លោក គង់ គាំ អតីតមនុស្សជំនិតរបស់លោក សម រង្ស៊ី និងជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានអះអាងថា រយៈពេលជាង៣ ឆ្នាំនេះ ក្រុម សម រង្ស៊ី និយមមានភាពវិលវល់ជ្រួលច្របល់គ្មានទិសតំបន់ ដូច្នេះលោកសង្ឃឹមថា ពួកគេ នឹងមានសតិប្រក្រតី ដើម្បីបម្រើកម្ពុជា និងប្រជាពលរដ្ឋឡើងវិញ សម្រាប់ឆ្នាំថ្មីនេះ។
លោក គង់ គាំ បញ្ជាក់យ៉ាងដូច្នេះថា “ទំព័រឆ្នាំ២០២០ ត្រូវបានបិទជាមួយភាពដ៏វិលវល់ និងឈឺចាប់ នៃអតីត CNRP ។ ជាងបីឆ្នាំ (២០១៧-២០២០) ភាពភាពវឹកវរជ្រួលច្របល់ គ្មានទិសតំបន់របស់អ្នកដឹកនាំ និងក្រុមអ្នកនយោបាយ សម រង្ស៊ី ជ្រុល និយមបានធ្វើឲ្យប្រជាពលរដ្ឋ និងយុវជនខ្មែរបញ្ចប់សេចក្តីសង្ឃឹម និងជំនឿថា ក្រុមខាងលើមានសតិប្រក្រតី ដើម្បីបម្រើកម្ពុជាបម្រើប្រជាពលរដ្ឋ និងយុវជនខ្មែរតទៅ”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក គង់ គាំ បានជូនពរប្រជាពលរដ្ឋ និងយុវជនទូទាំងប្រទេស ដែលជាម្ចាស់ជោគវាសនា អនាគតកម្ពុជា នៅឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១នេះ មានសុខភាពល្អ និងជ័យជំនះ។
លោក គង់ គាំ ធ្លាប់បានអះអាងថា ក្នុង ចំណោមអ្នក CNRP និយម ជា ពិសេសអ្នកនៅក្រៅប្រទេស គឺវាគ្មានផលប្រយោជន៍អ្វីទេ។ ស្តាយដែលមេដឹកនាំទាំងឡាយរត់ចោលសមរភូមិ។ លោកថា មានមតិ២ លើបញ្ហានេះ ដែលមតិវិជ្ជមាន និយាយថា ក្រោយអវត្តមាន CNRP ៣ឆ្នាំ កម្ពុជាមានបញ្ហាច្រើន ហើយលើកនេះ ត្រូវប្តូរផ្តាច់ចូលជួយកម្ពុជា។ ចំណែកមតិអវិជ្ជមានលើកឡើងថា តើចូលទៅជួយកម្ពុជារបៀបណា បើនៅក្រៅប្រទេស របស់ដែលហៅថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ មិនអាចធ្វើបានឡើយ ហើយកាន់តែធ្វើឲ្យក្រុមអតីត CNRP ឈ្លោះប្រកែក បែកបាក់ បោកប្រាស់ជាតិ អន្តរជាតិយ៉ាងងងឹតងងល់ តើអោយអតីតអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសអាចសង្ឃឹមជឿជាក់ចំពោះពួកខ្លួនយ៉ាងដូចម្តេចទៅកើត។ បើតាមលោក គង់ គាំ ថ្មីៗស្ថានទូតសហរដ្ឋ អាមេរិកនៅភ្នំពេញបានជួបជាមួយគណបក្សនយោបាយមយចំនួន ជារូបភាព មានន័យថា លោកឯកអគ្គរដ្ឋទូតបានយកចិត្តទុកដាក់ចំពោះថ្នាក់ដឹកនាំនយោបាយខាងក្នុងកម្ពុជា ជាងក្រុមហិង្សាពីក្រៅ៕
អត្ថបទ៖ កោះកែវ