Connect with us

ព័ត៌មានជាតិ

វត្តតិក្ខប្បញ្ញោ រៀបចំពិធីសិតទៀនព្រះវស្សា និងបុណ្យផ្កាប្រាក់សាមគ្គី ដោយមានពុទ្ធបរិស័ទចូលរួមច្រើនកុះករ

បានផុស

នៅ

បុណ្យចូលព្រះវស្សា ជាពិធីបុណ្យដ៏ធំមួយនៃព្រះពុទ្ធសាសនា ហើយអាចចាត់ទុកថាជាពិធីបុណ្យដែលមានសារៈសំខាន់ ក្នុងចំណោមបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា ខណៈពិធីបុណ្យនេះ ក៏ជាច្បាប់មួយផងដែររបស់ព្រះពុទ្ធតម្រូវឱ្យព្រះសង្ឃគ្រប់អង្គ ដែលប្រតិបត្តិសាសនាត្រូវគង់ចាំព្រះវស្សានៅក្នុងវត្តនីមួយៗ រយៈពេល៣ខែតាមពុទ្ធប្បញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធ គឺចាប់ពីថ្ងៃ ១រោចខែអាសាឍ រហូតដល់ថ្ងៃ ១៥កើតខែអស្សុជ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរវត្តតិក្ខប្បញ្ញោ ស្ថិតភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំពិធីសិតទៀនព្រះវស្សា និងបុណ្យផ្កាប្រាក់សាមគ្គី នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ ដោយបានតុបតែងរៀបចំទីវត្តអារាមទៅតាមប្រពៃណីបែបព្រះពុទ្ធសាសនា។

ព្រះគ្រូបរិត្តកោសល វ៉ន វន ព្រះចៅអធិការវត្ត តិក្ខប្បញ្ញោ បានមានសង្ឃដីកាថា «បុណ្យចូលព្រះវស្សា» មានសារៈ​សំខាន់​​សម្រាប់​ព្រះសង្ឃ​បាន​រៀន​ធម៌ វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​។ ហើយគឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិតតែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ (មួយត្រីមាស) ក្នុងរដូវវស្សាចាប់ពីថ្ងៃ ១រោច ខែអាសាឍតទៅ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឱ្យដាច់វស្សាឡើយ។ ចំណែកឯពុទ្ធបរិស័ទជា ទាយកទាយិកា ឧបាសកឧបាសិកា អ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានេះដែរ ជាពិសេស គឺចាត់ចែងសំពត់សម្រាប់ងូតទឹកភ្លៀង ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ យកទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ដូច្នេះហើយបានជាគេខិតខំឧបត្ថម្ភ នូវចតុប្បច្ច័យផ្សេងៗចំពោះភិក្ខុសង្ឃយ៉ាងខ្លាំងប្លែកពីធម្មតាដូចជា ទៀនវស្សា ប្រេង សាដក ដាក់បិណ្ឌ ភ្ជុំបិណ្ឌដើម្បីសម្ដែងសមានចិត្ត ចូលរួមអបអរសាទរ រំលែកនូវការលំបាកខ្វះខាត និងដើម្បីជាផលា និសង្សពេញបរិបូណ៌ សម្រាប់ខ្លួនឯងនោះផង៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម