Connect with us

នយោបាយ

សមត្ថកិច្ច ចុះអនុវត្តដីកាបង្គាប់ឱ្យស្រាវជ្រាវស្ថានភាពបច្ចុប្បន្ននៃអចលនវត្ថុរបស់លោកសម រង្ស៊ី

បានផុស

នៅ

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចពាក់ព័ន្ធ បានចុះអនុវត្តដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចឲ្យស្រាវជ្រាវស្ថានភាពបច្ចុប្បន្ននៃអចលនវត្ថុ ជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី និងភរិយា លោកស្រី ជូឡុង ស៊ូមូរ៉ា ។ ការអនុវត្តដីកានេះ ធ្វើឡើងនៅផ្ទះលេខ៥៧៦ (អតីតទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ)លើផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុវត្តដីកាសម្រេចឲ្យស្រាវជ្រាវស្ថានភាពបច្ចុប្បន្នអចលនវត្ថុ លោកសម រង្ស៊ី និងភរិ​យា​នេះ​ដឹកនាំដោយអភិបាលរងខណ្ឌមានជ័យ លោក ទ្បុង ង៉ែត និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ ដូចជាលោក ហែម វុទ្ធី មេបញ្ជាកាខណ្ឌមានជ័យ លោក ប្រាំង សុផល នាយករដ្ឋបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា អធិការនគបាលខណ្ឌមានជ័យ លោក កែវ ជីវ័ន្ត ប្រធានការិយាល័យនីតិកម្មខណ្ឌមានជ័យលោក ជា វង្សចិន្តា ប្រធានការិយាល័យនគរដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ លោក ជា រតនា នាយប៉ុស្តិ៍នគបាលចាក់អង្រែលើ មន្រ្តីតុលាការ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

គួររំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចដាក់លក់ដោយបង្ខំនូវផ្ទះរបស់លោក សម រង្ស៊ី ដែលជាអតីតទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ ការសម្រេចដាក់លក់ផ្ទះលោក សម រង្ស៊ីនេះ បានធ្វើឡើង បន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានការបង្ខំរបស់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៤ បណ្ដឹង ដែលភាគីអ្នកចាញ់ក្តីលោក សម រង្ស៊ី មិនបានអនុវត្ត។

ដើមបណ្ដឹងរដ្ឋប្បវេណីទាំងនេះ រួមមាន គឺទី១ សម្តេចតេជោ ហ៊ុន សែន ជាម្ចាស់បំណុល (ចំនួន១លានដុល្លារ) ទី២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាម្ចាស់បំណុល (ប្រមាណ៥សែនដុល្លារ) ទី៣ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាម្ចាស់បំណុល (២ពាន់លានរៀល) និងទី៤ រដ្ឋាភិបាលកម្ពុជា ជាម្ចាស់បំណុល (១ពាន់៨រយលានរៀល)។  

តាមដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំចេញដោយ លោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ដូច្នេះថា៖ «យោងលើឯកសារចម្លងយថាភូត នៃលិខិតអនុវត្តដែលមានអានុភាព ដើម្បីអនុវត្តលើបំណុលខាងលើគប្បីតុលាការសម្រេច តាមពាក្យសុំរបស់ម្ចាស់បំណុលនៃការអនុវត្តតាមមាត្រា៣៥០.២.ក នៃក្រមនីតិវិធីរដ្ឋប្បវេណី»។

ហេតុដូច្នេះ បានសម្រេច ទី១. ចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ ទី២. រឹបអូសអចលនវត្ថុ មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងប្រពន្ធឈ្មោះ ជូឡុង សូមួរ៉ា ដើម្បីយកប្រាក់មកទូទាត់បំណុលឱ្យម្ចាស់បំណុលនៃការអនុវត្ត រហូតដល់គ្រប់ចំនួន។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ដែលត្រូវបានចាត់ទុកជាមេឧទ្ទាមក្រៅច្បាប់ ត្រូវបានរងប្តឹងពីបទចោទផ្សេងៗគ្នា និងទាមទារសំណងជំងឺចិត្តផ្សេងៗគ្នា។ ប៉ុន្តែលោក សម រង្ស៊ី និងភរិយា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ពុំបានបង់ប្រាក់សំណងនេះទេ ទើបតុលាការសម្រេចដាក់លក់ ដើម្បីយកលុយសងទៅដើមបណ្តឹង។

លោក គី តិច មេធាវីរាជរដ្ឋាភិបាល ធ្លាប់បានអះអាងថា ការរឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជន យកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសង សំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ  ជាការប្រតិបត្តិតាមនីតិវិធីច្បាប់។ បើតាមលោកមេធាវី នៅពេលដែលបុគ្គលណាម្នាក់ ប្រព្រឹត្តអំពើដែលជាបទល្មើសព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ចែងនូវទោសដាក់ពន្ធនាគារ និងទោស ពិន័យជាប្រាក់ ជាអាទិ៍ ដែលជាលទ្ធផលនៃបណ្ដឹងអាជ្ញា និងទណ្ឌកម្មសំណងផ្នែក រដ្ឋប្បវេណី ដែលជាលទ្ធផល នៃបណ្តឹងរដ្ឋប្បវេណី ដើម្បីជួសជុលការខូចខាតរបស់ជនរងគ្រោះ ដែលបណ្តាលមកពី អំពើល្មើសនោះ។

ប្រសិនបើពិរុទ្ធជន មិនអនុវត្តសងសំណងជួសជុលការខូចខាតដល់ដើមបណ្តឹងដោយស្ម័គ្រចិត្តទេ ដើមបណ្តឹងមានសិទ្ធិសុំឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជនយកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសង សំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ឬដែលមានអានុភាពអនុវត្តដោយបង្ខំ បើទោះបីជាពិរុទ្ធជនបានគេចខ្លួន មិនទាន់អាចឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តទោសព្រហ្មទណ្ឌលើបុគ្គលនោះក្ដី៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម