អ្នកលេងគុនខ្មែរ សុខ ធី ប្រាប់ពីបំណងប្រាថ្នាឆ្នាំថ្មី២០២១ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

អ្នកលេងគុនខ្មែរ សុខ ធី ប្រាប់ពីបំណងប្រាថ្នាឆ្នាំថ្មី២០២១

Published

on

អ្នកលេងគុនខ្មែរ សុខ ធី មានបំណងប្រាថ្នាឲ្យឆ្នាំ២០២១ខាងមុខទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២០ សម្រាប់អាជីពប្រដាល់របស់ខ្លួននៅលើឆាកអន្តរជាតិ។
សុខ ធី បានឡើងប្រកួត៤ដងប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០ដោយទទួលបានជ័យជម្នះ៣ដង និងចាញ់១ដង។ រូបគេបានប្រកួតពីរដងនៅសង្វៀនអន្តរជាតិ ONE Championship ក្នុងនោះផ្តួលកីឡាករចិន Huang Ding ឲ្យសន្លប់ទឹកទី១នៅប្រទេសថៃនៅថ្ងៃទី២៨ ខែសីហា។ សុខ ធី បានក្លាយជាកីឡាករកម្ពុជាទី១ដែលបានឈ្នះក្នុងការប្រកួត ONE Super Series។

យ៉ាងណានៅសង្វៀនអន្តរជាតិនេះ សុខ ធី បានចាញ់កីឡាករថៃ Mongkolpetch ដោយពិន្ទុ បន្ទាប់ពីការប្រកួត៣ទឹកយ៉ាងស្វិតស្វាញនៅព្រឹត្តិការណ៍ ONE: NO SURRENDER III ថ្ងៃទី ២១ ខែសីហា នៅទីក្រុងបាងកកប្រទេសថៃ។ ចំពោះ២ប្រកួតផ្សេងទៀត រូបគេបានប្រកួតឈ្នះនៅសង្វៀនប្រទេសថៃ។
ការផ្ទុះជំងឺខូវិត-១៩ ធ្វើឲ្យ សុខ ធី មិនបានចេញទៅប្រទេសនៅប្រទេសផ្សេង។ ជាពិសេសរូបគេត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងវៀតណាមម្នាក់ ប៉ុន្តែត្រូវបានផ្អាកវិញដោយសារជំងឺដ៏កាចសាហាវនេះ។
មុនឆ្នាំថ្មីចូលមកដល់ សុខ ធី បានប្រាប់ថា ៖«ខ្ញុំចង់ឲ្យឆ្នាំថ្មី ២០២១ បានចេញប្រកួតច្រើនទៀត។ ខ្ញុំចង់សាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិឲ្យល្បីល្បាញ និងល្អប្រសើរជាងឆ្នាំ២០២០»។
នៅពេលសួរថា តើឆ្នាំថ្មីខាងមុខនេះគឺជាឱកាសដែលអាចប្រកួតខ្សែក្រវាត់កម្រិតពិភពលោក? កីឡាករគុនខ្មែរមកពីខេត្តបន្ទាយមានជ័យប្រាប់ថា សមត្ថភាពរបស់ខ្លួនមានកម្រិតទាបនៅឡើយ បើប្រៀបធៀបជាមួយនឹងកីឡាករដែលជាជើងឯកពិភពលោកនៅស្ថាប័ន ONE។
«រឿងចង់ចេះតែចង់ហើយ តែសមត្ថភាពមិនអាចប្រៀបជាមួយគេបានទេ»។ សុខ ធី បាននិយាយ និងបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ហ៊ានប្រាថ្នាប្រកួតខ្សែក្រវាត់ពិភពលោកទេឆ្នាំថ្មី ព្រោះសមត្ថភាពខ្ញុំទាប។ ខ្ញុំចង់បានឱកាសប្រកួតឲ្យច្រើនគឺល្អហើយសម្រាប់ឆ្នាំថ្មី»។
ក្រៅពីបំណងប្រាថ្នាប្រកួតឲ្យបានញឹកញាប់នៅឆ្នាំថ្មី សុខ ធី បានប្តេជ្ញាអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សុខ ធី ប្រាប់ថា ៖«ខ្ញុំគ្មានចង់បានអ្វីក្រៅតែពីការខំប្រឹងបន្តទៀត ឲ្យសមត្ថភាពល្អ»។
សព្វថ្ងៃនេះ រូបគេបានកំពុងស្នាក់នៅហ្វឹកហាត់ជាប្រចាំនៅប្រទេសថៃដែលត្រូវបានអ្នកគាំទ្រមើលឃើញថា សុខ ធី មានសមត្ថភាពល្អប្រសើរជាលំដាប់។
តាមពិតទៅអ្នកលេងគុនខ្មែររូបនេះបានហ្វឹកហាត់នៅប្រទេសថៃកាលពីប៉ុន្មានឆ្នាំមុនដែលជាកន្លែងរូបគេបានសាងកេរ្តិ៍ឈ្មោះល្បីក្បាញតាមរយៈការប្រកួតនៅសង្វៀនល្បីៗរបស់ប្រទេសថៃ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services