សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាពិសេសមួយណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជាថៃ លើកលែងការការធ្វើចត្តាឡីស័កដល់ពលករខ្មែរនៅតាមព្រំដែនប្រទេសថៃសម្រាប់ពលករដែលមានសុខភាពធម្មតា ដោយមកធ្វើនៅឯមូលដ្ឋានវិញ ដើម្បីជួយសម្រាលបន្ទុកក្នុងការចិញ្ចឹមនិងថែទាំ។
តាមរយៈសារសំឡេងតាមតេឡេក្រាម ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ សម្តេចតេជោបានបន្តថា«បន្ទាប់ពីបានពិនិត្យមើលស្ថានការណ៍នៅប្រទេសថៃ ខ្ញុំសម្រេចបិទការធ្វើចត្តាឡីស័កពលករ ដែលមានសុខភាពធម្មតា លើកលែងតែអ្នកដែលសង្ស័យ»។
សម្តេចបានបន្តទៀតថា ការបិទការធ្វើចត្តាឡីស័កពលករមានសុខភាពធម្មតានេះ ដោយសារតែស្ថានការណ៍នៅប្រទេសថៃអាច គ្រប់គ្រងបានហើយពិសេសខេត្តបាត់ដំបង ដែលជាប់ខេត្តចិត្របូរីបានដកចេញចំណុចក្រហមដែលមានហានិភ័យវិញហើយ។
សម្តេចបានបន្ថែមទៀតថា ម្យ៉ាងទៀតក្នុងរយៈពេលមួយខែនេះ នៅតាមមណ្ឌលចត្តាឡីស័កតាមព្រំដែនមិនមានពលករណាម្នាក់បន្តឆ្លងទៀតទេពិសេសស្ថានភាពតាមព្រំដែនជួបការលំបាកដោយសារចំនួនពលករ ដែលចេញមានចំនួនតិចជាងចូលធ្វើឲ្យលំបាកក្នុងការចិញ្ចឹមនិងថែទាំពលករ។
សម្តេចបានណែនាំដល់អាជ្ញាធរត្រូវដឹកពលករ ដែលមិនមានបញ្ហាសុខភាពទៅស្រុកកំណើតវិញត្រូវមានសណ្តាប់ធ្នាប់និងមានរបៀបរៀបរយនិងមានសុវត្ថិភាពផងដែរ។
សម្តេចបញ្ជាក់ថា«ដូចនេះសម្រាប់ថ្ងៃនេះ អ្នកមកពីប្រទេសថៃដែលមានសុខភាពល្អមិនចាំបាច់ដឹកទៅមណ្ឌលចត្តាឡីស័កទេរថយន្តកងទ័ព ដែលមាននៅតាមព្រំដែនត្រូវដឹកពួកគាត់ទៅខេត្តខាងក្រោយតែម្តង។ សម្រាប់អ្នក ដែលត្រូវធ្វើចត្តាឡីស័កត្រូវរង់ចាំដឹកនៅព្រឹកស្អែក»។
សម្តេចបានបញ្ជាក់បន្ថែមថា កងទ័ពដឹកពលករត្រូវធានានិងផ្គត់ផ្គង់ស្បៀងអាហារទាំងពេលព្រឹកនិងថ្ងៃត្រង់ដល់គាត់ព្រមទាំងផ្តល់អាហារបន្ថែមដូចជាមី ទឹកសុទ្ធតាមខ្លួនព្រោះមិនអនុញ្ញាតឲ្យដឹកពេលយប់ទេ។ ក្នុងការធ្វើដំណើរទៀតសោតត្រូវយកចិត្តទុកដាក់ថែទាំសុខភាពដល់ពួកគាត់។
កុំដាក់មនុស្សច្រើនពេកប្រជ្រៀតគ្នាដែលមិនស្របតាមវិធានសុខាភិបាល រថយន្តត្រូវមានដំបូល។ សម្តេចបន្ថែមទៀតថា ពេលដឹកទៅដល់ខេត្តខេត្តនីមួយៗត្រូវដឹកបន្តបញ្ជូនទៅតាមមូលដ្ឋាន។ ក្នុងករណីមានការសង្ស័យត្រូវពិនិត្យពិនិត្យសំណាកនិងព្យាបាលសិន៕
ស្តាប់ប្រសាសន៍សម្តេចតេជោ៖
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ពិសេសអាយុចាប់ពី៦០ឆ្នាំឡើង ដើម្បីចាក់វ៉ាក់សាំង