លោក សំហេង បុរស រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គម បានថ្លែងនូវការអរគុណសាទរកិច្ចសហការល្អរបស់ខេត្តព្រះសីហនុ ជុំវិញដំណើរនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមានលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
លោករដ្ឋលេខាធិការថ្លែងបែបនេះ ខណៈជួបប្រជុំពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុថ្មីៗនេះលើលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះអំឡុងប្រយុទ្ធជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុទាំងមូល។
លោក សំហេង បុរស រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គមបានថ្លែងបញ្ជាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួលផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ ដែលបានចុះឈ្មោះនិងមានប័ណ្ណសមធម៌តាមតាមមូលដ្ឋានឃុំសង្កាត់រួចរាល់ ហើយត្រូវបន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលបានរៀបចំរួចជាស្រេច។
ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំដល់គ្រប់នាយកដ្ឋានពាក់ព័ន្ធធ្វើការអំពាវនាវបន្ថែមទៀតដល់បងប្អូនក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសបន្តមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបន្ថែមទៀត។
លោក សំហេង បុរស រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គមបានបញ្ជាក់ថា ដើម្បីបង្កើនភាពងាយស្រួលដល់គ្រួសារក្រីក្រនិងងាយរងគ្រោះនោះលោកបន្តចុះពិនិត្យការអនុវត្តកម្មវិធីនិងការបើកសាច់ប្រាក់នៅឃុំសង្កាត់ និងតាមភ្នាក់ងារវីង ដើម្បីបង្កើនប្រសិទ្ធភាព និងស្វែងយល់ពីការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ពិសេសលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចព័ត៌មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន៕
អត្ថបទ៖ វិមាន