Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលបានហិរញ្ញប្បទានជាង៧៩លានដុល្លារ​ពីធនាគារពិភពលោកដើម្បីពង្រឹងវិស័យ​អប់រំ

បានផុស

នៅ

ជាថ្មីម្តងទៀត​ធនាគារពិភពលោកបាន​អនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក​ សម្រាប់​ការ​ពង្រីកសកម្មភាពដែលកំពុងត្រូវ​បាន​អនុវត្ត​​ ក្នុង​គោល​ដៅ​​​លើកកម្ពស់លទ្ធ​ភាព​ទទួលបានការអប់រំប្រកបដោយគុណភាពនៅ​​កម្ពុជា ដែលហិរញ្ញប្បទានថ្មីនេះត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី​ធនាគារមួយ​នេះបាន​​​​អនុម័ត​​​​ឥណទានតម្លៃ ៤០លានដុល្លារអាមេរិកជួយដល់​គម្រោងអភិវឌ្ឍជំនាញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកកាលពីថ្ងៃទី៣០ ខែឧសភាបានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក​ សម្រាប់​ការ​ពង្រីកសកម្មភាពដែលកំពុងត្រូវ​បាន​អនុវត្ត​​លើវិស័យអប់រំប្រកបដោយគុណភាពនៅទូទាំងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី៣១ខែឧសភានេះ មូលនិធិថ្មី​នេះនឹងត្រូវបាន​យក​ទៅ​ប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាល​ពី​​​ខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់​ហិរញ្ញប្បទានលើក​ដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់​ហិរញ្ញប្បទានបន្ថែមនេះ​មានឥណទានចំនួន ៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែល​ជា​មូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាត​បំផុត និងជំនួយ​ចំនួន ១៩,៥លានដុល្លារ​ផ្សេងទៀត​ពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា មានប្រសាសន៍ថា​ប្រទេសកម្ពុជាបានប្រឹង​ប្រែង​យ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វី​ដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺ​លទ្ធផលនៃការសិក្សារបស់សិស្សនៅ​មាន​កម្រិត​ទាប​ ហើយលទ្ធភាព​ទទួលបានការអប់រំប្រកប​ដោយគុណភាពក៏​នៅខ្វះ​​​សមធម៌ដែរ។

លោកស្រី​និយាយ​បន្ថែម​ទៀត​ថា៖ “ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺ​ដើម្បី​ពង្រឹងថែម​ទៀត​នូវ​កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់​សម្រាប់ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។

លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការ ភាពជាដៃគូសកលសម្រាប់​ការ​អប់រំ មានប្រសាសន៍ថា​អង្គការ​ភាពជាដៃគូសកលសម្រាប់ការអប់រំ នៅតែបន្តការប្តេជ្ញាចិត្តក្នុងការជួយកម្ពុជាក្នុងការពង្រីកការទទួលបានការអប់រំប្រកបដោយគុណភាពទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត។

 លោកស្រីបន្តទៀតថា៖ «មូលនិធិបន្ថែមនេះនឹងផ្តល់ជាឱកាសសម្រាប់បង្កើន​កិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមាន​ការប៉ះពាល់បង្កដោយការ​រាតត្បាតជំងឺ​កូវីដ-១៩»។

សម្រាប់កញ្ចប់​ហិរញ្ញប្បទានបន្ថែមនេះ​នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថាន​អប់​រំ​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​មាន​ អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ សកម្មភាពសំខាន់ៗរួមមាន៖ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត, ការផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់​ដឹកនាំ​ និងបុគ្គលិកសាលា,ការសាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោម​ការរចនាដែលធន់នឹងអាកាសធាតុ,ការសាកល្បងដាក់​ឱ្យ​ប្រើ​បច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព,ការធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ, និងការពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅ​តាមនីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម