កីឡា
ក្រុមហ៊ុន Tik Tok នឹងចូលរួមផ្សព្វផ្សាយការប្រកួតស៊ីហ្គេម-ប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយក្រុមហ៊ុន Tik Tok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី១៣ ខែមីនានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីក្លាយជាដៃគូចលនូបត្ថម្ភក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។
ពិធីនេះ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមវត្តមាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងតំណាងក្រុមហ៊ុន Tik Tok ប្រចាំតំបន់អាស៊ីអាគ្នេយ៍រួមទាំងអ្នកពាក់ព័ន្ធ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ដើម្បីក្លាយជាដៃគូចលនូបត្ថម្ភនេះគឺជាការរួមចំណែកលើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនៅលើបណ្ដាញសង្គម Tik Tok អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈ TikTok។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា «ចុះហត្ថលេខាជាមួយ TikTok គឺជាបណ្ដាញសង្គមមួយ ដែលមានឥទ្ធិពលក្នុងសង្គម ទាំងក្នុងស្រទាប់យុវជន និងប្រជាជនទូទៅ ទាំងក្មេងចាស់ ប្រុសស្រី ជាអ្នកមានឥទ្ធិពលក្នុងសង្គមរបស់យើង ប្រើប្រាស់ TikTok ធ្វើជាមធ្យោបាយក្នុងការផ្សព្វផ្សាយផ្សេងៗ។ អ៊ីចឹងយើងឃើញសារៈសំខាន់នេះហើយ បានជា CAMSOC បានទំនាក់ទំនង និងស្វែងរកតម្លៃបន្ថែម នៃការប្រម៉ូដ ឬការផ្សព្វផ្សាយស៊ីហ្គេមរបស់យើងទៅកាន់ពិភពលោក ក៏ដូចជាក្នុងប្រទេសរបស់យើងដែរ»។
«យើងសហការនេះ គឺយើងសហការក្នុងកម្រិតនៃការផ្សព្វផ្សាយរួមគ្នា ដោយបណ្ដាញសង្គម TikTok នេះ គាត់បានជួយយើងក្នុងការធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏គាត់ធ្វើការផ្សព្វផ្សាយអំពីកម្ពុជា បានន័យថា ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈ TikTok»។ ប្រសាសន៍បន្ថែមរបស់លោក។

Tik Tok ក៏នឹងជួយទៅលើការផលិតមាតិកាសំខាន់ៗ និងគាំទ្រដល់ការផ្សាយព្រឹត្តិការណ៍ប្រកួត ក៏ដូចជាទិដ្ឋភាពពីក្រោយឆាក ការសម្ភាសន៍អត្តពលិក និង highlight ការប្រកួតជាដើម។
លោក Nicholas Pham តំណាងក្រុមហ៊ុន Tik Tok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា «ខ្ញុំពិតជារីករាយដែលបានមកទីនេះ ក្នុងនាមតំណាងឱ្យ Tik Tok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចុះហត្ថលេខាក្លាយជាដៃគូចលនូបត្ថម្ភ Premium Sponsor និងរីករាយដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលអបអរស្មារតីកីឡា ការរួបរួម និងមិត្តភាព»។
លោកក៏បានសង្កត់ធ្ងន់ថា នាមជាអ្នកឧបត្ថម្ភលើការផលិតមាតិកា Tik Tok ប្តេជ្ញាគាំទ្រអត្តពលិក គ្រប់បណ្ដាប្រទេស និងអ្នកគាំទ្រ ដែលនឹងរួមចំណែកធ្វើស៊ីហ្គេមឱ្យក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យ។ «យើងរីករាយនឹងដោយនឹងប្រើប្រាស់បណ្ដាញសង្គមរបស់យើងដើម្បីផ្សព្វផ្សាយពីការប្រកួត នាំអ្នកគាំទ្រឱ្យកាន់តែកៀកទៅនឹងសកម្មភាព និងចែករំលែករឿងរ៉ាវដ៏អស្ចារ្យរបស់អត្តពលិកជាមួយពិភពលោក»។ សម្ដីរបស់ លោក Nicholas Pham។
តំណាង Tik Tok ប្រចាំតំបន់អាស៊ីអាគ្នេយ៍រូបនេះក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ការក្លាយជាដៃគូចលនូបត្ថម្ភនេះ មិនមែនត្រឹមតែការផលិតមាតិកាតែមួយមុខនោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយពីតម្លៃរបស់ស៊ីហ្គេម ដែលរួមមាន ការរួបរួម, ការគោរពគ្នាទៅវិញទៅមក និងគោលការណ៍យុត្តិធម៌៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


