ព័ត៌មានជាតិ
ក្រសួង ដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស ដើម្បីពង្រឹងគុណភាពអប់រំ
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យដំណើរការគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ដែលទទួលបានឥណទានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែម។

បើតាមក្រសួងអប់រំ គម្រោងនេះផ្តោតលើលទ្ធផលចំនួន ៤ គឺ៖១.លទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិ ប្រកបដោយគុណភាព។ ទី២ គុណភាពនៃការអប់រំមធ្យមសិក្សាទុតិយភូមិស្របតាមជំនាញសតវត្សរ៍ទី២១។ ទី៣ គុណភាពនៃរង្វាយតម្លៃការអប់រំមធ្យមសិក្សាទុតិយភូមិបានប្រសើរឡើង និងទី៤ គន្លងអប់រំក្រោយមធ្យមសិក្សាបានពង្រឹង។ ចំពោះគម្រោងនេះ បានអនុវត្តទៅលើ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង មជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិក្រឹត្យការភូមិភាគកំពង់ចាម សកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានអប់រំពិសេស អគ្គនាយកដ្ឋានអប់រំ និងអគ្គនាយកដ្ឋានឧត្តមសិក្សា ហើយគម្រោងនឹងគ្របដណ្តប់សាលាមធ្យមសិក្សាទុតិយភូមិគោលដៅចំនួន២៥៩ ដែលនឹងទទួលបានអន្តរាគមន៍សំខាន់ៗពីគម្រោងផងដែរ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា៖ “គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគមូលធនមនុស្សដែលមានជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យឌីជីថល។ ទន្ទឹមនឹងនេះ គុណតម្លៃនៃគម្រោងនេះ បានជួយពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធអប់រំមធ្យមសិក្សាកម្ពុជាឱ្យមានគុណភាព សមធម៌ សមភាពយេនឌ័រ និងមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការដាក់ចេញការអនុវត្តនូវអភិក្រមដំណោះស្រាយ ដែលមាននវានុវត្តន៍ និងបច្ចេកវិទ្យាអប់រំ (EdTech) ដើម្បីជំរុញការបង្រៀន និងការរៀនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល ឱ្យមានលក្ខណៈអន្តរកម្ម និងភាពជាក់ស្តែង”។
ក្នុងពិធីនេះ រដ្ឋមន្ត្រីអប់រំ ក៏បានបញ្ជាក់ពីវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន១០ឆ្នាំចុងក្រោយនេះ ក្នុងវិស័យអប់រំ គឺអត្រាចូលរៀនរួមក្នុងកម្រិតមធ្យមសិក្សាបឋមភូមិកើនឡើងពី ៥៥%ក្នុងឆ្នាំ២០១៣ កើនឡើងដល់ ៧៥% ក្នុងឆ្នាំ២០២៤ ។ អត្រាចូលរៀនក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ កើនឡើង ២៦% ឡើងដល់ ៤៤% និងអត្រាចូលរៀននៅកម្រិតឧត្តមសិក្សាមានការកើនពី ១០% ដល់១៩%។ លោកបន្ថែមថា សិស្សនិស្សិត ដែលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានការកើនឡើងពី២០% ដល់៣៤%។ ត្រង់ចំណុចនេះ លោកបណ្ឌិតបញ្ជាក់ថា ទោះបីនិស្សិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានត្រឹមជាង៣០% នៃសិស្សប្រឡងបាក់ឌុបមែនពិត ប៉ុន្តែ គឺជានិស្សិតដែលមានគុណភាព និងជាធនធានមនុស្សឆ្លើយតបតាមចក្ខុវិស័យកម្ពុជា។

ជុំវិញនឹងកំណើនសិស្សចុះឈ្មោះចូលរៀនមានការកើនឡើងច្រើនជាងមុននេះ បណ្ឌិត ហង់ជួន ណារ៉ុន បន្ថែមថា ក្រសួងអប់រំ បានដាក់ផែនការសាងសង់អគារសិក្សាបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់ការសិក្សា ហើយក៏ធ្វើឱ្យចំនួនសិស្សមានការកើនឡើង ប្រជាជនមានការអប់រំទូលំទូលាយ។ ក្រៅពីការសាងសង់អគារសិក្សា ក្រសួងក៏បានបន្តបណ្តុះបណ្តាលគ្រូបង្រៀនឱ្យកាន់តែមានគុណភាព និងកំពុងផ្សារភ្ជាប់សាលារៀនគំរូ ជាមួយសាលារៀនបណ្តាញ ដើម្បីធ្វើយ៉ាងណាឱ្យគុណភាពអប់រំនៅកម្ពុជាកាន់តែមានការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់៕



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ