Connect with us

ព័ត៌មានជាតិ

មន្ត្រី​ព្រួយបារម្ភ​ពី​ការឆ្លង​កូ​វីដ​១៩ ​ខណៈ​ពលរដ្ឋ​កាន់តែ​​សម្រុក​ទៅ​មើល​បាតុភូត​ចម្លែក​ ទឹកធ្លាក់​ពីលើ​មែក​ឈើ

បានផុស

នៅ

​មន្ត្រី​សុខាភិបាល​បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​ ចំពោះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ ព្រោះថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ មាន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើងៗ​បាន​នាំ​គ្នា​មក​មើល​ទឹកធ្លាក់​ហើយ​នាំគ្នា​អុច​ធូប​ទៀន​បន់ស្រន់​សុំ​សេចក្តីសុខ​នៅ​វត្ត​ប្រាសាទ​វ​ត្តី​ហៅ​វត្ត​ត្បូង​ ដែល​មាន​ទៅ​តាំងនៅ​ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក អំ ណា​រ័ត្ន បុគ្គលិក​មណ្ឌល​សុខភាព​ឃុំ​ព្រែក​ដំបូក​បាន​មានប្រសាសន៍ថា​«​ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​ ចំពោះ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ដែល​ឃើញ​ប្រជាពលរដ្ឋ​យើង​យ៉ាង​ច្រើន​ទាំង​ក្នុ​ងខេត្ត​និង​ក្រៅ​ខេត្ត​បាន​នាំគ្នា​សម្រុក​ទៅ​មើល​ទឹកធ្លាក់​ចម្លែក​ពីលើ​មែកឈើ​ដើម​ច្រេះ​ នៅ​ក្នុង​វត្ត​ត្បូង ​ដើម្បី​សុំ​ទឹកមន្ត​លុបមុខ​លាប​សក់​សុំ​សេចក្តីសុខ​»​។ លោក​បាន​បន្តថា​ក្នុង​១​ថ្ងៃៗ​យ៉ាងហោចណាស់​ មាន​អ្នក​ទៅ​មើល​ទឹកធ្លាក់​ប្រមាណ​៥០០​នាក់​ដែរ​ ហើយ​មាន​មួយ​ចំនួន​មិនបាន​អនុវត្ត​តាម​វិធាន​សុខាភិបាល​ទេ​ដូចជា​មិន​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជាដើម​ ហើយ​ស្រុក​ស្រី​សន្ធរ​ ឥឡូវ​មានការ​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​នេះដែរ​ ដោយសារ​មាន​ប្រជាពលរដ្ឋ​ខ្លះ​មាន​ពាក់ព័ន្ធ​នឹង​ពិធីមង្គលការ​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ​ នៅ​ភូមិ​កោះ​តូច​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម​ ដែល​មាន​បុរស​ម្នាក់​នៅ​ភ្នំពេញ​បាន​ចូលរួម​ពិធី​មង្គលការ​នោះ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ លោក​បាន​បន្តទៀតថា ​ក្នុងចំណោម​ពលរដ្ឋ​ទៅ​មើល​ទឹកធ្លាក់​នោះ​ ក៏​មាន​អ្នក​មកពី​ខេត្ត​ផ្សេងៗ​ផង​ដែរ​។​ លោក​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​សុខាភិបាល​ គួរតែ​ដាក់​កម្លាំង​ត្រួតពិនិត្យ​ច្រកចេញ​ចូល​ឲ្យ​បាន​តឹងរឹង​ដូចជា ត្រូវ​ពាក់​ម៉ាស​និង​វាស់​កម្ដៅ​ជា​មុន​សិន​មុននឹង​អនុញ្ញាត​ឲ្យ​ចូល​និង​ត្រូវ​មាន​កម្លាំង​ជួយ​រៀបចំ​ ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព​ ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​លោក​វេជ្ជបណ្ឌិត គឹម ​សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ​មន្ទីរ​បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ស្រី​សន្ធរ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​អប់រំ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ដូចជា​ពាក់​ម៉ាស រក្សា​គម្លាត​ជាដើម​ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

បើតាម​អ្នកតាមដាន​ព្រឹត្តិការណ៍​នេះ​ បាន​បញ្ជាក់​ថា ​ការដែល​មានទឹក​ធ្លា​ក់ឥត​ឈប់​ពីលើ​មែក​ឈើ​ច្រេះ​នេះ ​អាច​បណ្តាល​មកពី​កត្តា​បី​ ទី​១​អាច​ជា​អប្បិយជំនឿ​ដោយសារ​មាន​បារមី, ទី​២ មកពី​ទឹកមាត់​សត្វ​រ៉ៃ​យំ​ និង​ទី​៣​បាតុភូត​ចេញពី​ដើមឈើ​នោះ​តែ​ម្តង​។​

បើតាម​លោក ផល វ៉ុ​ន មេឃុំ​ព្រែក​ដំបូក​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថា ​ព្រឹត្តិការណ៍​ដែល​មាន​ទឹកធ្លាក់​មិន​ដាច់​នៅ​ដើម​ច្រេះ​ស្ថិត​នៅ​ក្នុង​វត្ត​ត្បូង​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៤​ ខែមីនា​ ឆ្នាំ​២០២១​ មក​ម្ល៉េះ​ហើយ​ប្រជាពលរដ្ឋ​ ដែល​មាន​ជំនឿ​គិត​ថា ​វា​ជា​បាតុភូត​ចម្លែក​មាន​បារមី​កាន់​នៅ​ដើម​ច្រេះ​នោះ​ព្រោះថា​ដើម​ច្រេះ​នៅ​ពីមុខ​ទូក ង សារាយ​ផ្កាយព្រឹក​។ លោក​មេឃុំ​បាន​បន្តថា​ ដោយសារ​មាន​ប្រជាពលរដ្ឋ​ខ្លះ​មានអប្បិយជំនឿ​ ទើបបាន​យក​ធូប​ទៀន​ទៅ​បន់ស្រន់​សុំ​សេចក្តីសុខ​បញ្ចៀស​នូវ​ឧបទ្រពចង្រៃ​ផ្សេងៗ​ពិសេស​ជំងឺ​កូ​វីដ​១៩​។​

លោក​មេឃុំ​បាន​ណែ​នាំទៅ​ប្រជាពលរដ្ឋ​ថា​នេះ​ មិនមែនជា​បាតុភូត​ចម្លែក​អ្វី​ទេ​បើ​ពិនិត្យមើល​ការ​ជាក់ស្ដែង​ទឹក​ដែល​ធ្លាក់​ហូរ​មក​តាម​មែក​ឈើ​នៃ​ដើម​ច្រេះ​អត់​ដា​ច់នេះ​ គឺ​បណ្តាល​មក​ពី​ទឹកមាត់​សត្វ​រ៉ៃ​យំ​នៅ​លើ​ដើមឈើ​ច្រេះ​នោះ​ទេ​។ ​ដូចនេះ​សុំ​ឈប់​នាំគ្នា​ផ្អើល​ជា​បន្ត​ទៀត ហើយ​ត្រូវ​នាំគ្នា​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩​។ លោក​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ​ត្រូវ​ពាក់​ម៉ាស​ការពារ​ទាំងអស់គ្នា ​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩​ ដែល​កំពុង​រាតត្បាត​ក្នុង​សហគមន៍​នៅ​កម្ពុជា​នៅឡើយ​។ ​លោក​បាន​បញ្ជាក់​ថា ​នៅ​ដើម​អំពិល​បារាំង​ដ៏​ធំ​មួយ​នៅ​ភូមិ​ផ្ទះ​វាល ក៏​មាន​ទឹក​ស្រក់​ដូច​ទឹក​ស្រក់​នៅ​ដើម​ច្រេះ​នៅ​ក្នុង​វត្ត​ត្បូង​ ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ថា​បាតុភូត​ចម្លែក​ដែរ​តែ​ទឹក​មិន​ស្រក់​ច្រើន​ទេ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

​ ​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម