ព័ត៌មានជាតិ
ប.ស.ស បើកសមយុទ្ធហ្វឹកហាត់ពន្លត់អគ្គិភ័យ និងសង្គ្រោះជាលើកដំបូង
បេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ បានបើកសមយុទ្ធហ្វឹកហាត់ពន្លត់អគ្គិភ័យ និងសង្គ្រោះជាលើកដំបូងនៅអគារស្នាក់ការកណ្តាលរបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើកសមយុទ្ធហ្វឹកហាត់ពន្លត់អគ្គិភ័យខាងលើ លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា ការបើកសមយុទ្ធហ្វឹកហាត់ពន្លត់អគ្គិភ័យ និងសង្គ្រោះនៅពេលនេះ គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដែលអង្គភាពនីមួយៗ ត្រូវហ្វឹកហាត់ រៀនសូត្រ ឱ្យបានស្ទាត់ជំនាញ ពិសេសសម្រាប់ ប.ស.ស. គឺដើម្បីឱ្យមន្ដ្រី បុគ្គលិកក្រោមឱវាទ ទទួលបាននូវជំនាញខ្លះៗ ដើម្បីអាចធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅកន្លែងបំពេញការងារ ដែលអាច ការពារខ្លួន នៅពេលមានហានិភ័យអគ្គិភ័យ ដូចជាការផ្ទុះ ឧប្បត្តិហេតុ និងគ្រោះថ្នាក់ផ្សេងៗ ដែលនឹងអាចកើតមានជាយថាហេតុ។
លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលរហូតដល់សមយុទ្ធហ្វឹកហាត់ក្នុងការពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ ព្រមទាំងកិច្ចសហការជួយគាំទ្រនានា របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានលើកឡើងថា នេះជាលើកទី ១ ដែល ប.ស.ស. បានសហការជាមួយនាយកដ្ឋានជំនាញក្នុងការរៀបចំការហាត់សមនេះ ហើយនៅឆ្នាំបន្តបន្ទាប់ មន្ដ្រីនគរបាលជំនាញ នឹងផ្ដល់នូវកិច្ចសហការជាមួយ ប.ស.ស. ដើម្បីជួយបណ្ដុះបណ្ដាលដល់មន្ត្រីបុគ្គលិកអំពីវិធានការបង្ការ និងការសង្គ្រោះបឋម ដូចពេលនេះ។
លោកឧត្ដមសេនីយ៍ឯក នេត វន្ថា បានបន្តទៀតថា ការធ្វើសមយុទ្ធរួមគ្នានៅពេលនេះ ដើម្បីឱ្យមន្ដ្រីនគរបាលជំនាញមានឱកាសពន្យល់អំពីការងារបច្ចេកទេសមួយចំនួន ដល់មន្ត្រីបុគ្គលិករបស់ ប.ស.ស. ឱ្យមានភាពច្បាស់ការ និងចូលរួមបង្ការ ទប់ស្កាត់ ពិសេសសង្គ្រោះបឋមនៅពេលមានគ្រោះអគ្គិភ័យកើតឡើង។

គួរបញ្ជាក់ថា ពិធីបើកសមយុទ្ធហ្វឹកហាត់ពន្លត់អគ្គិភ័យ និងសង្គ្រោះ នាព្រឹកនេះ មានការចូលរួមពីកងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ប.ស.ស. ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញសរុបប្រមាណជាង ១ ពាន់នាក់៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


