ព័ត៌មានជាតិ
អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើឱ្យជំរុញការលេងល្បែងប្រជាប្រិយខ្មែរឱ្យផុសផុល ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ
ភ្នំពេញ ៖ អ្នកជំនាញ និងអ្នកស្រាវជ្រាវ បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយរបស់ខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សា និង បង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ ការបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយបានថ្លែងថា «ការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍»។

លោកបណ្ឌិតបន្តថា «ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការថែរក្សា និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាព ថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ សាមគ្គីភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរយ៉ាងរឹងមាំ»។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា នៅពេលខាងមុខដែលរាជរដ្ឋាភិបាលឈាននឹងសម្រេចបានជោគជ័យក្នុងការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ក៏នឹងត្រូវដាក់បញ្ចូល និងភ្ជាប់ជាមួយនូវល្បែងប្រជាប្រិយខ្មែរ ដែលគេតែងតែប្រារព្ធលេងកម្សាន្តជាមួយគ្នាជាដរាបមកដែរ។

តើត្រូវធ្វើយ៉ាងណា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយខ្មែរកាន់តែផុសផុល?
សម្រាប់សំណួរនេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គឺទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រព័ន្ធឃោសនាការដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងអង្គភាពស្ថាប័នពាក់ព័ន្ធនានា។
បន្ថែមពីនេះ ទីវត្តអារាម និងអាជ្ញាធរដែនដី ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវចូលរួមចំណែកដោយខានមិនបានក្នុងការជំរុញការលេងល្បែងប្រជាប្រិយនេះ។
អ្នកជំនាញរូបនេះ បានជំរុញឱ្យមានការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គេមិនគួរកំណត់ពេលវេលាតែនៅក្នុងអំឡុងមុននិងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌនោះទេ ប៉ុន្តែគួរតែរៀបចំបង្កលក្ខណៈងាយស្រួល និងបង្កើនចំណាប់អារម្មណ៍ឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងគ្រប់កាលៈទេសៈតាមដែលអាចធ្វើទៅបាន។

សម្រាប់លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា «ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុលគឺ ត្រូវផ្ដើមចេញពីខ្លួនយើងដែលជាប្រជាជនខ្មែរម្នាក់ៗ ពិសេសចាស់ៗ ដែលត្រូវរៀបចំខ្លួនធ្វើជាគំរូ និងជាអ្នកណែនាំដល់យុវជន និងក្មេងៗជំនាន់ក្រោយ»។
លោកស្រីបណ្ឌិតបន្តថា ចាស់ៗជំនាន់ និងស្ថាប័នពាក់ព័ន្ធ គួរតែមានការឱ្យស្មារតីភ្ញាក់រឭក និងចេះស្រឡាញ់ល្បែងប្រជាប្រិយ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ហើយចាប់ផ្ដើមជំរុញបង្កើតទៅជាចរន្តនិយមល្បែងប្រជាប្រិយខ្មែរនៅទូទាំងប្រទេស។
ជាមួយគ្នានេះ អ្នកជំនាញបានជំរុញឱ្យស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាព្រះសង្ឃ ត្រូវតែចូលរួមចំណែកឱ្យបានពេញលេញនៅក្នុងការជំរុញ និងបង្កបរិយាកាសសមស្រប ដើម្បីឱ្យបុគ្គលិក មន្ត្រីរាជការ ក៏ដូចជាពុទ្ធបរិស័ទចូលរួមឱ្យបានកុះករនៅក្នុងការលេងល្បែងប្រជាប្រិយនៅគ្រប់ទីកន្លែង និងនៅក្នុងឱកាសនានាផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


