ចនិង​ពាណិជ្ជកម្ម ដើម្បី​បន្ត​ឆ្លើយតប​តម្រូវការជាក់ស្ដែងរបស់ធុរជន។

សម្តេច​បន្ត​ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុង​កិច្ច​ប្រឹងប្រែង​ធ្វើឱ្យប្រសើរ​ឡើង​នូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើក​កម្ពស់កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ទូតវៀតណាម ចាត់ទុកការជេរប្រមាថសម្ដេចតេជោ ជារឿងត្រូវតែស្រាវជ្រាវចាត់វិធានការ

ព័ត៌មានជាតិ២៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារ ជំរុញគ្រឹះស្ថានធនាគារ បង្កើនការអប់រំ​ការប្រើប្រព័ន្ធទូទាត់ដល់អតិថិជន ដើម្បីកុំឱ្យចាញ់បោកជនខិលខូច

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

វៀតណាម ជះលុយ​ជិត ១៤​លាន​ដុល្លារ បញ្ចៀស​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​ហូជីមិញ

ព័ត៌មានជាតិ៤០ នាទី មុន

ក្រុមយុវជនសង្គមស៊ីវិល៖ ទិវាជាតិនៃការចងចាំ បានបង្ហាញពីការលះបង់របស់ថ្នាក់ដឹកនាំខ្មែរ ដើម្បីប្តូរយក​សន្តិភាព

ព័ត៌មានជាតិ៤៣ នាទី មុន

ខេត្តស្វាយរៀង ធ្វើពិធីទិវាជាតិនៃការចងចាំរម្លឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហម

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន

សេដ្ឋកិច្ច២៣ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា ចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY)

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រធានាធិបតីអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេស ធ្លាក់ឧទ្ធម្ភាគចក្រជាមួយគ្នា មិនទាន់ដឹងជោគវាសនាបែបណា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Breaking News! ប្រធានាធិបតី អ៊ីរ៉ង់ ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភរិយានាយករដ្ឋមន្ត្រី សិង្ហបុរី ជានរណា ទើបមានការចាប់អារម្មណ៍ធំពីមហាជនក្នុងថ្ងៃតែងតាំងស្វាមី

Sokha Hotels

ព័ត៌មានពេញនិយម