ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង យល់ថាមនុស្សឆេវឆាវខ្លាំងមកពីទម្លាប់ គ្រឿងស្រវឹង គ្រឿងញៀន និងការអនុវត្តច្បាប់
អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា មនុស្សសម័យនេះឆេវឆាវខ្លាំង ពិបាកគ្រប់គ្រងកំហឹង គឺមកពីកត្តាជាច្រើនដូចជា ទម្លាប់េបស់ពួកគេ ផ្នែកសីលធម៌ធ្លាក់ចុះ សេពគ្រឿងស្រវឹង គ្រឿងញៀន រួមទាំងការអនុវត្តច្បាប់មិនបានតឹងរ៉ឹងផង។

តាមការសង្កេត មួយរយៈចុងក្រោយនេះ ឃើញថា មានករណីឃាតកម្មសាហាវៗជាច្រើនករណី ដែលកើតចេញពីជម្លោះបន្តិចបន្តួច មានទាំងបញ្ហាអ្នកជិតខាង ម្ចាស់បំណុល និងកូនបំណល់ គូស្នេហ៍ឈ្លោះប្រកែក ឬ ប្រចណ្ឌគ្នា មានទំនាស់រវាងបងប្អូនគ្នាជាដើម។ ទាំងអស់នេះ សុទ្ធតែកើតចេញពីកំហឹង កើតជាការគុំកួន ក្លាយជាឃាតកម្មបាញ់ កាប់សម្លាប់គួរឱ្យរន្ធត់។

ពាក់ព័ន្ធនឹងករណីទាំងអស់នេះ លោកបណ្ឌិត ឈត ប៊ុនថង បានឱ្យកម្ពុជាថ្មី ដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ថា សម្រាប់លោកបណ្ឌិតផ្ទាល់យល់ថា ភាពឆេវឆាវខ្លាំងរហូតដល់ថ្នាក់សម្លាប់មនុស្ស គឺកើតចេញពីកត្តាផ្សេងៗគ្នា។ កត្តាទី១ គឺទម្លាប់អាក្រក់ដែលមាននៅក្នុងខ្លួនបុគ្គនោះ ពោល គឺ ទម្លាប់ឆេវឆាវយូរៗនឹងធ្វើឱ្យមនុស្សកាន់តែឆេវឆាវ ផ្ទុះកំហឹង រហូតដល់ប្រើអំពើហិង្សា ឬ ប្រើអាវុធបាញ់សម្លាប់មនុស្សជាដើម។ ក្រៅពីទម្លាប់អាក្រក់ លោកបណ្ឌិត យល់ថា មកពីការធ្លាក់ចុះសីលធម៌នៅក្នុងសង្គម គឺមនុស្សមិនសូវគោរព ស្រឡាញ់ និងយោគយល់អធ្យាស្រ័យគ្នា ក៏ជាកត្តាធំឱ្យមនុស្សឆេវឆាវដែរ ជាពិសេស គឺការរងឥទ្ធិពលពីសង្គមខាងក្រៅ គ្រួសារ ក៏ជាកត្តារួមចំណែកដែល។ បន្ថែមពីនេះ លោកថា គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់មិនទាន់បានល្អ ដែលធ្វើឱ្យអ្នកប្រព្រឹត្តទោសមិនទទួលបានការដាក់ទោសធ្ងន់ធ្ងរ ក៏ធ្វើឱ្យមនុស្សកាន់តែហ៊ានទៀត។

ភាពឆេវឆាវនេះ មិនមែនជារឿងងាយស្រួលឡើយ លោកបណ្ឌិត ឈត ប៊ុនថង បានឱ្យយោបល់ថា ដើម្បីកាត់បន្ថយបញ្ហានេះបានខ្លះ បុគ្គលម្នាក់ៗត្រូវបណ្តុះនូវទម្លាប់ល្អ ការយោគយល់ និងសេចក្តីស្រឡាញ់ ព្រោះមនុស្សដែលមានសេចក្តីស្រឡាញ់ មិនអាចធ្វើរឿងមិនល្អបានទេ។ បន្ទាប់មក គឺបណ្តុះការអប់រំសីលធម៌ តាមស្ថាប័ន សាលារៀន ក្នុងគ្រួសារ ក្នុងសហគមន៍ មានបញ្ហាអ្វីកុំទម្លាប់បន្ទោសគ្នា តែត្រូវចេះរកដំណោះស្រាយដោយពិភាក្សាគ្នាដើម្បីស្វែងរកផ្លូវចេញដ៏ល្អ។ មួយទៀត គួរពិនិត្យលើប្រព័ន្ធអប់រំ ដោយពង្រឹងប្រព័ន្ធអប់រំឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយតម្រង់ទិសឱ្យមនុស្សមកធ្វើរឿងដែលត្រឹមត្រូវ ប្រកបដោយសីលធម៌។

ចុងក្រោយ គឺការអនុវត្តច្បាប់ លោកបណ្ឌិត បញ្ជាក់ថា នៅពេលដែលគុណធម៌ ការអប់រំមិនមានប្រសិទ្ធភាព មានន័យថា ត្រូវមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដែលត្រូវមានច្បាប់ដែលល្អ នីតិវិធីច្បាស់លាស់ និងមានតម្លាភាព។ ចំពោះមន្ត្រីអនុវត្តច្បាប់ ក៏ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ដែលប្រកាន់យកយុត្តិធម៌ជាគោលជំហរធំមួយ។ ទាំងអស់នេះហើយ ជាចំណែកមួយ ដែលកាត់បន្ថយនូវភាពឆេវឆាវ កាចសាហាវ និងទប់កំហឹថរបស់ពួកគេ៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


