Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីប្រាប់ពលរដ្ឋកុំប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងរដូវត្រីពង

បានផុស

នៅ

យកឱកាសនៃទិវាមច្ឆជាតិ លើកទី២០ នៅបឹងទន្លេបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងរដូវត្រីពង ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបករណ៍នេសាទខុសច្បាប់ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត សំដៅដល់គឺរួមមាន៖ ថ្មស្អុយ ឧបករណ៍ឆកត្រី ស្បៃមុង និងគ្រឿងផ្ទុះ ដែលទាំងនេះសុទ្ធតែជាឧបករណ៍ហាមឃាត់សម្រាប់ការធ្វើនេសាទ ជាពិសេសកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ យ៉ាងដូច្នេះថា«មេត្តារួមគ្នា ដើម្បីទុកត្រីឱ្យធំ ឱ្យវាពងញាស់ឡើង កុំចាប់វា កុំបំផ្លាញវា ព្រោះត្រីគឺជាប្រភពអាហារដ៏ចម្បងមួយក្នុងជីវភាពប្រចាំថ្ងៃរបស់​ប្រជា​ជន»។ សម្ដេច បានលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាចូលរួមថែរក្សាការពារធនធានជលផលឱ្យបាន​ស្ថិត​ស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ភ្ជាប់នឹងសារអំពាវនាវ សម្តេចធិបតី ក៏បញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងយោធពលខេមរភូមិន្ទ អាជ្ញាធររាជធានីខេត្ត និងមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវទប់ស្កាត់ និងបង្ក្រាប​បទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់ ព្រមទាំងចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះការផលិត ចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងនេះ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងកសិកម្ម ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសសត្វផ្សោតទន្លេមេគង្គ និងអភិរក្សត្រីមេពូជ និងវារីសត្វកំពុងរងគ្រោះ។

សម្រាប់រដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យបន្តអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ឱ្យបង្កើនការចូលរួមការ​ពារតំបន់គ្រប់គ្រងជលផល កន្លែងអភិរក្សជលផល ដីព្រៃលិចទឹក និងដីព្រៃកោងកាងពីការទន្ទ្រានកាន់កាប់ ដោយចាត់វិធានការច្បាប់ម៉ឺងម៉ាត់ ព្រមទាំងជំរុញការដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ ដើម្បីផ្តល់ជម្រកសម្រាប់វារីសត្វគ្រប់ភេទ និងថែរក្សាចីរភាពធនធានជលផល៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម