Connect with us

អាជីព

៥ យ៉ាងមេដឹកនាំដាច់ខាតគួរធ្វើ ដើម្បីឲ្យបុគ្គលិកមានកម្លាំងចិត្តធ្វើការ និងដើរតាមឥតងាករេ

បានផុស

នៅ

រាល់ម្ចាស់អាជីវកម្មតូចធំ ឬក្នុងក្រុមហ៊ុនមួយ ការរក្សាទុកបុគ្គលិកឲ្យដើរស្របជាមួយគ្នា គឺជាបញ្ហាមួយដែលពិបាក ឬ សឹងថាធ្វើមិនបាន ១០០ ភាគរយផង។

យ៉ាងណាក៏ដោយ ​ក្នុង​នាម​ជា​មេកោយ ​ត្រូវ​តែ​មាន​គន្លឹះ​ល្អៗ​ យុទ្ធសាស្រ្តសម្រាប់​ដឹកនាំ​បុគ្គលិក​ និង​ដឹង​ថា​ កូនចៅ​ក្រាម​បង្គាប់​ម្នាក់​ណា ​ធ្វើការ​របៀប​ម៉េច។ មិនមែន​អង្គុយ​ចាប់​តែ​កំហុស​ ហើយ​មើល​បំណាំ​ការងារ​ ម៉ោង​ចេញ​ចូល​របស់​ពួកគេ​នោះ​ទេ។

នេះ​គឺ​ជា​រឿង​មួយ​ចំនួន​ ចៅហ្វាយ​គួរ​តែ​ធ្វើ​ដាច់ខាត​ ដើម្បី​​ធានា​ថា ​បុគ្គលិក​នឹង​នៅ​ក្បែរ​រហូត​ មិន​ទៅ​ណា​ចោល៖

១. ធ្វើ​ជា​គំរូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់ ​ក្នុង​អង្គភាព​ការងារ​មួយ ​​ចាំ​បាច់​ណាស់​ ដែល​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ​ទៅ​កាន់​កូនចៅ។ ជា​អ្នកដឹកនាំ​ មិនមែន​អង្គុយ​ចាំ​ក្ដី​រំពឹង​ពី​បុគ្គលិក​ ហើយ​គិត​ថា​ ពួកគេ​នឹង​ធ្វើ​តាម​ឬ​យ៉ាង​ណា​នោះ​ទេ។ ត្រូវ​ចងចាំ​ថា ​គន្លឹះ​នៃ​ភាព​ជា​អ្នកដឹកនាំ​ល្អ​ គឺ​ឥទ្ធិពល ​មិនមែន​​ប្រើ​អំណាច​តាម​តែ​ចិត្ត​ចង់​ឡើយ។ បើ​យើង​ធ្វើ​ជា​គំរូ​ ហ៊ាន​ដើរ​កាត់​មុន​បុគ្គលិក​ តើ​មាន​អ្នកណា​ម្នាក់​ មិន​ដើរ​តាម​យើង​ទៅ?

២ ផ្ដល់​​សិទ្ធិ​ឲ្យ​ពួកគេ​ចូលរួម​គ្រប់​សកម្មភាព

ទម្រាំ​តែ​ក្រុមហ៊ុន​មួយ​ទទួល​បាន​ជោគជ័យ ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ​រឿង​ទាំង​នោះ​ គឺ​ទាមទារ​ពី​និយោជិក​របស់​យើង​ម្នាក់ៗ​ ​បាន​ពួតដៃ​គ្នា​ជួយ​បញ្ចេញ​សមត្ថភាព​យក​ភាព​ជោគជ័យ​នេះ​រួមគ្នា។​ នេះ​ហើយ​ ដែល​មេដឹកនាំ​ម្នាក់ៗ​គួរ​តែ​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​បុគ្គលិក​គ្រប់គ្នា​ បាន​ដឹង​ថា ​ពួកគេ​ម្នាក់ៗ ​ក៏​មាន​ចំណែក​សំខាន់​ក្នុង​ភាព​ជោគជ័យ​នេះ​ដែរ។ នៅ​ពេល​មេកោយ​ណា​ម្នាក់​ធ្វើ​ដូច្នោះ​ នោះ​នឹង​បង្កើត​អារម្មណ៍​ល្អៗ ​ដល់​​បុគ្គលិក​​ឲ្យ​មាន​ទំនួលខុសត្រូវ​លើស​មុន។

៣ ស្វាគមន៍​គំនិត​ថ្មីៗ​ជានិច្ច​ពី​ពួកគេ

​មេដឹកនាំ​ដែល​មិន​យក​គំនិត​របស់​បុគ្គលិក​មក​ពិចារណា​ មក​គិត​ផង​ តើ​បន្ត​ធ្វើ​ជា​មេ​គេ​ធ្វើអ្វី? នេះ​ដូចជា​ការ​ប្រមាថ​មួយ​ទៅ​ដល់​និយោជិក​ ដែល​ខំ​មាន​គំនិត​ល្អៗ​ មក​បញ្ចេញ​តែ​បែរ​ជា​ត្រូវ​មេ​បដិសេធ​ទៅ​វិញ។

ក្នុងនាម​ជា​ចៅហ្វាយ ​ត្រូវ​គិត​ថា ​បើ​បុគ្គលិក​ក្រាម​បង្គាប់​​ឲ្យ​គំនិត​ទាក់ទង​នឹង​ដំណើរការ​អាជីវកម្ម​ ដែល​​មិនមែន​ជា​ការ​ប្រមាថ ​បាន​ន័យថា ​ពួកគេ​កំពុងតែ​យកចិត្តទុកដាក់​លើ​ក្រុមហ៊ុន​ទាំងមូល​ ដើម្បី​បាន​ភាព​រីកចម្រើន​ទៅ​មុខ។

ការ​គាំទ្រ​គំនិត​ថ្មីៗ​ នឹង​ផ្ដល់​ឲ្យ​បុគ្គល​នូវ​ឱកាស ​ដើម្បីធ្វើដំណើរវែងឆ្ងាយ​ជាមួយ​គ្នាបន្តទៀត ហើយ​ក៏​ជួយ​ជំរុញ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ទាំង​មេ​ទាំងកូនចៅ ​ទោះ​បី​វា​ដំណើរការ​ឬ​អត់​ក៏​ដោយ។

៤ ទំនាក់ទំនង​ផ្ទៃក្នុង

បើ​សិន​ជា​ទំនាក់ទំនង​ផ្ទៃក្នុង​នោះ ​មិន​ជាប់​ទាក់ទង​ជាមួយ​នឹង​រឿង​ស៊ីជម្រៅ​ទេ ​មិន​ចាំបាច់​ត្រូវ​លាក់លៀម​ជាមួយ​បុគ្គលិក​ឡើយ ។ ទំនាក់ទំនង​ផ្ទៃក្នុង ​ក៏​ជា​រឿង​សំខាន់​មួយ​ ដែល​បង្ហាញ​ពី​ការ​ទុកចិត្ត​គ្នា​ ដែល​នាំ​ឲ្យ​មាន​ ចក្ខុវិស័យ​រស់រវើក ក្នុង​ក្រុមហ៊ុន។

៥ បង្កើត​ផ្លូវ ​ឬ​អាជីព​នា​ពេល​អនាគត

ជា​មេដឹកនាំ ​ត្រូវ​មាន​គំនិត​ឬ​ផែនទី​បង្ហាញ​ផ្លូវ​ អំពី​អ្វី​ដែល​នៅ​ខាង​មុខ ​ដែល​អាច​ជំរុញចិត្ត​ដល់​ពួកគេ។ ការ​ផ្ដល់​ឲ្យ​បុគ្គលិក​នូវ​ផ្លូវ​អាជីព​ ឬ​គោលដៅ​នា​អនាគត​ នឹង​នាំ​ឲ្យ​មាន​ការ​លើកកម្ពស់ ​ ​ឆ្ពោះ​ទៅ​រក​គោលដៅ​មួយ​ល្អ​ជាមួយ​គ្នាទៅមុខឥតឈប់។

យ៉ាងណាមិញ នេះ​គ្រាន់តែគន្លឹះ​ដាស់សា្មរតី​មេកោយ​ ដែល​ភ្លេច​ខ្លួន​មួយ​ភ្លែត​ ហើយ​សម្លឹង​តែ​មួយ​ជ្រុង ​រហូត​ភ្លេច​បុគ្គលិក​ល្អៗ​ ដែល​តែងមានទឹកចិត្ត​ចង់​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដើរ​ទៅ​មុខ។ ​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នកដឹកនាំល្អ​​ អ្នក​ត្រូវ​ដើរ​ទៅ​មុន​កូន​ចៅ​ក្រោម​បង្គាប់ ​ហើយ​ក្លាហាន​ ហ៊ាន​និយាយ​ ហ៊ាន​រិះគន់​ ដើម្បី​ស្ថាបនា​ កុំ​បារម្ភ​ឬ​គិត​ថា​ខ្លួន​អន់​ កាល​បើ​គំនិត​តិច​ជាង​បុគ្គលិក ​ត្រូវ​ចេះ​បើក​ចិត្ត​ឲ្យ​ទូលាយ ​ហើយ​ទទួល​យក​អ្វី​ជួយ​ចម្រុងចម្រើន​ដល់​ក្រុមហ៊ុន​ទាំងមូល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លក្ខណៈ​ពិសេស ៤ យ៉ាង​សម្រាប់​អ្នក​គ្រង​តំណែង​ថ្មី​ដែល​ត្រូវ​មាន​ជា​ចាំបាច់

ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម