Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ឆ្នាំ ២០២៣ កម្ពុជា​មានបំណុល​សាធារណៈ​ក្រៅ​ប្រទេស​ប្រមាណ​ ១១ ប៊ីលានដុល្លារ

បានផុស

នៅ

គិត​ត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន​ប្រមាណ ១១ ២៣៨ លាន​ដុល្លារ​អាម៉េរិក ​ភាគច្រើន​លើស​លុប​ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស ដែល​មាន​ចំនួន​ប្រមាណ ១១ ១៨៥ លានដុល្លារអាម៉េរិក ស្មើនឹង ៩៩,៥% នៃសន្និធិសរុប។ នេះ​បើ​​តាម​ឯកសារ​យុទ្ធសាស្រ្ត​ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ (ឆ្នាំ​២០២៤-​២០២៨) ដែលរាជរដ្ឋាភិបាល​ទើបតែ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្នុងនោះក្នុង​​ក្របខ័ណ្ឌទ្វេភាគី មាន​​ចំនួន​ប្រមាណ ៦៤% និង​ក្របខ័ណ្ឌ​ពហុភាគីមាន​​ចំនួន​ប្រមាណ ៣៦%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ក្របខ​ណ្ឌ​ទ្វេ​ភាគី ចិន​មាន​ចំណែក ៣៧%, ជប៉ុន ១១%, សាធារណរដ្ឋ​កូរ៉េ ៥%, បារាំង ៥% និង​បំណុល​មរតក ៦% ។ ចំណែក​បំណុល​ពហុភាគី​ ធនាគារអភិវឌ្ឍន៍អាស៊ី​មាន​ចំនួន ២១% ធនាគារ​ពិភពលោក​ចំនួន ១២% និង​ពហុភាគី​ផ្សេង​​ទៀត​ចំនួន ៣%។

ឯកសារ​យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ (ឆ្នាំ​២០២៤-២០២៨) បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជា បាន​កំណត់​ពិតាននៃការខ្ចីបំណុលសាធារណៈពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូ​អភិវឌ្ឍ​ក្រៅប្រទេស នៅ​ក្នុងបរិការណ៍​សេដ្ឋកិច្ចបច្ចុប្បន្ន​ក្នុងរង្វង់ ១.៧ ​ទៅ ២ ប៊ីលានអេសដេអ៊ែ ឬ​ប្រមាណ (២.៣​ ទៅ ២.៧ ប៊ីលាន​ដុល្លារ) ក្នុង​មួយឆ្នាំ ហើយ​ក្នុង​ករណី​​​ចាំបាច់​អាច​បង្កើន​ដល់ ២.៥ ប៊ីលានអេសដេអ៊ែក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​លើស​ ១០ ប៊ីលាន​អេសដេអ៊ែ (ឬ​ប្រមាណ ១៣.៥ ប៊ី​លាន​ដុល្លារ​អាមេរិក) ក្នុង​រយៈពេល ៥ ឆ្នាំ និងបោះផ្សាយលក់មូលបត្ររដ្ឋក្នុងប្រទេសក្នុងរង្វង់ ៥០០ ប៊ីលាន ទៅ ១ ទីលានរៀល ក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់អាចបង្កើនដល់ ១,២ ទ្រីលានរៀល ក្នុងមួយឆ្នាំ ប៉ុន្តែ​មិនត្រូវលើសពី ៤ ទ្រីលានរៀល (សមមូលនឹងប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល ៥ ឆ្នាំ អាស្រ័យតាមវិវឌ្ឍនាការម៉ាក្រូសេដ្ឋកិច្ចជាក់ស្ដែង។

ដើម្បីគាំទ្រ​ដល់​ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យ​អនុវត្ត​នូវ «យុទ្ធសាស្ត្រ​ស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ​២០២៤ -២០២៨» ប្រកប​ដោយ​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់ និងអាចមានភាព​បត់បែនតាមសភាពការណ៍ពិភពលោក, តំបន់, និង​បរិការណ៍របស់កម្ពុជាតាម​គោលការណ៍គន្លឹះទាំង ៥ ដែលរួមមាន៖

១) ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២) ខ្ចីឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ
៣) ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព​នៃកំណើន​សេដ្ឋកិច្ច និងវិស័យបង្កើន​ផលិតភាព​សេដ្ឋកិច្ច​ឬផលិតភាពផលិតកម្ម
៤) ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធភាព​ខ្ពស់​បំផុត
៥) ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែល​ត្រូវ​មានស្តង់ដា និង​គុណភាពខ្ពស់ ស្របតាមគោលការណ៍​នៃការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានា​បាន​នូវចីរភាព សេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងរយៈពេលពីរទសវត្សរ៍មុនវិបត្តិនៃជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតក្នុងរង្វង់​ជា​មធ្យមជាង ៧% ក្នុងមួយឆ្នាំ ដែលនាំឱ្យកម្ពុជាសម្រេច​បានឋានៈជាប្រទេសមាន​ចំណូល​មធ្យម​កម្រិត​ទាប កាលពីឆ្នាំ២០១៥ ក្នុងនោះ​កម្រិតជីវភាព​របស់ប្រជាជន​មាន​ភាព​ប្រសើរ​ឡើងដោយ ផសស ក្នុង​មនុស្សម្នាក់​បាន​កើនឡើងជាង ៥ ដង ពោល​គឺ ពី ៤៦៤ ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ​២០០៤ ដល់​ប្រមាណ ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈ​អត្រាភាពក្រីក្រ​បន្តធ្លាក់​ចុះជា​លំដាប់​ពី​ជាង ៥៤% ក្នុងឆ្នាំ២០០៤ មក​ត្រឹម ១៣,៥% ក្នុងឆ្នាំ២០១៤ ហើយ​ត្រូវបាន​ប៉ាន់ស្មាន​ថាស្ថិតក្រោម ១០% មុន​​វិបត្តិជំងឺកូវីដ-១៩។

រដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ស្តីពីការគ្រប់គ្រង​បំណុល​សាធារណៈចំនួន ៣ លើក រួចមកហើយ ក្នុងនោះ លើកទី១ (ឆ្នាំ២០១១ – ២០១៨) លើក​ទី​២ (ឆ្នាំ២០១៥ – ២០១៨) និង​លើកទី៣ (២០១៩ – ២០២៣)។

តាមរយៈការ​អនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុល​សាធារណៈទាំង ៣ លើក ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា ត្រូវ​បានគ្រប់គ្រងប្រកបដោយវិន័យនិងប្រសិទ្ធភាពខ្ពស់ ដោយ​អាចបន្ត​រក្សាបាននូវ «ចីរភាព» និង «ហានិភ័យកម្រិតទាប» ក្នុងនោះសូចនាករតម្លៃបច្ចុប្បន្ន​នៃបំណុល​សាធារណៈ​ក្រៅប្រទេសធៀបនឹង ផសស ពីឆ្នាំ២០១៩ ដល់ឆ្នាំ​២០២៣ មានជាមធ្យម​ត្រឹមរង្វង់ ១៨% ប៉ុណ្ណោះ ធៀប​នឹងអនុបាតគោល ៤០%

ទន្ទឹមនេះ រាជរដ្ឋាភិបាល​បានចាប់​ផ្ដើមកៀរគរទុន​ពីទីផ្សារក្នុងប្រទេស តាមរយៈការបោះផ្សាយ​លក់មូលបត្ររដ្ឋ​ដែលជាប្រភព​ហិរញ្ញប្បទានថ្មី ជា​លើក​ដំបូងនៅឆ្នាំ២០២២ ហើយនឹង​បន្តអនុវត្តយ៉ាង​សកម្មនូវរាល់វិធានការនិងផែនការ សកម្មភាព​​​ដែលបានដាក់​ចេញក្នុងក្របខ័ណ្ឌ​គោលនយោបាយ​ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ឆ្នាំ​២០២៣ – ២០២៨ ដើម្បី​កសាង​ឱ្យបាន​នូវ​ប្រព័ន្ធ​គ្រប់គ្រង​មួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ​សម្រាប់​ការបោះផ្សាយនិង​ការជួញ​ដូរមូលបត្រ​រដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម