នយោបាយ
តំណាងគណបក្សនយោបាយចំនួន ៤ លើកឡើងថា «ជាជំហានវិជ្ជមាន» ក្រោយបានជួបតំណាង គ.ជ.ប
តំណាងគណបក្សនយោបាយចំនួន ៤ ដែលជួបជាមួយតំណាង គ.ជ.ប កាលពីពេលថ្មីៗនេះ បានលើកឡើងថា ជំនួបនេះ គឺជាជំហានវិជ្ជមានមួយសម្រាប់ក្រុមគណបក្សរបស់ខ្លួន ពាក់ព័ន្ធនឹងការតស៊ូមតិសម្រាប់កែលម្អប្រព័ន្ធបោះឆ្នោត។ តំណាងគណបក្សនយោបាយចំនួន ៤ ដែលបានជួបជាមួយតំណាង គ.ជ.ប រួមមាន៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា នាព្រឹកថ្ងៃទី ២ ខែកញ្ញានេះថា ជំនួបរវាងតំណាង គ.ជ.ប ជាមួយតំណាងគណបក្សនយោបាយទាំង ៤ខាងលើនេះ គឺជាជំនួបមួយដែលជាជំហានវិជ្ជមាន ពាក់ព័ន្ធនឹងការតស៊ូមតិសម្រាប់កែលម្អប្រព័ន្ធបោះឆ្នោត។

លោកថា កន្លងមក មានជំនួបដែររវាងមន្ត្រី គ.ជ.ប ជាមួយតំណាងគណបក្សនយោបាយ តែជាជំនួបជជែកតតាំងគ្នាអំពីបញ្ហាអ្វីមួយ ដែលខុសពីជំនួបលើកនេះ។ ជំនួបលើកនេះ គឺជជែកគ្នាអំពីអ្វីដែល ចង់បានឲ្យការបោះឆ្នោតមួយនាពេលខាងមុខ មានភាពល្អប្រសើរសម្រាប់គណបក្សនយោបាយទាំងអស់ ដែលចូលរួមការបោះឆ្នោត។

ប្រធានគណបក្សឆន្ទៈខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «ជារួម យើងឃើញថា វាមានចំណុចល្អប្រសើរច្រើនក្នុងជំនួបហ្នឹង ហើយយើងវាយតម្លៃថា ការជួបនេះ គឺការបោះជំហានមួយទៅមុខ សម្រាប់គណបក្សនយោបាយ ដែលមាននិន្នាការប្រជាធិបតេយ្យ ឬក៏អាចថា មាននិន្នាការប្រឆាំង គឺយើងរីករាយដែលបានជួបជាមួយនឹង គ.ជ.ប ហើយយើងរំពឹងថា គ.ជ.ប នឹងផ្ដល់ឱកាសបែបនេះតទៅទៀត ជាមួយគណបក្សនយោបាយយើងខ្ញុំ»។

គួររំលឹកថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំក្រុមការងារ ដែលមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបជាមួយតំណាងគណបក្សនយោបាយចំនួន ៤ រួមមាន៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា ក្នុងជំនួបនោះ ភាគីគណបក្សនយោបាយ បានលើកឡើងចំនួន ១៧ ចំណុច ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត ហើយតំណាងគណបក្សនយោបាយបានពន្យល់នូវចំណុចនីមួយៗ ដល់ភាគី គ.ជ.ប អំពីបញ្ហាដែលគណបក្សនយោបាយជួបការលំបាក និងបញ្ហាខ្លះទៀតសំណូមពរឲ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។
ក្រោយពីបានស្តាប់ ការលើកឡើងរបស់ភាគីគណបក្សនយោបាយរួចមក ភាគី គ.ជ.ប បានជម្រាបជូនដល់ភាគីគណបក្សនយោបាយវិញថា ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទេ គឺទាក់ទងនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់ និងស្ថាប័នក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអាជ្ញាធរដែនដី។ ស្ថាប័ន គ.ជ.ប ទាក់ទងនឹងការងារបច្ចេកទេសនៅក្នុងការអនុវត្តច្បាប់តែប៉ុណ្ណោះ។ ជារួម ចំពោះសំណើរបស់គណបក្សនយោបាយទាំង ៤ បានស្នើឡើងនោះ ភាគី គ.ជ.ប ទទួលយក និងរៀបចំជារបាយការណ៍ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចថា តើគួរយក ឬមិនគួរយកទៅលើចំណុចណាមួយ ដើម្បីកែលម្អស្របទៅតាមច្បាប់។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ទៀតថា កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលជាងពីរម៉ោង ភាគីទាំងពីរបានទទួលស្គាល់ ថា មានលក្ខណៈល្អ យោគយល់គ្នា ដោយបានជជែកគ្នាត្រង់ទៅ ត្រង់មក ហើយការជួបគ្នាបែបនេះ គឺជាយន្តការល្អ ពីព្រោះអាចយកបញ្ហាមកដាក់លើតុ ដើម្បីជជែកគ្នារកវិធានការ និងរកវិធីដោះស្រាយនូវបញ្ហាប្រឈម ដែលអាចកើតមានឡើង ជាពិសេសធ្វើយ៉ាងណា ដើម្បីឲ្យដំណើរការរៀបចំការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានលក្ខណៈកាន់តែល្អប្រសើរឡើង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


